ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ គឺជាខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោកឈុត វុទ្ធី សកម្មជនព្រៃឈើ ។ ប៉ុន្តែនៅឆ្នាំនេះ កូនប្រុសរបស់លោក បានសម្រេចលើកពេលទៅធ្វើបុណ្យនៅថ្ងៃទី០១ ខែឧសភា ចំទិវាពលកម្មអន្តរជាតិ នៅវត្តពន្លឺពុទ្ធចក្រ (វត្តថ្មី) ក្នុងទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក វេលាម៉ោង ៩ព្រឹក ។
ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី២៦ ខែមេសា ក្រុមគ្រួសារ និងអ្នកគោរពស្រឡាញ់លោកឈុត វុទ្ធី រួមមានព្រះសង្ឃ សកម្មជនព្រៃឈើ អ្នកការពារបរិស្ថាន យុវជនស្រឡាញ់ធម្មជាតិ ជាដើម តែងចូលរួមធ្វើពិធីបុណ្យរំលឹកខួបលោក មិនដែលខាន ។ ប៉ុន្តែឆ្នាំនេះ លោកលោកឆឺយ ឧត្តមរស្មី ប្រធានអង្គការការពារធនធម្មជាតិ និងជាកូនប្រុសលោកឈុត វុទ្ធី ដែលកំពុងស្នាក់នៅឯសហរដ្ឋអាមេរិក បានសម្រេចលើកពេលទៅធ្វើបូណ្យខួប នៅថ្ងៃទី០១ ខែ
ឧសភា ដោយសារថ្ងៃនោះ ប៉ះចំថ្ងៃអត់ធ្វើការ (ទិវាពលកម្មអន្តរជាតិ) ដើម្បីឲ្យអ្នកដែលគោរពស្រលាញ់លោកឈុត វុទ្ធី អាចចូលរួមបានច្រើនកុះករ ។ ដូច្នេះក្នុងនាមតំណាងគ្រួសារ លោកឆឺយ ឧត្ដមរស្មី សូមនិមន្តនិងគោរពអញ្ជើញបងប្អូនជនរួមជាតិខ្មែរ រស់នៅទីក្រុងឡូវែល និងរដ្ឋនានា ដែលនៅជិតរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ទាំងអស់ មេត្តាចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ខួប១០ឆ្នាំ ដល់វិញ្ញាណក្ខន្ធ លោកឪពុកលោក ឲ្យបានច្រើនកុះករ ដើម្បីរំលឹកដល់វីរភាពរបស់គាត់ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងព្រៃឈើនៅកម្ពុជា ។
ដោយឡែកអង្គការសង្គមស៊ីវិល កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ក៏បានរៀបចំកម្មវិធីបុណ្យបង្សុកូល ឧទ្ទិសកុសល បន្តទាមទាររកយុត្តិធម៌ និងរំលឹកអំពីវីរភាពរបស់លោកឈុត វុទ្ធី សកម្មជនព្រៃឈើកម្ពុជា ដ៏ល្បីល្បាញ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។
កម្មវិធីបុណ្យបង្សុកូលនេះ ប្រព្រឹត្តិទៅនៅការិយាល័យផ្ទះសាមគ្គី ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា “សកម្មជនបរិស្ថាន លោកឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ មេសា ២០១២ នៅភូមិវាលបី ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ប៉ុន្មានថ្ងៃ មុនឃាតកម្មនេះ ខ្ញុំបានទាក់ទងជាមួយលោកអំពីបញ្ហាសុវត្ថិភាពរបស់គាត់ដែរ ដោយទទួលបានព័ត៌មានពីសហគមន៍ថា គេចង់ធ្វើបាបគាត់ គាត់បានដឹងអំពីបញ្ហានេះ តែគាត់នៅតែមិនរួញរាក្នុងបេសកកម្មការពារបរិស្ថាននិងធនធានធម្មជាតិ។ ១០ឆ្នាំក្រោយមក យុត្តិធម៌និងការពិត មិនទាន់ត្រូវបានលាតត្រដាង។ ខ្ញុំចងចាំវីរភាពរបស់ពូ និងសូមឧទ្ទិសបុណ្យកុសលទាំងឡាយជូនដល់ពូ ជាដរាប“ ។
គួររំលឹកថា លោកឈុត វុទ្ធី គឺជាសកម្មជនព្រៃឈើដ៏ល្បីល្បាញរបស់កម្ពុជា ដែលមានស្រុកកំណើតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ លោកបានសិក្សា និងទទួលបានអនុបណ្ឌិតផ្នែកសិក្សាធិការយោធា ពីប្រទេសរុស្ស៉ី នៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០៣ លោកឈុត វុទ្ធី បានបម្រើការងារនៅអង្គការគ្លបល វីតនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។ ក្រោយពីរដ្ឋាភិបាល បានបណ្ដេញអង្គការ គ្លបល វីតនេស ចេញពីកម្ពុជា លោក ឈុត វុទ្ធី បានបង្កើតអង្គការមួយឈ្មោះ អង្គការការពារធនធានធម្មជាតិ ដែលគេដឹងថា អង្គការរបស់លោកមានជំនួយពីប្រទេសអាល្លឺម៉ង់ ដែលមានសកម្មភាពការងារផ្ដោតសំខាន់លើការការពារព្រៃឈើ និងធនធានធម្មជាតិ។
លោកឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅក្នុងបេសកកម្មរបស់លោកនៅខេត្តកោះកុង ដែលលោកបានចុះទៅពិនិត្យនិងថតរូបសកម្មភាពបទល្មើសព្រៃឈើ នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ ជាមួយនឹងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួនពីររូប គឺមានកញ្ញា ផន បុប្ឆា ជាជនជាតិខ្មែរ និងមួយរូបទៀត ជាជនជាតិបរទេស។ គោលបំណងសំខាន់ក្នុងការចុះទៅខេត្តកោះកុង របស់លោកឈុត វុទ្ធី នេះ ដើម្បីទៅពិនិត្យមើលក្រុមហ៊ុនកាប់ឈើខុសច្បាប់ នៅតំបន់ភ្នំក្រវាញ ភាគកណ្ដាល ស្ថិតនៅក្នុងស្រុកថ្មបាំង។ ប៉ុន្តែជាអកុសល លោកឈុត វុទ្ធី ត្រូវបានកងកម្លាំងការពារក្រុមហ៊ុន បាញ់សម្លាញ់ ខណៈលោកបានទៅថតរូបភាពអំពីការកាប់ឈើរបស់ក្រុមហ៊ុនឯកជនមួយ។
ការស្លាប់របស់សកម្មជនការពារព្រៃឈើនេះ គឺជាការសោកស្ដាយជាទីបំផុតរបស់មន្ត្រីអង្គការសង្គមស៊ីវិលនានា ពីព្រោះថា កន្លងមក គេចាត់ទុកលោកឈុត វុទ្ធី ជាមនុស្សមានសេចក្ដីក្លាហាន មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតឡើងនៅកម្ពុជា បច្ចុប្បន្ន។ ជាពិសេស ការស្លាប់សកម្មជនការពារព្រៃឈើនេះ ក៏ជាការសោកស្ដាយរបស់មនុស្សភាគច្រើននៅកម្ពុជា ដែលគេបានស្គាល់រូបលោក ។ ក្នុងនោះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា ក្រុមអ្នកប្រព្រឹត្តបទល្មើសកាប់ឈើ សប្បាយចិត្តចំពោះការស្លាប់របស់លោកឈុត វុទ្ធី នេះ ពីព្រោះថា លោកឈុត វុទ្ធី បានប្រមូលភ័ស្តុតាងជាច្រើនអំពីជនល្មើស រួមទាំងក្រុមអ្នកមានអំណាចកាប់ឈើនៅកម្ពុជា ហើយការស្លាប់របស់លោកឈុត វុទ្ធី ប្រៀបដូចជាការដកបន្លាចេញពីដើមទ្រូងរបស់ជនល្មើសកាប់ឈើទាំងនោះ។
លោកឆឺយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោកឈុត វុទ្ធី ដែលសព្វថ្ងៃកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានថ្លែងដោយអស់សង្ឃឹមថា ១០ឆ្នាំ កន្លងផុតទៅ យុត្តិធម៌ឆ្ងាយដូចជើងមេឃ សម្រាប់លោកឈុត វុទ្ធី ។
លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា «ឈុត វុទ្ធី មិត្តខ្ញុំ ៖ ១០ឆ្នាំ នៅថ្ងៃនេះ នៃការបាញ់សម្លាប់ ក្រោមច្បាប់និទ្ទណ្ឌភាព ដែលឃាតករមិនទាន់អាចស្វែងរកឃើញជាមួយនឹងយុត្តិធម៌ពិត»។
អង្គការការពារសិទ្ធិមនុស្ស លីកាដូ ធ្លាប់បានចេញរបាយការណ៍របស់ខ្លួន ដោយបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៣ មក ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ មានមិនតិចជាង ១០០ករណីទេ ក្នុងរយៈពេលប្រមាណជាង ២០ឆ្នាំមកនេះ។ ជនរងគ្រោះទាំងនោះ ភាគច្រើនជាអ្នកនយោបាយ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស អ្នកសិល្បៈ សហជីព និងអ្នកការពារបរិស្ថាន ជាដើម។ ក្នុងចំណោមករណីទាំងនោះ អង្គការលីកាដូ ថាមិនដែលឃើញសមត្ថកិច្ចចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស ដើម្បីយកមកផ្តន្ទាទោសបានទេ ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ក៏ឯកភាពដូចក្រុមគ្រួសារជនរងគ្រោះដែរ ដោយថា យុត្តិធម៌សម្រាប់លោកឈុត វុទ្ធី នៅតែជារឿងដែលអាថ៌កំបាំងនៅឡើយ។ លោកបន្តថា បញ្ហានេះត្រូវបើកការស៊ើបអង្កេតបន្តទៀត ព្រោះបើពិនិត្យលើអង្គហេតុដែលកើតឡើង នៅតែមិនអាចជឿទុកចិត្តបាន និងនៅមានភាពខ្វះចន្លោះជាច្រើនចំណុចក្នុងរឿងក្តីមួយនេះ។
បើតាមលោក អំ សំអាត ថាបើផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ច គឺមានការប្រែប្រួលរហូត ដោយម្តងថាលោកឈុត វុទ្ធី ស្លាប់ដោយការបាញ់សម្លាប់ពីកងរាជអាវុធហត្ថ ហើយគ្រាប់ផ្លាតមកត្រូវខ្លួនឯងស្លាប់ក្នុងពេលតែមួយ។ ប៉ុន្តែរបាយការណ៍ក្នុងជំហានទី២ បែរជារកឃើញថា កងរាជអាវុធហត្ថ បាញ់រួចហើយ មានយុវជនម្នាក់រត់មកជួយ ហើយក៏កាំភ្លើងរៀលកៃត្រូវខ្លួនឯងក៏ស្លាប់ទៅ។ ក្នុងន័យនេះ លោក សំអាត បញ្ជាក់ថា គេមិនដឹងថាតើកាំភ្លើងដែលមានកាណុងវែង ហើយរៀលកៃត្រូវដោយរបៀបណាកើតទេ។
ទោះយ៉ាងណា លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមពិតទៅ ក្រុមគ្រួសារលោកឈុត វុទ្ធី ហាក់បានស្ងប់ចិត្តរួចទៅហើយអំពីរឿងយុត្តិធម៌នេះ ព្រោះអ្នកពាក់ព័ន្ធក្នុងរឿងក្តីនេះ មានការចាប់ខ្លួនអស់ហើយដែរ ក្នុងពេលកន្លងទៅ ៕ កុលបុត្រ