កូរ៉េខាងជើងប្រើអំបិលនិងឱសថបុរាណប្រឆាំងកូវីដ-១៩

បើទោះជាជំងឺឆ្លងកូវីដ-១៩​កំពុងរាតត្បាតពាសពេញផ្ទៃប្រទេសយ៉ាងណាក៏ដោយមេដឹកនាំប្រទេសកូរ៉េខាងជើង នៅតែមិនព្រមទទួលយកជំនួយវ៉ាក់សាំងរបស់ពិភពលោកជាពិសេសប្រទេសរួមផ្ទៃតែមួយកូរ៉េខាងត្បួង។ផ្ទុយទៅវិញប្រទេសអាវុធនុយក្លេអ៊ែរមួយនេះបានប្រើឱសថបុរាណសម្រាប់ការពារនិងព្យាបាលអ្ន​កជំងឺទៅវិញ។

ប្រទេសកូរ៉េខាងជើងបានបដិសេធយកទទួលយកវ៉ាកសាំងចំនួន ៣លានដែលផលិតដោយចិនកាលពីឆ្នាំមុន និងបដិសេធទទួលយកជំនួយប្រទេសផ្សេងទៀតក្រោម Covaxដែលជាគម្រោងចែករំលែកវ៉ាក់សាំងសកលតែកាលពីម្សិញមិញប្រទេសនេះត្រូវបានគេរាយការណ៍ថា បានបញ្ជូនយន្តហោះចំនួនបីគ្រឿងដើម្បីប្រមូលសម្ភារៈពេទ្យពីទីក្រុង Shenyang ប្រទេសចិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃសុក្រទី​២០​ឩសភា ២០២២​បានអោយដឹងថា​ទីក្រុងព្យុងយ៉ាងបានប្រើឱសថបុរាណមួយចំនួនដូចខាងក្រោមនេះ៖

ទឹកក្តៅៈមេដឹកនាំកូរ៉េខាងជើងបានណែនាំអោយប្រជាជនប្រើឱសថបុរាណរួមមានទឹកខ្ញីតែផ្កាក្រអូប(honeysuckle)និងស្លឹកគ្រៃ។ភេសជ្ជៈក្តៅអាចជួយសម្រាលរោគសញ្ញាកូវីដ-១៩បានមួយចំនួនដូចជាឈឺបំពង់ក ឬក្អកនិងជួយជាតិទឹកនៅពេលដែលអ្នកជំងឺបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ខ្ញីក៏អាចជួយបំបាត់ការរលាកនិងកាត់បន្ថយការឈឺចាប់ផងដែរ។

ទឹកអំបិលៈ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​KCNA ថ្មីៗ​នេះ​បាន​សម្ភាស​គូស្នេហ៍​មួយ​គូ​ដែល​បាន​ណែនាំ​ឱ្យ​ខ្ពុរមាត់ជាមួទឹក​អំបិល​ពេល​ព្រឹក​និងយប់ខណៈអំបិលរាប់ពាន់តោនត្រូវបានបញ្ជូនទៅទីក្រុងព្យុងយ៉ាងដើម្បីធ្វើថ្នាំសំលាប់មេរោគ។

ការ​សិក្សា​ខ្លះ​បាន​ណែនាំ​ឱ្យ​លាង​សម្អាត​ច្រមុះ​ដោយ​ទឹក​អំបិល​ប្រឆាំង​នឹង​មេរោគ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ។ប៉ុន្តែ​មាន​ភស្តុតាង​តិច​តួច​ដែល​ពួក​គេ​ពន្យឺត​ការ​រីក​រាល​ដាល​នៃកូវីដ។

ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំអង់ទីប៊ីយោទិច(Antibiotics)

ទូរទស្សន៍រដ្ឋបានណែនាំអ្នកជំងឺឱ្យប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា៖ ibuprofen អាម៉ុកស៊ីលីន(amoxicillin) និងថ្នាំអង់ទីប៊ីយោទិច(Antibiotics)ផ្សេងទៀត។

គួររំឭកថាកាលពីថ្ងៃសុក្រកូរ៉េខាងជើងមានអ្នកឆ្លងថ្មីជាង២៦ម៉ឺននាក់ស្លាប់ចំនួន២នាក់ដែលធ្វើអោយតួលេខឆ្លងសរុបជាង២លាននាក់និងស្លាប់៦៥នាក់។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ៕