ដោយ អាចារ្យថាំ
ជម្លោះនយោបាយ ក្លាយជាការជេរប្រមាថគ្នាតាមបណ្តាញសង្គម រាល់ថ្ងៃនេះ “នគរធំ“ ធ្លាប់ដាក់សំណូមពរដល់អ្នក-នយោបាយកំពូល ៣រូប ឱ្យជួយពន្លត់ ព្រោះបើមេហាមឃាត់ កូនចៅឯណាហ៊ានទទឹង? ឥឡូវឃើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ ជភភ នាំមុខគេ ហាមឃាត់អ្នកគាំទ្រ ជភភ កុំទៅធ្វើបាតុកម្មតបតពួកប្រឆាំង ដែលរៀបផែនការធ្វើ បាតុកម្មប្រឆាំងសម្តេច នៅពេលទៅប្រជុំអាមេរិក-អាស៊ាន នៅទឹកដីអាមេរិក។ បម្រាមនេះ ល្អមែនទែន ដែល “នគរធំ” សូមអបអរសាទរ និងលើកពី “គំរូល្អរបស់អ្នកដឹនាំ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅក្នុងឱកាសជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សប្រលងជាប់បាក់ឌុប និទ្ទេស ៅ ជាង១ពាន់នាក់ កាលពីពេល ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (ជភភ) បានថ្លែងជាអាទិ៍ពាក់ព័ន្ធដល់រឿង បាតុកម្មថា “ខ្ញុំក៏រង់ចាំមើលដែរថា តើអ្នកធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ខ្ញុំ មានគ្នាប៉ុន្មាននាក់? ឯខ្ញុំមិនលើក ទឹកចិត្តឱ្យបងប្អូនដែលមកទទួលខ្ញុំ ធ្វើបាតុកម្មតបតជាមួយគេនោះទេ…” ស័ង្កថាដ៏មានតម្លៃនេះ មានន័យថា ប្រមុខរាជ-រដ្ឋាភិបាលកម្ពុជា “បានផ្តល់គំរូល្អ សមជាអ្នកដឹកនាំប្រទេស” ដែល “នគរធំ” ចង់បានយូរហើយ។
កន្លងមក បើគិតតាំងពីថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ (ជណភ្រ) មក ជម្លោះនយោបាយ ក៏ផ្ទុះឡើងយ៉ាងក្តៅគគុក ទោះបីជាមន្ត្រី ជភភ ប្រកូកប្រកាសថា “កម្ពុជា អត់ជម្លោះនយោបាយ” ក៏សូម្បីតែអន្តរជាតិ ឬប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា ដឹងថា ពលរដ្ឋខ្មែរដែលកំពុងចែកនិន្នាការ “គ្នាគេ គ្នាឯង” នោះ ជេរគ្នាគ្មានលស់ថ្ងៃ ដោយហោចទៅ សូម្បីតែក្នុងឱកាសពិធីបុណ្យជាតិ បុណ្យសាសនាធំៗ ក៏គេជេរគ្នាដែរ ជាពិសេស ពួក “តារាហ្វេសប៊ុក-យូធូប” បួនដប់នាក់នោះ “នគរធំ ឱ្យជាប់លេខ១ស្ទួន ខាងជេរគ្នា”។
ដោយខ្មាសអន្តរជាតិពេក “នគរធំ” តែងដាក់វិចារណកថា ឬបរិយាយថ្ងៃនេះ ស្នើឱ្យអ្នកគាំទ្រនយោបាយ កាត់បន្ថយ ការជេរដៀមដាមគ្នា តែគ្មានអ្នកណាស្តាប់។ យើងក៏មានសំណូមពរដល់អ្នកនយោបាយកំពូល ៣រូប គឺ “សម្តេចហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា” ហាមឃាត់កូនចៅឱ្យឈប់ជេរគ្នាទៀត ព្រោះជម្លោះនេះ បានត្រឹមនាំមកនូវការ បាត់បង់ឯកភាពជាតិ តែប៉ុណ្ណោះ។
ឥឡូវ “នគរធំ” ធូរចិត្តបន្តិចហើយ បន្ទាប់ពីបានស្តាប់ស័ង្កថា សម្តេចប្រមុខ ជភភ ដែល “ហាមឃាត់អ្នកគាំទ្រ ជភភ នៅស្រុកអាគាំង ដែលទៅទទួលសម្តេច កុំធ្វើបាតុកម្មតបតនឹងពួកប្រឆាំង”។
ចំណុចនេះ ហៅថា “គំរូល្អ ជាការទូន្មានប្រសើរបំផុត” ពោលគឺពុំត្រឹមតែលើកទឹកចិត្តកូនចៅ ជភភ កុំតទល់នឹងពួក ប្រឆាំង ក៏សម្តេច បានកាត់ផ្តាច់អស់ហើយនូវការដៀមដាមឆ្លើយឆ្លងជាមួយលោកសម រង្ស៊ី ដែលជាមេប្រឆាំងដ៏ស្វិតស្វាញ បំផុត។
បម្រាមនេះ មិនខុសពីព្រះពុទ្ធ បរមគ្រូ ដាក់បញ្ញត្តសិក្ខាបទដល់សង្ឃសាវ័ក ឱ្យវៀរចាក “អកុសលកម្មបទ១០” ជាពិសេស ត្រង់សិក្ខាបទ “មុសាវាទាវេរមណី” ដែលចាប់ប្រភពពីការពោលពាក្យកុហកបោកប្រាស់។ បើកាលណាចេញក្បួនកុហកភូតភរ នឹងបែកសាខាទៅជាការមួលបង្កាច់ ជេរបញ្ចោរ ដាក់បណ្តាសា ទ្រគោះបោះបោកនៅក្នុង “ផារុសវាទ និងសម្ជប្បណេវាទ”។
សិក្ខាបទនេះ ត្រូវបាន “ព្រះមហាសារីបុត្ត និងព្រះមហាមោគ្គល្លាន” ជាអគ្គសាវ័កស្តាំនិងឆ្វេង គោរពប្រតិបត្តិតាមយ៉ាង ខ្ជាប់ខ្ជួន ជាក់ស្តែងនៅពេលទេវទត្ត បំបែកសង្ឃ ព្រះអគ្គសាវ័កទាំងពីរអង្គ បានទៅអូសទាញមកវិញ ក៏ត្រូវ “កោកាលិភិក្ខុ” ដែលជាសាវ័កទេវទត្ត ជេរបញ្ចោរកប់ៗមាត់ ប៉ុន្តែព្រះអគ្គសាវ័កទាំងពីរ មិនតបត។
យ៉ាងណាមិញ “ជម្លោះនយោបាយ ក្លាយជាការជេរប្រទេច លេចជាបាតុកម្ម” រវាងអ្នកគាំទ្រ ជភភ និងពួកប្រឆាំង បើថ្នាក់ដឹកនាំ មិនលូកដៃធ្វើអន្តរាគមន៍ ឬដាក់សិក្ខាបទដូចព្រះពុទ្ធ ច្បាស់ជាខ្មែរ ខាំគ្នាគ្មានថ្ងៃអវសាន។
សព្វថ្ងៃជម្លោះធំៗ ចេញជា “ជម្លោះត្រីកោណ” រវាងអ្នកគាំទ្រ ជភភ និងពួកប្រឆាំងសម រង្ស៊ី កឹម សុខា។ រីឯពួកប្រឆាំង ក៏ចែកជា២ក្រុម ខាំគ្នារាល់ថ្ងៃ និងខាំ ជភភ ទៀត បើអ្នកនយោបាយកំពូល “បើកភ្លើងខៀវ” អត់ល្អទេ កុំស្មានថា ការជេរគ្នា នោះ ជានយោបាយឈ្នះឱ្យសោះ។
ឥឡូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខលើកទឹកចិត្តកូនចៅ ជភភ នៅអាមេរិក កុំទៅតតាំងជាមួយពួកប្រឆាំង ដែលរៀបគម្រោងធ្វើបាតុកម្មប្រឆាំងទស្សនកិច្ចសម្តេច ទៅជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងវេទិកាកំពូល អាស៊ាន-អាមេរិក ក្នុងនាមសម្តេច ជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២។
ប្រមុខ ជភភ ឈានមុខគេ បាន១ដំណាក់ហើយ ហេតុនេះ “នគរធំ” មានសំណូមពរដល់លោកសម រង្ស៊ី និងលោកកឹម សុខា ឱ្យជួយធ្វើអន្តរាគមន៍ “ហាមឃាត់ កូនចៅ ផ្អាកជេរគ្នា ឬធ្វើបាតុកម្មនៅស្រុកគេ នាំឱ្យខូចកិត្តិយសជាតិ”។
កូនចៅលោកសម រង្ស៊ី ឬសហការីសំខាន់ៗ ប៉ិនខាងដៀមដាម លាបពណ៌គ្នាអត់ឈប់សោះ មានដូចជាលោកសេង រតនា លោកឆាំ ឆានី លោកប៉ាង សុខឿន ជាដើម។ ពីមុន នាងស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏ពូកែដៀមដាមគេគួរសមដែរ តែពេលនេះ ឃើញនាងស្ងប់ស្ងៀមហើយ បន្ទាប់ពីរៀបការ មានប្តីសីត្រឹមត្រូវ និងក្លាយជាបេក្ខនារីនៃគណបក្សភ្លើងទៀន។
កូនចៅលោកកឹម សុខា ឬសហការីជំនិតពូកែខាងវ៉ៃប្រហារគ្នាឯង ក៏មានដែរ ដូចជាលោកមុត ចន្ថា លិម គិមយ៉ា សួន សូរីដា ហ៊ុន កុសល យឹម ស៊ីណន បោយ រើយ ច័ន្ទ រាម…ជាដើម។ “នគរធំ” សូមអង្វរលោកកឹម សុខា ហាមសហការីផង ព្រោះទោះបីជាលោក ជាប់សំណាញ់ច្បាប់ ក៏នៅមាន “ទឹកមាត់ប្រៃ” អាចហាមឃាត់សហការីបានដែរ ក្រែងតែលោកមិន ព្រមហាម។
នយោបាយឈ្នះ របស់អ្នកនយោបាយគ្រប់និន្នាការ មិនមែនតាមរយៈការជេរ លាបពណ៌គ្នានោះទេ តែ “ឈ្នះដូចព្រះពុទ្ធ” ដែលហាមឃាត់សង្ឃសាវ័ក ឱ្យវៀរចាកមុសាវាទ ដែលបែកសាខាទៅជាការជេរប្រទេច។
“គំរូល្អ ជាការទូន្មានដ៏ប្រសើរបំផុត” ដែលយើងធ្លាប់សរសេរជាហូរហែរួចមកហើយ ប៉ុន្តែមិនទាន់ឃើញអ្នកនយោបាយ កំពូល ដើរតាមព្រះពុទ្ធោវាទ។ លុះសម្តេចប្រមុខ ជភភ នាំមុខគេក្នុងការលើកទឹកចិត្តកូនចៅ ជភភ កុំឱ្យតតាំងជាមួយពួក ប្រឆាំង មានន័យថា “ជភភ ឈ្នះពាក់កណ្តាលផ្លូវទៅហើយ” ក្នុងការរត់ប្រណាំងម៉ារ៉ាតុង។
សរុបទៅ “គំរូល្អរបស់អ្នកដឹកនាំ” គឺនៅត្រង់ចេញអន្តរាគមន៍ (មិនមែនបទបញ្ជា) សំណូមពរឱ្យអ្នកគាំទ្រ បិទមាត់ ខ្ទប់ត្រចៀក កុំតតាំងច្បាំងនឹងខ្មែរដូចគ្នានៅលើទឹកដីគេ តាមរយៈបាតុកម្ម ឬកុបកម្ម។ ជភភ ឈានបានមុនគេហើយ បើ លោកសម រង្ស៊ី និងលោកកឹម សុខា ក៏ដូចមេបក្សរាប់សិបនោះ ធ្វើនយោបាយ យកការជេរដៀមដាមគេមកដាក់មុខ ទោះ ១០០ឆ្នាំទៀត ក៏មិនឈ្នះគេដែរទាន!….’