ដោយ អាចារ្យថាំ
លោកបណ្ឌិត សេង សារី បានផុសសំណេរតាមហ្វេសប៊ុក ពាក់ព័ន្ធជំនួបរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកកឹម សុខា អតីតមេបក្សប្រឆាំងថា “កុំធ្វើនយោបាយឱ្យគេអាណិត ត្រូវធ្វើនយោបាយឱ្យរាស្ត្រគាំទ្រ នយោបាយ ចាក់អង្ករយកអង្កាម ឬនយោបាយស៊ីចេកផឹកទឹក អាចត្រៀមខ្លួនចូលនិវត្តន៍ បានហើយមេ!”។
ចំណែកក្រុមលោកកឹម សុខា បានសរសេរស្របគ្នាថា “ប្រជាជនអបអរសាទរ ជំនួបនេះ បង្ហាញពីជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិ មានតែពួកឧទ្ទាម ទើប មិនត្រេកអរ”។
សំណេរផ្ទុយគ្នានេះ មានន័យថា “សាទរ និងឌីដង” ព្រោះពួកប្រឆាំង ជល់គ្នា ដូចមាន់ ប្រឹងតែចាក់គ្នាយកឈ្នះចាញ់។
“នគរធំ” សាកល្បងយកសំណេរបណ្ឌិតសេង សារី មកពន្យល់ឱ្យស៊ីជម្រៅ ពាក់ព័ន្ធដល់ “ឌឺដង”។
-ធ្វើនយោបាយឱ្យគេអាណិត ៖ ឃ្លានេះ បណ្ឌិតសេង សារី រិះគន់ចំៗទៅលើ លោកកឹម សុខា ដែលព្យាយាមសុំជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទឹកមុខ ក្រៀមក្រំ។ ការចូលរួមសម្តែងមរណទុក្ខនៃសពម្តាយក្មេកសម្តេច ក៏ដូចសព បងប្រុសសម្តេច អាចទាក់ទាញមនោសញ្ចោតនានាយករដ្ឋមន្ត្រី ឱ្យ “សន្តោស ប្រណី” នៅពេលណាដែលខ្យល់នយោបាយប្តូរទិស។ អំណាចតុលាការ នៅក្រោម ព្រះរាជសិទ្ធិព្រះមហាក្សត្រ ឯនាយករដ្ឋមន្ត្រី ជាអ្នកក្រាបបង្គំទូលថ្វាយស្នើសុំ លើកលែងទោស សម្រាប់លោកកឹម សុខា ក្នុងករណីចាំបាច់។
-ធ្វើនយោបាយឱ្យរាស្ត្រគាំទ្រ ៖ ឃ្លានេះបណ្ឌិតសេង សារី ចង់ទូន្មានលោក កឹម សុខា ឱ្យគោរពឆន្ទៈរាស្ត្រដែលគាំទ្រអតីតបក្សប្រឆាំង ជណភ្រ។ បើចង់ ឱ្យរាស្ត្រគាំទ្រ លុះត្រាតែក្លាហានអង់អាច ហ៊ានតស៊ូមតិ ព្រោះថា ពេលនេះ លោកកឹម សុខា មិនទាន់មានទោសនៅឡើយ។
-នយោបាយចាក់អង្ករ យកអង្កាម ៖ ធម្មតាអង្ករ ដាំបាយ ហូបឆ្អែត តែ អង្កាមហូបមិនកើតទេ បានត្រឹមយកជាន់ឥដ្ឋ ឬបូកជញ្ជាំងដី កុំឱ្យប្រេះ។ បណ្ឌិត សេង សារី មានចេនាចង់ឱ្យលោកកឹម សុខា កុំបោះបង់បែកចិត្តពីរៀមច្បង សម រង្ស៊ី តែប្រឹងរក្សាទុកមនុស្សអែបអប ហុតទឹកសម្លឹងកាកមួយចំនួនឱ្យនៅក្បែរ។
-នយោបាយស៊ីចេកផឹកទឹក ៖ ឃ្លានេះ លោកសេង សារី ចង់ផ្តោតទៅលើ ការជប់លៀងផ្លែឈើ អាហារសម្រន់ រៀបចំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលលោកកឹម សុខា និងសហការី។
-ត្រៀមខ្លួនចូលនិវត្តន៍ ៖ ជារបៀបបង្ខំឱ្យលោកកឹម សុខា ចូលនិវត្តន៍ពី ឆាកនយោបាយ ខណៈដែលអតីតប្រធាន ជណភ្រ រូបនេះ នៅពេញកម្លាំង។
ចំណែក “របៀបអបអរសាទរ” ចេញពីអ្នកគាំទ្រលោកកឹម សុខា និងអ្នក-គាំទ្រ ជភភ នោះ “នគរធំ” បានពន្យល់ហេតុផលរួចមកហើយ មិនបាច់លើកទៀត ទេ គ្រាន់តែបញ្ជាក់ថា “សាទរ និងឌឺដង” វាអត់ចំណេញអ្វីដល់ជាតិទេ មានតែ ការបែកបាក់។
ពួកប្រឆាំងម្ខាងសាទរ ម្ខាងទៀតឌឺដង ដូចនាំគ្នាលើកជយភណ្ឌ ជូនបក្ស កាន់អំណាច ដោយមិនចាំបាច់ឃោសនា។
សម្រាប់អ្នកគាំទ្របក្សកាន់អំណាច (ជភភ) បើយកល្អ គួរ “បាំងដៃមើល” ប្រសើរជាងលូកដៃការពារលោកកឹម សុខា។ គេកំពុងតែសង្ស័យថា លោកកឹម សុខា បោះបង់គោលជំហរចាស់ រហូតដល់អង្គទូតបស្ចិមប្រទេសនានា ដាក់វេនគ្នា ចេញចូលជួយដាស់តឿនក្រើនរលឹកគាត់ កុំឱ្យឃ្លេងឃ្លោង។ ដូច្នេះ បើ ជភភ លូកដៃ គេម៉ៃថា “ទិញកឹម សុខា” នាំឱ្យប្រជាពលរដ្ឋកំពុងអត្តខាត់ ដោយសារ សេដ្ឋកិច្ចគ្រួសារជាប់បំណុលធនាគារ ធ្វើស្រែមិនបានផល ទោះជាគោរព ស្រលាញ់ នាយករដ្ឋមន្ត្រី ក៏អាក់អន់ចិត្តខ្លះដែរ។
ហេតុនេះ គួរទុកឱ្យពួកប្រឆាំង “សាទរ និងឌីដង” គ្នាទៅ ចំណែក ជភភ បាំងដៃឈរមើល មិនស្រួល?…’