ខេត្តសៀមរាប ៖ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានប្រកាសដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ ៥៣៣/២២ សជណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុងខេត្តសៀមរាប ឱ្យបានជ្រាបថា ៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីជលផល និងបទបញ្ជដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបបងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ មានដូចជា ៖ អួនអូសទឹកសាប អាំងវ៉ិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្តងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់ធនធានជលផល។ ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលឃុំ-សង្កាត់ពាក់ព័ន្ធ និងបងប្អូនប្រជានេសាទទាំងអស់ ត្រូវ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕