Friday, April 26, 2024
Homeសន្ដិសុខសង្គមឃាត់ខ្លួនថៅកែស្រីហាងបោះពុម្ព ស៊ីដាច់លុយភ្ញៀវ ៥ម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែស្រីហាងបោះពុម្ព ស៊ីដាច់លុយភ្ញៀវ ៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអ្នកគ្រប់គ្រងហាងបោះពុម្ពអាវម្នាក់ ត្រូវបានភ្ញៀវដាក់ពាក្យបណ្តឹងពីបទរំលោភទំនុកចិត្ត (ស៊ីដាច់ប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារ) បន្ទាប់ពីស្ត្រីរូបនេះ បានទទួលប្រាក់ពីភ្ញៀវ ដើម្បីបោះពុម្ពអាវ ៥ម៉ឺនកំប្លេ ស្មើនឹងជាង ៦ម៉ឺនដុល្លារ រួចរាល់អស់ទៅហើយ តែដល់ថ្ងៃកំណត់ បែរជាប្រគល់អាវឱ្យភ្ញៀវមិនគ្រប់ចំនួន និងថែមទាំងគ្មានប្រាក់ប្រគល់ឱ្យភ្ញៀវវិញទៀត ទីបំផុតត្រូវភ្ញៀវនាំខ្លួនមកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ការឃាត់ខ្លួនស្ត្រីខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទឹម សុធាវី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះហេង ម៉ារ៉ាណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ ភេទប្រុស បានទាក់ទងជាមួយហាងបោះពុម្ភអាវ យីហោហេងហួរ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ដើម្បីកុម្មង់ឱ្យបោះពុម្ព អាវគណបក្ស ចំនួន ៥ម៉ឺនកំប្លេ (អាវនិងមួក) ក្នុងតម្លៃ ១កំប្លេ ១,៣ដុល្លារ សរុបជាទឹកប្រាក់ ៦៥០០០ដុល្លារ ដោយជនរងគ្រោះ បានកក់ប្រាក់ ចំនួន ៣៩០០០ដុល្លារ តាមគណនីធនាគារ ABA ដែលមានលេខកូដប្រតិបត្តិការ 8746790264 ទៅឱ្យជនសង្ស័យឈ្មោះទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រង និងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោ ហេងហូរ ដើម្បីដំណើរការក្នុងការកុម្មង់បោះពុម្ពអាវ ចំនួន ៥ម៉ឺនកំប្លេ (លើកទី១)។

របាយការណ៍ដដែល បន្តថា លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានកក់ប្រាក់ចំនួន ២៦០០០ដុល្លារទៀត តាមគណនីធនាគារ ABA លេខកូដប្រតិបត្តិការ 8830252730 ទៅឱ្យជនសង្ស័យឈ្មោះទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រង និងចាត់ចែងក្នុងហាងបោះពុម្ពអាវ យីហោហេងហួរ ដើម្បីដំណើរ ការក្នុងការកុម្មង់បោះពុម្ពអាវ ចំនួន៥ម៉ឺនកំប្លេ (លើកទី២) ដោយកំណត់ថ្ងៃយកអាវមុនពេលចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២។ បន្ទាប់មកជនសង្ស័យឈ្មោះទឹម សុធាវី បានបោះពុម្ពអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះឈ្មោះម៉ឹង សុខលាភ បានចំនួន ៥ម៉ឺនកំប្លេ (អាវ និងមួក) គិតជាប្រាក់មានចំនួន ៦៥០០០ដុល្លារ។

លុះមកដល់ថ្ងៃជិតចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ជនសង្ស័យបានផ្តល់អាវចំនួន ១២០០កំប្លេ (អាវនិងមួក) គិតជាប្រាក់ចំនួន ១៥៦០ដុល្លារ នៅសល់អាវចំនួន ៤៣ ៨០០កំប្លេ គិតជាប្រាក់មានចំនួន ៥៦៩៤០ដុល្លារ ដោយជនសង្ស័យឈ្មោះ ទឹម សុធាវី បានប្រគល់ប្រាក់ចំនួន ៥០០០ដុល្លារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ចំពោះចំនួនអាវដែលនៅសល់ គឺជនសង្ស័យពុំមានអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះនោះទេ។ ទើបនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ង៉ឹ សុខលាភ និងជំនួយការឈ្មោះហេង ម៉ារ៉ាណូ បានឃាត់ខ្លួនសង្ស័យឈ្មោះទឹម សុធាវី ភេទស្រី នាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង។

ដោយមានការសម្របសម្រួលនិងឯកភាពពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ បានអនុញ្ញាតឱ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះទឹម សុធាវី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ដោយផ្អែកតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យថា ពិតជាមានករណីដូចខាងលើប្រាកដមែន៕

RELATED ARTICLES