ភ្នំពេញ ៖ យុវជនម្នាក់ បាននាំសង្សារចេញទៅហូបអី លុះដល់ពាក់កណ្តាលអធ្រាត្រ ក៏ដឹកត្រឡប់ទៅផ្ទវិះញ ពេលទៅដល់មុខផ្ទះ ខាងប្រុសចុះទៅចាក់សោផ្ទះ ទុកឱ្យខាងស្រីអង្គុយលើម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ស្ទុះមកធាក់ប្លន់យកម៉ូតូ ជិះគេចខ្លួនទៅបាត់ តែភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋផ្អើលឆោឡោចេញមកចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរផ្សារ ៧មករា តាមបណ្តោយផ្លូវ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះសុខ សូហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះ មានឈ្មោះសៅ នូរតនៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូ ម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JD-2193 ដែលត្រូវជនសង្ស័យនិងបក្សពួកប្លន់យកទៅបានសម្រេច។

តាមប្រភពព័ត៌មានពីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង ដឹកនារីជាសង្សារ ត្រឡប់មកពីញ៉ាំអីនៅឯពោធិ៍ចិនតុង ហើយជូននារីជាសង្សារ ត្រឡប់មកផ្ទះជួលរបស់នាងវិញ ដែលស្ថិតនៅត្រង់ចំណុចកើតហេតុ។ លុះមកដល់ចំណុចកើតហេតុ ខ្លួនក៏បានចុះពីលើម៉ូតូ តែម្នាក់ឯង ចំណែកនារីជាសង្សារ នៅអង្គុយលើម៉ូតូនៅឡើយ ហើយជនរងគ្រោះក៏បានទៅចាក់សោទ្វារផ្ទះជួលរបស់នារីជាសង្សារ ដោយមិនបានដកសោចេញពីម៉ូតូនោះទេ។

ប្រភពដដែល បន្តថា ខណៈពេលដែលកំពុងតែឈរចាក់សោទ្វារផ្ទះជួលនោះ ស្រាប់តែលេចមុខជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានដើរមកធ្វើសកម្មភាពធាក់នារីជាសង្សារ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ ហើយជនសង្ស័យក៏នាំគ្នា

ឡើងជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ តែម្តង។ ពេលនោះជនរងគ្រោះ បានស្ទុះរត់ទៅប្រវាយប្រតប់ ធ្វើឱ្យជនសង្ស័យខាងលើ ធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗ។ ចំណែកបក្ខពួកម្នាក់ទៀត បានបន្ថែមល្បឿនជិះម៉ូតូរបស់ជនរងគ្រោះ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។ ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕