ភ្នំពេញ ៖ គូសង្សារ ១គូ ជិះម៉ូតូដឹកគ្នាដើរលេងយប់ លុះត្រឡប់ទៅផ្ទះវិញ ជិះក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ ពីចំហៀង ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ លុះក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ខាងប្រុសក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបណតប៊្រីដ តាមបណ្តោយផ្លូវ២០០៤ កែងផ្លូវណតប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សពបុរសរងគ្រោះ និងនារីដែលទទួលរងរបួសធ្ងន់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសនារីទាំង២នាក់ខាងលើ ជិះ

ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ជិះក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយផ្លូវណតប៊្រីដ ទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ ១គ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-3212 ចំចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ បានមកដល់ និងដឹកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសល បុរសរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់យ៉ាងអាណោចអាធ័ម ទើបត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកមកកន្លែងកើតហេតុវិញ។ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បាន
ព្យាយាមបើកចេញពីកន្លែងកើតហេតុ ដល់ចំណុចខាងត្បូងស្តុបណូគា តាមបណ្តោយផ្លូវ២៧១ ត្រូវបានកម្លាំងប្រជាការពារខណ្ឌល្បាតឃើញ ដេញឃាត់បានមកវិញ និងឃាត់ខ្លួនតៃកុងរថយន្ត រួចប្រគល់ជូន សមត្ថកិច្ចភ្លាមៗ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានជំនាញបានចុះមកធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕