អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថាសម្ព័ន្ធមិត្តយោធាលោកខាងលិចនឹង អនុវត្តការដាក់ពង្រាយកងទ័ពថ្មីនៅជិតព្រំដែនរបស់រុស្ស៊ី ប្រសិនបើស៊ុយអែតស្នើសុំចូលរួមជាផ្លូវការជាមួយ អង្គការនេះ។
លោកStoltenbergបានបញ្ជាក់ថាណាតូអាចធ្វើ សកម្មភាពភ្លាមៗដើម្បីពង្រឹងការការពារសន្តិសុខដល់ប្រទេសស៊ុយអែត ក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំដែលអាចចំណាយពេលដល់ទៅមួយឆ្នាំដើម្បីបញ្ចប់នីតិវិធី។
លោកបានបន្តទៀតថាចាប់ពីពេលដែលស៊ុយអែតដាក់សំណើអង្គការណាតូមានកាតព្វកិច្ចយ៉ាងខ្លាំងដើម្បីធានាសន្តិសុខ។យើងមានវិធីផ្សេងគ្នាក្នុងការធ្វើវារួមទាំងតាមរយៈការបង្កើនកម្លាំងណាតូនៅក្នុងតំបន់ជុំវិញប្រទេសស៊ុយអែត និងសមុទ្របាល់ទិក។
ជាមួយគ្នានេះដែរក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក ស្រីJen Psakiលេខាធិការសារព័ត៌មាន សេតវិមាន បានបន្ទរតាមលោកStoltenberg ។
លោកស្រីបានថ្លែងថាយើងមានទំនុកចិត្តថាយើងអាចស្វែងរកមធ្យោបាយដើម្បីដោះស្រាយរាល់កង្វល់ដល់ប្រទេសណាមួយដែលបានដាក់ពាក្យស្នើសុំសមាជិកភាពរបស់អង្គការសម្ព័ន្ធភាពនេះ។
ប្រទេសស៊ុយអែតនិងប្រទេសជិតខាងហ្វាំងឡង់នៅក្រៅសង្វៀនអង្គការណាតូក្នុងអំឡុងពេលសង្រ្គាមត្រជាក់ ប៉ុន្តែការបញ្ចូលឧបទ្វីបគ្រីមៀ(ទឹកដីអ៊ុយក្រែន)របស់រុស្ស៊ីក្នុងឆ្នាំ2014និងការលុកលុយចូលអ៊ុយក្រែនបាននាំឱ្យប្រទេស នានាគិតឡើងវិញអំពីគោលនយោបាយសន្តិសុខរបស់ពួកគេដោយសមាជិកណាតូមើលទៅទំនងជាកើនឡើង។
ប្រទេសទាំងពីរមានការព្រួយបារម្ភថា ពួកគេនឹងងាយរងគ្រោះក្នុងអំឡុងពេលដំណើរការដាក់ពាក្យ ដែលអាចចំណាយពេលដល់ទៅមួយឆ្នាំទើបត្រូវបានអនុម័តដោយសមាជិកទាំងអស់របស់ណាតូ៕