Thursday, April 25, 2024
Homeសន្ដិសុខសង្គមនាយកក្រុមហ៊ុនចេញសែកស្អុយ សុំសងលុយតាមដំណាក់កាល

នាយកក្រុមហ៊ុនចេញសែកស្អុយ សុំសងលុយតាមដំណាក់កាល

ខេត្តកណ្តាល ៖ ក្រោយលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាឱ្យលោក ជុំ លីវណ្ណរិទ្ធ អ្នករកស៊ីមានមុខមានមាត់ម្នាក់នៅខេត្តកណ្តាល ចូលខ្លួនបង្ហាញមុខនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ ករណីចេញសែកស្អុយរួចមក លោកជុំ លីវណ្ណរិទ្ធ បានយល់ព្រមសងលុយដល់ដើមបណ្តឹង ជាដំណាក់ និងធ្វើកិច្ចសន្យាសងជាបន្តបន្ទាប់។

លោកឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២២ ថា ករណីចេញសែកស្អុយខាងលើ ត្រូវបានភាគីដើមបណ្តឹង ព្រមព្រៀងគ្នាដកពាក្យបណ្តឹងវិញហើយ ក្រោយធ្វើកិច្ចសន្យា ច្បាស់លាស់មួយជាមួយភាគីចុងចោទ ដោយយល់ព្រមសងទៅភាគីដើមបណ្តឹង ជាបន្តបន្ទាប់ទៅតាមកិច្ចសន្យា។

គួររំលឹកថា លោកជុំ លីវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជានាយកក្រុមហ៊ុនសៀងហៃគ្រុប មានលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានចូលខ្លួនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបំភ្លឺពាក់ព័ន្ធទៅនឹងបណ្តឹងពីបទឆបោក “ចេញសែកស្អុយ”។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា លោកលាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យឈ្មោះជុំ លីវណ្ណារិទ្ធ នាយកក្រុមហ៊ុនសៀងហៃគ្រុប ចូលមកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ពីបទឆបោក (ចេញសែកស្អុយ)។

ទោះជាយ៉ាងណា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គេឃើញវត្តមានលោកជុំ លីវណ្ណារិទ្ធ បានចូលបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងឈានដល់ការព្រមព្រៀងជាមួយនឹងដើមបណ្តឹង ដោយយល់ព្រមសងប្រាក់ ជាដំណាក់កាល ជាថ្នូរនឹងការដកពាក្យបណ្តឹង បញ្ចប់រឿងនៅចំពោះមុខសមត្ថកិច្ច៕

RELATED ARTICLES