ភ្នំពេញ ៖ បុគ្គលិកណាហ្គាវើលដ៍ ដែលអតីតមិត្តរួមការងារសហជីពណាហ្គាវើលដ៍ បានចោទកញ្ញាឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ថាជាកូនចៅលោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ។ ដូច្នេះអ្នកដែលដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាកសហជីពនេះ ជាការវ៉ៃបំបែកឆ្នាំងបាយ និងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ ។
នៅក្នុងលិខិតចំហរបស់ខ្លួន ភ្ជាប់ជាមួយរូបថតកញ្ញាឈឹម ស៊ីថរ និងអតីតបុគ្គលិកណាហ្គាវើល៍មួយចំនួនទៀត ឈរថតជាមួយលោកស្រីមួរ សុខហួរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ទំព័របណ្តាញសង្គម ហ្វេសប៊ុក មួយឈ្មោះ “Srey Aun Naga” (ស្រីអូន ណាហ្គា) បានសរសេរថា «ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាកសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយ និងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ»។
មេសហជីព ឈឹម ស៊ីថរ ដែលមានវ័យជាង ៣០ឆ្នាំ រូបនេះ មានដើមកំណើតនៅខេត្តព្រៃវែង តែបានប្តូរលំនៅមករស់នៅនិងរៀនសូត្រនៅភ្នំពេញ។
នៅឆ្នាំ២០០៧ ឈឹម ស៊ីថរ ក៏បានឈានជើងចូលធ្វើការងារនៅកាស៊ីណូណាហ្គាវើលដ៍ ជាអ្នកចែកបៀ ហើយបន្តបន្ទាប់មក ក៏បានក្លាយជាមេសហជីព។
បើគិតមកដល់ពេលបញ្ឈប់ការងារនោះ នាងឈឹម ស៊ីថរ បានធ្វើការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ឬអាចនិយាយមួយបែបទៀតថា ក្រុមហ៊ុនបានចិញ្ចឹមនាងនិងគ្រួសារ អស់រយៈពេល ១៥ឆ្នាំរួចទៅហើយ។
ចាប់ផ្តើមការងារពីការចែកបៀ នៅលើតុល្បែង ពេលនេះ ឈឹម ស៊ីថរ ក៏បានឡើងតួនាទីរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ទាបម្នាក់ដែលមានប្រាក់ខែច្រើនគួរសមផងដែរ។
នៅក្នុងអំឡុងពេលនៃការបម្រើការងារ កាលពីឆ្នាំ២០០៩ ដោយសារតែទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុសកល ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏បានកាត់បន្ថយបុគ្គលិកមួយចំនួន ហើយពេលនោះហើយដែលជាពេលដែលនាងស៊ីថរ បានចាប់ផ្តើមចេញមកប្រឡូកក្នុងការតវ៉ាប្រឆាំងក្រុមហ៊ុនដែលចិញ្ចឹមនាងនិងគ្រួសារ ។
ដោយមើលឃើញនាងឈឹម ស៊ីថរ ពូកែនិយាយនៅក្នុងសកម្មភាពបាតុកម្មតវ៉ានានាផងនោះ នាងក៏ត្រូវបានមេដឹកនាំបក្សនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកពូ ហ៊ុន សែន ចេញមកអូសទាញ និងបានបណ្តុះបណ្តាលការងារដឹកនាំធ្វើបាតុកម្មនេះបន្ថែមទាំងនៅក្នុងនិងក្រៅប្រទេស»។
ទំព័រហ្វេសប៊ុក ដដែល សរសេរបន្តថា «ចាប់ពីពេលនោះមក នាងឈឹម ស៊ីថរ ក៏បានក្លាយទៅជាសកម្មជននយោបាយរបស់បក្សប្រឆាំង យ៉ាងពេញលេញ ដោយនាងត្រូវបានចាត់តាំងឱ្យមកបម្រើការដើម្បីជួយការងារលោកស្រី មូរ សុខហួរ ហើយក៏ជានិច្ចកាល នាងតែងតែទៅចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់បក្សប្រឆាំង ហើយក៏ធ្លាប់បានចេញមកធ្វើបាតុកម្មតវ៉ានិងចូលរួមក្នុងយុទ្ធនាការនយោបាយនានាជាកម្លាំងបង្ហាញមុខដោយចំហ ជាមួយនឹងមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀត ក៏ដូចជា ជាមួយអង្គការសង្គមស៊ីវិលដែលតែងតែប្រឆាំងជាមួយរដ្ឋាភិបាលផងដែរ។
ចាប់តាំងពីបានឡើងធ្វើជាមេសហជីព នាងឈឹម ស៊ីថរ និងបក្ខពួកមួយចំនួន បានប្រើប្រាស់ឥទ្ធិពលនៅកន្លែងធ្វើការរបស់ខ្លួន ដើម្បីបង្កភាពចលាចលនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ តាមរយៈការធ្វើសកម្មភាពញុះញង់ អុជអាល និងបំភ័ន្តបំភ័យដល់បុគ្គលិកនៅទីនោះ ធ្វើយ៉ាងណាឱ្យពួកគេមិនពេញចិត្តនឹងសកម្មភាពរបស់ថៅកែ ហើយចេញមកធ្វើការតវ៉ាជាមួយនាង។
គេបានសង្កេតឃើញថា នៅរាល់ការតវ៉ា នាងស៊ីថរ តែងតែបានប្រកាសថា អ្វីដែលពួកគេកំពុងធ្វើ គឺដើម្បីការពារសិទ្ធិរបស់បុគ្គលិកនៅកន្លែងធ្វើការ ប៉ុន្តែចេតនាពិតនៃការតវ៉ាទាំងនោះ គឺជាការទទួលបញ្ជាពីក្បាលម៉ាស៊ីនរបស់ក្រុមប្រឆាំង ដើម្បីឱ្យរូបនាងបង្កើតជាព្រឹត្តិការណ៍ដើម្បីបង្កចលាចលនៅក្នុងទីក្រុងភ្នំពេញ តែប៉ុណ្ណោះ ហើយជាពិសេស នៅឆ្នាំ២០១៣ នាងក៏បានចេញមកចូលរួមយ៉ាងសកម្មក្នុងចលនាបាតុកម្មជាមួយមេដឹកនាំអតីតបក្សប្រឆាំងផងដែរ» ។
ទំព័រហ្វេសប៊ុក ដដែល សរសេរបន្តទៀតថា «បើត្រឹមតែជាកូដកម្មនៅកន្លែងការងារ ដើម្បីទាមទារផលប្រយោជន៍បុគ្គលិក គឺវាមិនពិបាកក្នុងការរកដំណោះស្រាយនោះទេ។ ប៉ុន្តែជាក់ស្តែង ការធ្វើបាតុកម្មខុសច្បាប់អូសបន្លាយម្តងហើយម្តងទៀតរបស់ក្រុមនាងឈឹម ស៊ីថរ នេះ គឺមិនមែនមានចេតនាក្នុងការការពារដល់ផលប្រយោជន៍របស់បុគ្គលិកមួយចំនួនតូចនោះទេ ប៉ុន្តែគោលដៅពិតប្រាកដ នៃការបន្តធ្វើបាតុកម្មនេះ គឺដើម្បីបង្កភាពអសន្តិសុខ និងបង្កើតជារលកនៃការតវ៉ាដើម្បីរំខានដល់ការបោះឆ្នោតខាងមុខផង និងបង្កឱ្យមានចលាចលនៅក្នុងប្រទេសតាមការណែនាំនិងចាត់តាំងរបស់ក្រុមនយោបាយប្រឆាំងតែប៉ុណ្ណោះ។
ការសម្តែងដើម្បីបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ទាំងពាក្យសម្តីក្នុងការស្រែកឃោសនា និងជាពិសេស «ការរៀបចំឈុតឆាក សម្តែងល្បិចសាច់កម្ម» គឺមិនមានភាពខុសគ្នាទាល់តែសោះ ជាមួយនឹងការធ្វើបាតុកម្មរបស់ក្រុមប្រឆាំង កាលពីពេលកន្លងទៅ។
ដូច្នេះ តាមរយៈលិខិតចំហនេះ ខ្ញុំសូមឲ្យមិត្តភក្តិដែលកំពុងបន្តធ្វើការតវ៉ាតាមការញុះញង់ អូសទាញរបស់ក្រុមនាងឈឹម ស៊ីថរ ដែលធ្វើឱ្យយើងពិតជាខាតបង់ពេលវេលានិងប៉ះពាល់ជីវភាពរស់នៅផង ហើយជាពិសេស គឺធ្វើឱ្យពួកយើងម្នាក់ៗមានឈ្មោះនិងមុខមិនល្អ ពិបាករកការងារធ្វើបន្ត សូមគិតគូរពិចារណាឡើងវិញ ដោយងាកមកទទួលយកសំណងពីក្រុមហ៊ុនតាមផ្លូវច្បាប់ និងរកការងារថ្មីដើម្បីទ្រទ្រង់ជីវភាពខ្លួន និងក្រុមគ្រួសារ“ ។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់តាមរយៈលិខិតចំហរបស់បុគ្គលិកណាហ្គាវើលដ៍ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីកញ្ញាឈឹម ស៊ីថរ បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ