ដោយ អាចារ្យថាំ
ការបោះឆ្នោតតាមលទ្ធិសប្រជាធិបតេយ្យសេរីពហុបក្ស ក៏មិនខុសពីកីឡាប្រដាល់នោះដែរ គឺមុនប្រកួត គេថ្លឹងទម្ងន់ កីឡាករ ឱ្យស្មើគ្នាសិន តែបើលើសខ្វះបន្តិចបន្តួច គេសួរខាងទម្ងន់ស្រាលនោះ តើហ៊ានប្រកួតជាមួយគេធ្ងន់ជាងឬអត់? បើ ថាហ៊ាន ទើបគេឱ្យប្រកួត ទើបកីឡាប្រដាល់នោះ ប្រកបដោយកិត្តិយស។ ការបោះឆ្នោត ក៏យ៉ាងនេះដែរ បើបក្សកាន់អំណាច មិនរកដៃគូប្រកួតស្មើទម្ងន់ ឬលើសខ្វះបន្តិចបន្តួចមកប្រឡូកគ្នា បែរជាជ្រើសយកបក្សតូចៗ មកកំដរនោះ ទោះជាឈ្នះក៏ គ្មានកិត្តិយសដែរ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ឈ្នះដោយកិត្តិយស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ បក្សកាន់អំណាច ជភភ “ឈ្នះអត់កិត្តិយស” ព្រោះគ្មាន គូប្រកួតស្មើទម្ងន់ ឬលើសខ្វះបន្តិចបន្តួច ដោយសារបក្សប្រឆាំងខ្លាំង ជណភ្រ ត្រូវរំលាយចោល។ ពេល ជភភ ក្លាយជា “ឯក បក្ស” មានទៅស្រួលអី ព្រោះមន្ត្រីថ្នាក់ក្រោមមួយចំនួន ដឹងថាអស់អ្នកប្រឆាំងឃ្លាំចាំមើល ក៏ព្យាយាមលួចប្រព្រឹត្តអំពើ ពុករលួយ ដូចមន្ត្រីខេត្តខ្លះ លួចកាប់ព្រៃរាប់ពាន់ហិកតារ នៅតំបន់ព្រៃរនាម ជុំវិញបឹងទន្លេសាប យកដីធ្វើកម្មសិទ្ធិ។ មន្ត្រី ជភភ ខិលខូចខ្លះទៀត សមគំនិតជាមួយឈ្មួញទុច្ចរិត កាប់ឈើ ចាក់ដីលុបសមុទ្រ បឹងបួ ឬកាយភ្នំ យកដីឬថ្មលក់ ខណៈ ដែលពួកប្រឆាំង បិទមាត់ ខ្ទប់ត្រចៀក ខ្លាចគេចាប់ដាក់គុក ក៏បានដៃមន្ត្រីឯកបក្ស ធ្វើភ្លៀងផ្គរតាមចិត្ត យ៉ាប់ដល់ថ្នាក់លើ ស្តីបន្ទោសស្អកបំពង់កអ៊ីចឹងទៅ។
ឥឡូវឆ្នាំថ្មី អ្វ្វីៗក៏ត្រូវតែថ្មីដែរ ត្រូវតែមានផែនការផ្លាស់ប្តូរពីឯកបក្ស ទៅជាពហុបក្សពិតៗវិញ ពុំមែនពហុបក្ស សុទ្ធតែ បក្សកំដរតូចៗនោះទេ តែត្រូវមានបក្សប្រឆាំងខ្លាំង ចូលប្រកួត ទើប “ឈ្នះដោយកិត្តិយស”។
ពិតណាស់ថា ការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ ជភភ ឈ្នះទៀតហើយ ព្រោះតែបក្សនេះ “ចាក់ប្ញសកែវទៅក្នុង ដីជ្រៅណាស់” មិនងាយរលំរលើងដោយខ្យល់ព្យុះបានឡើយ។ ជភភ ក៏មិនខុសពី “កីឡាករប្រដាល់ទម្ងន់រុយ” ត្រូវប្រកួត ជាមួយ “កីឡាករទម្ងន់មូស” ប៉ុន្តែដើម្បី “ឈ្នះដោយកិត្តិយស” ត្រូវតែជ្រើសរើសយក “កីឡាករភ្លើងទៀន” ឱ្យឡើងសង្វៀន។
“កីឡាករភ្លើងទៀន” សំងំហ្វឹកហាត់យូរឆ្នាំហើយ មិនទើបតែចេញមុខក្នុងឆ្នាំ២០២២ នេះទេ ដោយមាន “គ្រូប្រដាល់ សម រង្ស៊ី” ជាអ្នកបង្ហាត់។ គ្រូប្រដាល់នោះ ទោះក្លាយជាទណ្ឌិត ក៏នៅតែអាចលួចបញ្ចោញស្នៀតប្រដាល់ពីចម្ងាយ ឱ្យ “សិស្សគុនភ្លើងទៀន” ហក់លោតតាម។
បើចាប់ “កីឡាករ ជភភ” ដាក់ជញ្ជីងថ្លឹងទន្ទឹមនឹង “កីឡាករភ្លើងទៀន” គេដឹងថា “ជភភ ធ្ងន់ជាង” ប៉ុន្តែលើសខ្វះគ្នា បន្តិចបន្តួច អត់បញ្ហា អ្វីៗវាសំខាន់លើភាពក្លាហានរបស់កីឡាករស្រាលជាង តែហ៊ានឡើងសង្វៀន។ បក្សកាន់អំណាច “ចង់បានណាស់” នូវទម្ងន់ប្រដមប្រសងគ្នា ព្រោះ១អាណត្តិកន្លងមកនេះ “ឯកបក្ស មានទៅស្រណុកចិត្តអី” ព្រោះថ្នាក់ក្រោម សំអាងថាគ្មានអ្នកប្រឆាំងហ៊ានខ្វើក ក៏លួចប្រព្រឹត្តអំពើអាក្រក់។
អ៊ីចឹង ជភភ ត្រូវប្តូរយុទ្ធសាស្ត្រថ្មី ដោយបើកឱកាសឱ្យ “កីឡាករភ្លើងទៀន” ឡើងប្រកួតចុះ ដោយកុំខ្វល់ថា មាន “គ្រូបង្ហាត់សម រង្ស៊ី” នៅពីក្រោយ។ កុំអី ជភភ បើកផ្លូវឱ្យ “កីឡាករសៀម ភ្លុក” ឡើងប្រកួតដែរ តែកីឡាករនោះ “បន្លំ ស្នាមមេដៃ” ក៏បញ្ជូនទៅកែប្រែមួយរយៈសិន គង់តែដោះលែងវិញទេ។
ករណី ជភភ បើកផ្លូវឱ្យកីឡាករភ្លើងទៀន ឡើងប្រកួតនេះ មកពី “ចង់ឈ្នះដោយកិត្តិយស” ទោះបីជាលោកមុត ចន្ថា ជំនួយការលោកកឹម សុខា ព្យាយាមបន្ទច់បង្អាក់យ៉ាងណាក៏ដោយចុះ។ ជាទម្លាប់ទៅហើយ ដែលក្រុមលោកកឹម សុខា មិនចង់ឱ្យ “សិស្សគុនរបស់គ្រូសម រង្ស៊ី ឡើងសង្វៀន” ទំនងជាខ្លាចភ្លើងទៀន បានកៅអីខ្លះ នាំឱ្យពួកគាត់បាត់បង់ឱកាស។
ថ្មីៗនេះ លោកមុត ចន្ថា បានផុសសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “លោកសម រង្ស៊ី ទណ្ឌិតជាប់ទោសឧក្រិដ្ឋ ៥២ឆ្នាំ កំពុងឃោសនាឱ្យបក្សភ្លើងទៀន” ដែលពាក្យឃោសនា ស្មើនឹង “បង្ហាត់ក្បាច់គុនប្រដាល់” ប៉ុន្តែបក្សកាន់អំណាច មិន ធ្លោយត្រចៀកស្តាប់តាមសហការីលោកកឹម សុខា នោះទេ ព្រោះ “ជភភ កំពុងរកដៃគូប្រកួតប្រដមប្រសងគ្នា” ពោលគឺ បើមិនឱ្យភ្លើងទៀន ប្រកួត បែរជាយកបក្សតូចៗឯទៀត ដែលរាស្ត្រមិនដែលស្គាល់ឈ្មោះប្រធានគណបក្ស ឱ្យប្រកួតនោះ “យ៉ាប់ជាងឯកបក្ស” ទៅទៀត កុំឆ្ងល់អី។
ត្រូវដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “កំពូលឆ្លាត គ្មានគូប្រដូច” ដូច្នេះសមត្ថភាពត្រឹមលោកមុត ចន្ថា លិម គិមយ៉ា… មកណែនាំពន្យែពន្យល់ប្រមុខ ជភភ ឱ្យធ្វើតាមនោះ ទៅមិនរួចទេ។ “នគរធំ” ហ៊ានថា មិនរារែកឡើយ ឧបមា ថា ជភភ “ពន្លត់ភ្លើងទៀន” ឬបិទផ្លូវកីឡាករភ្លើងទៀន មិនឱ្យប្រកួត តែបែរជាផ្ចុងផ្តើមសហការីលោកកឹម សុខា នៅ ក្នុងគណបក្សកែទម្រង់ជាតិកម្ពុជា (អ៊ូ ច័ន្ទរ័ត្ន ប៉ុល ហំម) គណបក្សកម្ពុជានិយម (យ៉ែម បុញ្ញប្ញទ្ធិ) គណបក្សអភិរក្ស (រៀល ខេមរិន្ទ្រ)…នោះ គឺមិនខុសពី “ទម្ងន់រុយ វ៉ៃទម្ងន់មូស” នោះឡើយ បានត្រឹមអន្តរជាតិ បាំងដៃមើលសើចកក្អឹក។ កុំចង់ពន្យល់ណែនាំប្រមុខ ជភភ ទៅមិនរួចទេ លោកអើយ! ព្រោះ “ឈ្នះដោយកិត្តិយស” ជារឿងសំខាន់បំផុត។
ឯកសារប្រវត្តិសាស្ត្រ ចារទុកយ៉ាងច្បាស់ថា “តេជោ មាស” កំពូលវីរបុរសខ្មែរ ពេលប្រយុទ្ធគ្នាជាមួយ “កែវព្រះភ្លើង” ស្រាប់តែមេឧទ្ទាមនោះ ទន់ដៃទន់ជើង ភ្លាត់ជំហរ ជ្រុះដាវពីដៃ។ តេជោមាស មិនសម្លាប់មនុស្សអត់កាន់អាវុធទេ ក៏ ស្រែកប្រាប់មេឧទ្ទាមឱ្យរើសដាវមកកាប់គ្នាទៀត រហូតដល់ចាប់បានកែវព្រះភ្លើង នាំយកទៅថ្វាយស្តេច កាត់ទោស។
ចំណុចនេះហៅថា “តេជោ មាស ឈ្នះដោយកិត្តិយស” ដូច្នេះ “តេជោ សែន ក៏ត្រូវការកិត្តិយសដូចគ្នា” លើសង្វៀន ប្រជាធិបតេយ្យ ចាំបាច់ត្រូវតែបើកឱកាសឱ្យ “កីឡាករភ្លើងទៀន” ឡើងប្រកួត អត់ញញើតប៉ុនក្រចកទេ។
ការប្រកួតបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជភភ ក៏មិនចង់ស៊ីដាច់តែឯង ឬ ឈ្នះឯកបក្សនោះទេ ទោះបីជាពួកប្រឆាំង ចោទប្រកាន់ថា “គ.ជ.ប និងប្រព័ន្ធច្បាប់ សុទ្ធតែគូសវាសដោយបក្សកាន់- អំណាច” ក៏ដោយចុះ។ ជភភ ច្បាស់ជាមិនដណ្តើមកៅអីមកអង្គុយតែឯងនោះទេ ច្បាស់ជាបានទៅភ្លើងទៀន មួយចំណែក មិនខុសពីកីឡាករឈ្នះបានលុយច្រើន ឯកីឡាករចាញ់ បានលុយតិច ប៉ុន្តែអ្នកឈ្នះនេះ រីកមុខគ្រហាញ ព្រោះជាការ “ឈ្នះ ប្រកបដោយកិត្តិយស”។
សរុបទៅ “ឈ្នះដោយកិត្តិយស” ជាវត្ថុបំណងដ៏ពិសិដ្ឋរបស់បក្សកាន់អំណាច នៅឆ្នាំថ្មីនេះ ឬថាឆ្នាំ២០២២ មិនចង់ ធ្វើដូចឆ្នាំ២០១៨ ដែលឈ្នះឯកបក្សនោះទេ។ បើកីឡាករទម្ងន់រុយ ដាល់ឈ្នះកីឡាករទម្ងន់មូស គ្មានអ្នកណាសរសើរទេ ហេតុនេះ ចង់មិនចង់ ក៏ត្រូវតែប្រកួតតាមទម្ងន់ស្មើ ឬប្រដមប្រសងគ្នា ដែលជាការចង់បានរបស់ប្រជាពលរដ្ឋ សូម្បី អន្តរជាតិ ក៏គេចង់បានយ៉ាងនេះដែរ…’