អគ្គីភ័យឆក់យកជីវិតមនុស្ស​២៧នាក់និងរបួសជាង៣០

យ៉ាងហោចណាស់មនុស្ស២៧នាក់បានស្លាប់ និងជាង៣០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះអគារកម្ពស់៤ជាន់មួយកន្លែងក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ១៣ ឧសភា​ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំងAFP។

លោកSatpal​​​​​​​​  Bharadwajទទួលបន្ទុកប្រតិបត្តិការសេវាពន្លត់អគ្គីភ័យក្រុងដេលីបានប្រាប់ AFP ថា សាកសពដែលឆេះចំនួន២៧ត្រូវបានគេរកឃើញខណៈ អ្នករបួសទាំង១២នាក់កំពុងទទួលការព្យាបាល។លោក Bharadwaj បាន​បន្តថា មាន​មនុស្ស​ប្រហែល៧០នាក់​នៅ​ក្នុង​អគារ​ពេល​ភ្លើង​បាន​ឆាបឆេះ។ លោកបានមានប្រសាសន៍ថា មិនមានច្រករំដោះមនុស្សចេញទេ ហើយមនុស្សភាគច្រើនបានស្លាប់ដោយសារការថប់ដង្ហើម។ លោកបានបន្ថែមថាអ្វីៗនឹងដឹងបន្ថែមទៀតបន្ទាប់ពីការធ្វើកោសល្យវិច័យអាចត្រូវបានធ្វើឡើង។មូលហេតុនៃការឆេះមិនត្រូវបានគេដឹងនៅឡើយទេ។រដ្ឋធានីនៃប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន២០លាននាក់បច្ចុប្បន្នកំពុងរងគ្រោះដោយសាររលកកំដៅ ជាមួយនឹងសីតុណ្ហភាពឡើងដល់៤៦ អង្សាសេ នៅកន្លែងខ្លះ។

កាល​ពី​ខែ​មុន រលក​កម្ដៅ​បាន​បណ្ដាល​ឲ្យ​មាន​គំនរ​សំរាម​ដ៏​ធំ​មួយឆេះ។វាបានឆេះអស់ជាច្រើនថ្ងៃដោយបន្ថែមការបំពុលបរិយាកាសដ៏សាហាវរបស់ទីក្រុងនេះ។

រថយន្តពន្លត់អគ្គីភ័យប្រហែល ២០ គ្រឿងត្រូវបានប្រើប្រាស់ដើម្បីពន្លត់ភ្លើងនៅជិតស្ថានីយ៍រថភ្លើងក្រោមដី Mundkaភាគខាងលិចនៃរដ្ឋធានីនៃប្រទេសឥណ្ឌា។

ដោយ​មាន​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ជីវិត លោក​នាយក​រដ្ឋមន្ត្រីនរិន្ទ្រ​​មូឌីបាន​សន្យា​ផ្តល់​ប្រាក់​សំណងចំនួន ២០០.០០០ រូពីស្មើនឹង ២៥៨០ដុល្លារសម្រាប់សព្វម្នាក់ដល់​សាច់ញាតិ​ជនរងគ្រោះ ៕