ខេត្តកណ្តាល ៖ រថយន្តដឹកត្រី មួយគ្រឿង បើកបោះពួយយ៉ាងលឿន បណ្តាលឱ្យរេចង្កូតបោកក្រឡាប់ទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែក ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចច្រកចូលបុរីទីក្រុងរណបសិរីមង្គល លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះមានគ្នា ៤នាក់ រួមមាន ៖ ទី១-ឈ្មោះង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9278 (រងរបួសធ្ងន់)។

ទី២-ឈ្មោះយ៉ យ៉ាំងឡិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករួមដំណើរ (របួសធ្ងន់)។ ទី៣-ឈ្មោះលី យ៉ាំងបាំង ភេទប្រុស
អាយុ៥០ឆ្នាំ ជាអ្នករួមដំណើរ (ស្លាប់នៅនឹងកន្លែង) និងទី៤-ឈ្មោះង្វៀង យ៉ាំងឡឺយ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ខាងលើ ដែលជារថយន្តដឹកត្រី បានធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេ

ចង្កូតមកខាងស្តាំ បុកបង្គោលភ្លើង ១ដើម បណ្តាលឱ្យរថយន្តក្រឡាប់ចូលប្រឡាយ ធ្វើឱ្យមនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង ចំណែក ២នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធ សមត្ថកិច្ចជំនាញបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលីនេះ កើតឡើងដោយសារ មូលហេតុមកពីអ្នកបើកបរបើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្តរេចង្កូតទៅបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ប្រឡាយបែបនេះតែម្តង៕