Sunday, November 24, 2024
Homeនយោបាយនយោបាយលួងលោម

នយោបាយលួងលោម

ដោយ អាចារ្យថាំ

ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលរយៈពេល៤ ម៉ោង ជាមួយលោកកឹម សុខា អមដំណើរដោយសហការីជំនិត នៅក្នុងពិធី បុណ្យសពសម្តេចហ៊ុន ណេង នាក្រុងកំពង់ចាម នាំឱ្យមានការវិភាគ ការសង្ស័យ ការរិះគន់ ដើរទន្ទឹមគ្នា។

លោករស់ សារ៉ុម អ្នកវិភាគ នយោបាយ-សង្គម បានផុសសំណេរតាម ហ្វេសប៊ុកថា “បុរសខ្លាំងកម្ពុជា ជាមេដឹកនាំឈ្លាសវៃ បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា លួងលោកកឹម សុខា អុកផ្តាច់លោកសម រង្ស៊ី រៀបចំលេងសាជាថ្មី លោកសម រង្ស៊ី ចាញ់រហូត។ មើលតែរូបដឹងហើយ លោកកឹម សុខា រង់ចាំធ្វើតាមគ្រប់ យ៉ាង បើមិនជឿកុំប្រមាថ…”។

ចំណែកលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីបក្សប្រឆាំង ជណភ្រ ធ្លាប់ជាប់ គុកព្រៃស និងមានទំនោរនយោបាយខាងលោកកឹម សុខា បានផុសសំណេរតាម ហ្វេសប៊ុកថា “ជំនួប៤ម៉ោង ហ៊ុន សែន និងកឹម សុខា ខ្មែរអាចទុកចិត្តជឿជាក់ គ្នា ដើម្បីប្រយោជន៍ខ្មែរ។ ដំណើរឆ្ពោះទៅរកការផ្សះផ្សា របួសស្នាមបែកបាក់…”។

ដោយឡែកលោកឆាំ ឆានី ខ្សែខាងលោកសម រង្ស៊ី បានសរសេរថា “កំប្លែង អ្នកទោសក្បត់ជាតិ ទៅជជែករឿងជាតិ ជាមួយអ្នកចោទ” សំណេរខុសគ្នានេះ បង្ហាញថា ផ្នត់គំនិតអ្នកវិភាគ ក៏ដូចអ្នកគាំទ្រនយោបាយ រហូតដល់ប្រជាពលរដ្ឋ ដែលចែកនិន្នាការគ្នានោះ នៅមិនទាន់ចូលធ្លុងគ្នាទេ ជុំវិញរឿងលោកកឹម សុខា។

ក្រុមប្រឆាំងខ្សែលោកសម រង្ស៊ី ធ្លាប់ចោទប្រកាន់ថា លោកកឹម សុខា “ធ្វើ អ្វីៗតាមសម្តេចហ៊ុន សែន” ឬចោទថា “ស៊ីឈ្នួលជាប់គុក” ស្រាប់តែបន្តចោទ- ប្រកាន់ថា លោកកឹម សុខា ទទួលបញ្ជាថ្មីទៀត ពីប្រមុខ ជភភ។

ក្រុមប្រឆាំង ខ្សែលោកកឹម សុខា និយាយស្របគ្នាថា ចង់ឱ្យមានការបង្រួប- បង្រួមជាតិ បញ្ចប់ជម្លោះនយោបាយ ប៉ុន្តែក្រុមនេះ មិនស្របគ្នាជាមួយក្រុម- សម រង្ស៊ី។

អ្នកវិភាគកណ្តាល យល់ថា ការបែកបាក់គ្នារវាងពួកប្រឆាំង និងពួកប្រឆាំង ជាហេតុនាំមកនូវការ “ប្រគល់ជ័យលាភីដល់ ជភភ” ហើយថា សម្តេចហ៊ុន សែន កំពូលឆ្លាតក្នុងប្រវត្តិសាស្ត្រខ្មែរ។

សម្រាប់ “នគរធំ” មានទស្សនៈថា “នយោបាយលួងលោម” គេធ្វើអ៊ីចឹង គឺ មុននឹងលួង “ត្រូវរំពាត់សិន” ដូចក្មេងមិនស្តាប់ការស្តីប្រដៅរបស់ម្តាយ ក៏ត្រូវ ម្តាយវ៉ៃប្រដៅពីរបីរំពាត់ទៅ លុះបាត់ខឹង ម្តាយនោះក៏យកប្រេងកូឡា លាប ស្នាមកន្ទួលនឹងរំពាត់នោះ ថែមទាំង “លួងបញ្ចុកចេក” ទៀតផង។

ករណីលោកកឹម សុខា នាំសហការីជិតស្និទ្ធទៅចូលរួមបុណ្យសពសម្តេច ហ៊ុន ណេង និងជួបសំណេះសំណាលហូបអាហារសម្រន់ជាមួយសម្តេចនាយក- រដ្ឋមន្ត្រី ជភភ នោះ បើគិតឱ្យសព្វៗទៅ ដូច “ម្តាយវាយកូនបញ្ចុកចេក”។

នយោបាយបែបនេះ ឈ្នះរហូត ព្រោះបង្ហាញឱ្យឃើញនូវលក្ខណៈស្របតាម មាគ៌ាពុទ្ធនិយម ឬ “ព្រហ្មវិហារធម៌” នេះឯង។ លោកកឹម សុខា ធ្លាប់ជាប់គុក ត្រពាំងផ្លុង រួចជាប់ពន្យារនីតិវិធីរបស់តុលាការយឺតដូចកៅស៊ូនេះ មានន័យថា គាត់ “ត្រូវរំពាត់”។

ឥឡូវដល់ដំណាក់កាល “លួងលោមបញ្ចុកចេក” បានត្រឹមធ្វើឱ្យក្រុមសម រង្ស៊ី “ឈឺចិត្ត” ពីរឿងដើរក្រឡាអុកមិនឈ្នះប្រមុខ ជភភ។

នយោបាយលួងលោម មានប្រសិទ្ធភាពណាស់ ប៉ុន្តែមុននឹងលួងលោម “ដាក់សិន” ឱ្យរាងចាល ឈប់ “ឆន្ទៈ = ទាក់ឆាន់” ដូចមុនទៀត។ ដូច្នេះអាចថា បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់រួច នាថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ ខាងមុខ លោក កឹម សុខា អាចនឹងរួចទុក្ខទោស បានចូលប្រឡូកក្នុងនយោបាយវិញ តែមិនមែន នៅជាមួយលោកសម រង្ស៊ី ទៀតទេ…”

RELATED ARTICLES