Wednesday, June 25, 2025
Homeសង្គម និងជីវិតកូនក្រមុំលង់ទឹក ម៉ែជួយ ស្លាប់ទាំង២

កូនក្រមុំលង់ទឹក ម៉ែជួយ ស្លាប់ទាំង២

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ បាននាំកូនស្រីវ័យជំទង់របស់ខ្លួន ចេញទៅដឹកគោដូចសព្វដង ស្រាប់តែក្រោយមក កូនស្រីបានចុះងូតទឹក បណ្តាលឱ្យលង់ ទើបស្ត្រីជាម្តាយ បានប្តូរជីវិតស្ទុះទៅជួយកូនស្រី តែអកុសលបែរជាលង់ទឹកស្លាប់ទាំង២នាក់ម្តាយកូន។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង០៥នាទីរសៀល   ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រះរណ្តៅដីអាអ៊ិចជីក មុំកន្ត្រប់ ស្ថិតក្នុងភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក។

ម្តាយនិងកូនស្រី ដែលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនោះ ទី១-ឈ្មោះហែម យាត ភេទស្រី អាយុ៤១ឆ្នាំ មុខបរកសិករ ត្រូវជាម្តាយ និងទី២-ឈ្មោះផាត ស៊ីណាត ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនបង្កើត។ ទាំងពីរនាក់ម្តាយកូន មានលំនៅ ភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក។

តាមការបំភ្លឺពីឈ្មោះឃុំ ម៉ាលីស ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាញាតិជិតខាងរបស់ជនរងគ្រោះ២នាក់ម្តាយកូន បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នាងបានចេញទៅឃ្វាលគោ នៅចំណុចមុំកន្ត្រប់ ខាងកើតភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ដូចសព្វដង ដោយក្នុងនោះ មានគ្នា ៣នាក់ រូបនាងនិងជនរងគ្រោះ២នាក់ម្តាយកូនខាងលើ ។ បន្ទាប់មក នៅវេលាម៉ោងប្រហែល ១រសៀល ថ្ងៃដដែល ពួកនាងបានដេញគោទៅឱ្យផឹកទឹកស្រះ ពេលនោះនាងបានដេញគោឱ្យនៅម្ខាងច្រាំងស្រះ មានបាំងថ្ម 

ចំណែកជនរងគ្រោះទាំង២នាក់ម្តាយកូន នៅម្ខាងស្រះ ហើយនាងផ្ទាល់ មិនបានដឹងថា ជនរងគ្រោះទាំង២នាក់ បានលង់ទឹកនោះទេ រហូតដល់ក្រោយមក នាងឃើញគោរបស់ជនរងគ្រោះផ្អើល ក៏ក្រោកទៅមើល ស្រាប់តែបាត់មិនឃើញអ្នកទាំង២ឡើយ តែឃើញស្បែក ជើងពួកគាត់ ២គូ កន្ត្រក១ កាតាបស្ពាយ១  ហើយភ្លាមនោះ នាងបានស្រែកហៅដែរ តែមិនមានអ្នកឆ្លើយទេ ទើបនាងប្រញាប់ប្រមូលសម្ភារៈរបស់ជនរងគ្រោះ រួចដេញគោទាំងអស់ មកផ្ទះ ពេលមកដល់ផ្ទះ បាននិយាយប្រាប់ម្តាយខ្លួនថា មីងយាទ និងស៊ីណាត ប្រហែលជាធ្លាក់ទឹកស្រះ លង់ស្លាប់ហើយមើលទៅ នៅស្រះម៉ុំកន្ត្រប់។ ភ្លាមនោះ ម្តាយរបស់នាងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យនគរបាលបច្ចេកទេស សហការជាមួយជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលកោះ គ្រូពេទ្យ មណ្ឌលសុខភាពកកោះ អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងសព។

តាមការពិនិត្យកន្លែងកើតហេតុ គឺជាស្រះ មានទំហំ ៣០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។ ជាមួយនេះ តាមការពិនិត្យសព ឈ្មោះហែម យាទ ជាម្តាយ  មានហូរសំបោជាមួយទឹកតាមរន្ធច្រមុះ ដងខ្លួនសពមានពោះប៉ោង ក្រៅពីការពិនិត្យខាងលើ មិនបានរកឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ រីឯសពឈ្មោះផាន ស៊ីណាត ជាកូនស្រី មានហៀរសំបោរ និងពពុះទឹកពណ៌សចេញតាមរន្ធច្រមុះ។   

 សមត្ថកិច្ចជំនាញ សន្និដ្ឋានថា តាមការពិនិត្យកន្លែងកើតហេតុ និងសព អាចសន្និដ្ឋានថា សពទាំងពីរនាក់ (ម្តាយនិងកូន) ស្លាប់ដោយសារលង់ទឹកប្រាកដមែន។

  ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អ៊ុង សំអាត

RELATED ARTICLES