ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ក្បាល ក្លាយជាមនុស្សសតិមិនសូវល្អ ក៏ត្រូវប្រពន្ធសុំចែកផ្លូវបាត់ ទើបរស់នៅតែលតោលគ្មានទីពឹង ដើរទៅស្នាក់នៅផ្ទះបងប្រុស លុះចុងក្រោយ ស្រាប់តែគិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងដីឡូត៍មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចដីឡូត៍ ស្ថិតក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។
បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះជឹម វណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មានប្រពន្ធដែរ តែបានចែកផ្លូវគ្នាយូរឆ្នាំមកហើយ។
តាមការបំភ្លឺពីឈ្មោះជឹម រដ្ឋធី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សមានសតិមិនសូវគ្រប់ ដោយសារទទួលរងគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ផ្នែកក្បាល។ ជនរងគ្រោះ ជាមនុស្សគ្មានទីពឹងនោះទេ ដោយឪពុកម្តាយស្លាប់ចោលតាំងពីតូច សព្វថ្ងៃដើរសុំផ្ទះបងប្អូនរស់នៅមួយរយៈពេលៗ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបានចេញមកពីផ្ទះបងប្រុសឈ្មោះជឹម រដ្ឋធា អាយុ៣៩ឆ្នាំ មានលំនៅខាងឃុំបន្ទាយដែក ស្រុកកៀនស្វាយ រួចក៏មកសុំផ្ទះខ្លួនជាបងប្រុស ស្នាក់នៅមួយរយៈពេលខ្លី។ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៦ព្រលប់ ជនរងគ្រោះបានសុំចេញពីផ្ទះរបស់គាត់វិញ ដោយប្រាប់ថា ទៅរកការងារធ្វើសំណង់នៅវត្ត រួចក៏បានយកសាក់ដូរខោអាវ ដើរចេញពីផ្ទះបងប្រុសបាត់ទៅ មិនដឹងទៅខាងណា។ ស្រាប់តែមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ គាត់បានដើរសួរពីដំណឹងរបស់ប្អូន ក៏បានដឹងព័ត៌មានថា ឃើញជនរងគ្រោះជាប្អូនដើរនៅម្តុំក្នុងដីឡូត៍ទំនេរ (កាសូទីន) ក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទើបបានដើររកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនៅក្នុងដីឡូត៍ទំនេរ កាសូទីន លើដើមអម្ពិលបារាំងស្លាប់បាត់ទៅហើយ រួចក៏បានផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងផ្នែកជំនាញកោសលវិច័យ និងបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុ ពិនិត្យស្លាកស្នាម ឃើញថា ជនរងគ្រោះបានស្លាប់ដោយសារចងកសម្លាប់ខ្លួន ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕