ខេត្តបាត់ដំបង ៖ ក្រោយពីផឹកស្រាស្រវឹងជោក ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា ដោយភាគីម្ខាងខឹងនឹងមិត្តភក្តិរួមវង់សួរនាំច្រើនពេក ក៏ស្រាប់តែផ្ទុះកំហឹង ស្ទុះទាញដំបងឈើជ្រុង សំពងបុរសរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណវត្តភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជន ព្រឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។ ចំណែកជនរងគ្រោះ មានឈ្មោះញ៉ោម សុភាព ហៅជាងអៀប ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅភូមិ-ឃុំជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណវត្តភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក មានករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) លើអ្នកដទៃមួយ បានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះជន ព្រឹម បានយកដំបងឈើវាយទៅលើជនរងគ្រោះឈ្មោះញ៉ោម សុភាព ហៅជាងអៀប បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីកើតមានរឿងទំនាស់ជាមួយគ្នា ដោយសារជនសង្ស័យស្រវឹងស្រា ខឹងជនរងគ្រោះសួរនាំច្រើនពេក ទើបបង្ក ជាអំពើហិង្សាកើតឡើង។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ឃាត់ខ្លួនជនសង្ស័យខាងលើ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី។
ចំណែកជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន៕