ភ្នំពេញ៖សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកនិងម្ដាយភ្លាមៗក្រោយពីរថយន្ដរបស់នាងម៉ាកLexus Rx300 ព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BJ -1672 បានក្រឡាប់ចូលប្រឡាយទឹក កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៣និង៤៥នាទីរសៀល ឋិតនៅភូមិឆែបខាងកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។លោកមាស សុវត្ថិឌី អាយុ៥៩ឆ្នាំដែលជាឪពុកធារិកា ជាអ្នកបើកបរ និងម្ដាយរបស់នាងអ្នកស្រីពៅ សុទ្ធារី អាយុ៤៧ឆ្នាំបានស្លាប់ ខណៈដែលប្អូនប្រុសនាងឈ្មោះសុវត្ថិឌី ធារីរៈយុទ្ធ និងលោកយាយទេព សាផាន ជាម្ដាយសពរួមទាំងធារីកា ផ្ទាល់រងរបួសស្រាល។តារាចម្រៀងធារិកា បានយំសោកបោកខ្លួនឡើងខ្សោះទឹកភ្នែកហើយសពម្ដាយនិងឪពុករបស់នាងត្រូវបានដឹកយកមកធ្វើបុណ្យនៅវត្តសង្រ្កាន្ដតាព្រហ្មហៅវត្តស្ទឹងមានជ័យ និងបានបូជាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ ។ទុក្ខសោករបស់ធារិកា នាពេលនេះគឺគ្មានអ្វីប្រៀបផ្ទឹមបាននោះទេព្រោះនាងបានក្លាយទៅជាតារាចម្រៀងកំព្រាទាំងឪពុកនិងម្ដាយនៅអាយុ២៦ឆ្នាំនេះតទៅហើយ។

អំឡុងពេលដែលសុវត្ថិឌី ធារិកា កំពុងតែកាន់ទុក្ខយ៉ាងក្រៀមក្រំជូនឪពុកម្ដាយរបស់នាងធ្វើឲ្យគេនឹកឃើញដល់តារាចម្រៀងសាន់ដេសុខ ពិសី ដែលបានរងគ្រោះថ្នាក់ចរាចរណ៍និងជួបទុក្ខសោកស្រដៀងទៅនិងធារិកា នៅពេលនេះដែរហើយពិសី រងទុក្ខនិងជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងបំផុតអស់រយៈពេល១៤ឆ្នាំមកនេះ។កាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០០៨ សុខ ពិសី បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដLexus Rx300 ព័ណខ្មៅដែលនាងជាអ្នកបើកបរដោយផ្ទាល់នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យអ្នករួមដំណើរជាមួយនាងមានដូចជាម្ដាយបង្កើត ជីដូន និងក្មួយរបស់នាងផ្ទាល់បានបាត់បង់ជីវិតនៅនិងកន្លែង ស្របពេលដែលនាងរងរបួសបាក់ជើង ហើយសន្លប់ស្ដូក។ទុក្ខសោកក្នុងជីវិតរបស់ពិសី កាលនោះនិងរហូតមកដល់បច្ចុប្បន្នក៍មិនខុសពីធារិកា ដែរ តែនាងមានសំណាងជាងតារាថោនត្រង់ថាពិសី នៅមានឪពុកជាទីស្រលាញ់របស់នាងដែលចាំជួយផ្ដល់កំលាំងចិត្តឲ្យនាងគ្រប់ពេលវេលាទាំងអស់។គេចាំបានថាកាលនោះក្រោយពិសី ដឹងខ្លួននិងដឹងរឿងពិតថាមនុស្សជាទីស្រលាញ់របស់នាងបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍សាហាវនោះនាងគិតតែពីយំ និងមិនចង់រស់នៅតទៅទៀតឡើយ។ប៉ុន្ដែទាំងអ្នករួមអាជីពនិងក្រុមគ្រួសាររបស់នាងបានលើកទឹកចិត្តពិសី រហូតដល់នាងអាចតាំងអារម្មណ៍ឡើងវិញបាននិងសម្រាកពីសិល្បៈជាច្រើនឆ្នាំទើបវិលមកបន្ដអាជីពនៅសាន់ដេរហូតមកដល់បច្ចុប្បន្ន។ក្រោយពិសី បានដឹងថាឪពុកម្ដាយសុវត្ថិឌី ធារិកា បានទទួលមរណភាពក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នោះភ្លាមៗនាងបានចេញសារថា”បងសូមចូលរួមរំលែកទុក្ខផង ប្អូនស្រី រឹងមាំណាអូន”។

ចំពោះសុវត្ថិឌី ធារិកា ដែលជាអ្នកចម្រៀងច្រៀងនៅថោន វិញនាងមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការវិលត្រឡប់ទៅចាប់អាជីពចម្រៀងសារជាថ្មីនោះទេ។ប៉ុន្ដែសាច់ញាត្តិរបស់ធារិកា ប្រាប់អ្នកយកព័តមានយើងថាតារាកំពុងតែក្រៀមក្រំរូបនេះកាន់ទុក្ខរយៈពេលខ្លីពោលគឺក្រោយធ្វើបុណ្យខួបជូនឪពុកម្ដាយនាងគម្រប់៧ថ្ងៃរួចធារិកា នឹងពិចារណា ចាប់ផ្ដើមការងារសិល្បៈខ្លះៗឡើងវិញ។


ក្រៅពីសុវត្ថិឌី ធារិកា និងសុខ ពិសី តារាចម្រៀងដែលជួបគ្រោះថ្នាក់ចរាចរណ៍គូឲ្យរន្ធត់មានដូចជាលោកឧកញ៉ាខែម ប៊ុនថៃ អំឡុងពេលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ក្រុងកំពង់សោម កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០១៣ តាមរថយន្ដម៉ាកធុនដ្រាព័ណស ពាក់ស្លាកលេខ2N -7997 ត្រូវបានរថយន្ដកុងតឺណឺពាក់ស្លាកលេខភ្នំពេញ3A -9723 បានបើកបុកក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យស្លាប់អ្នករួមតំណើរអស់៤នាក់ ខណៈមនុស្ស៤នាក់ផ្សេងទៀតដែលជិះក្នុងរថយន្ដនោះដែររួមទាំងសិរីមន្ដ ផងបានរងរបួស។ដោយឡែកកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៥ តារាចម្រៀងស៊ិចស៊ីហ្វី ហ្វី ក៍បានជួបគ្រោះថ្នាក់ចរាចរណ៍នៅឃុំចម្ការលួងស្រុកកំពង់សិលា ផ្លូវជាតិលេខ៤ នៅពេលដែលនាងធ្វើតំណើរមកកាន់ភ្នំពេញហើយក៍រេចង្កូតឡានបុកជាមួយដើមឈើ តែមិនហេតុការណ៍នោះមិនបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតឡើយ៕

