Friday, March 29, 2024
Homeនយោបាយយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើម បក្សទេវតា ហែក្បួនធំជាងគេ ទូទាំងរាជធានី-ខេត្ត

យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើម បក្សទេវតា ហែក្បួនធំជាងគេ ទូទាំងរាជធានី-ខេត្ត

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ គណបក្សដែលមានឈ្មោះនៅក្នុងបញ្ជីប្រកួតប្រជែងការបោះឆ្នោត បានធ្វើការជួបជុំសមាជិក សមាជិកា អ្នកគាំទ្រ ហែក្បួននៅតាមដងផ្លូវ ប្រកបដោយបរិយាកាសគួរឲ្យចាប់

អារម្មណ៍ ។ ប៉ុន្តែក្នុងនោះ មានការសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា មានការហែក្បួនធំ និងច្រើជាងគេ ទូទាំងរាជធានី-ខេត្ត ។

          ពិធីហែក្បួនរបស់គណបក្សនយោបាយ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ។

សម្រាប់គណបក្សប្រជាជនកម្ពុជា ការហែក្បួននៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ។

          លោកឃួង ស្រេង បានថ្លែងឃោសនាថា «ជយោ! គណបក្សប្រជាជនកម្ពុជា! ជយោ! សន្តិភាព! ជយោ! នយោបាយឈ្នះ-ឈ្នះ! គណបក្សប្រជាជនកម្ពុជា ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន! គណបក្សប្រជាជនកម្ពុជា បន្តជំរុញការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ! ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ដើម្បីធានាអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន!»

          ជាមួយនេះ លោកឃួង ស្រេង បានបញ្ជាក់ថា ក្នុងចំណោមគណបក្សទាំង១១ ដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ នេះ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលមានអ្នកចូលរួមគាំទ្រដង្ហែក្បួនច្រើនជាងគេ ហើយលោកបានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកនេះ បានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋាន ឱ្យរីកចម្រើន និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២ នេះ ។ លោកបានជូនពរឱ្យលោកចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតបន្តទៀត ហើយលោកបានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោម

ការដឹកនាំរបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនជនកម្ពុជា បានអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ ។ បន្ថែមពីនេះទៀត សម្តេច បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ។ ដូច្នេះសូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះឆ្នោត ថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

          នៅខណ្ឌមានជ័យ រាជធានីភ្នំពេញដដែល ពិធីហែក្បួន ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងលោក ស ថេត អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ។

          ពីលើវេទិកាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម លោក ប៉ា សុជាតិវង្ស បានលើកបង្ហាញនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

          ជាមួយគ្នានោះដែរ លោក ស ថេត បានរំលឹកពីការដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅតំបន់នេះ ហើយរកបានមកនូវសុខសន្តិភាពពេញលេញ ជាធាតុដ៏សំខាន់សម្រាប់កសាងនិងអភិវឌ្ឍន៍សង្គមកម្ពុជា។        

          នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេច ស ខេង បានគូសបញ្ជាក់អំពីសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ ឯកភាពទឹកដីដែលកើតចេញស្នាដៃនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា គឺបង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថិរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

សម្ដេច បានបន្តថា ចាប់ពីបដិសន្ធិ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ដោយប្រែប្រួលនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន ឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបគ្គ ធ្វើពលីកម្មឥតរួញរា ដើម្បីកម្ពុជាមួយ មានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សម្ដេច បន្តថា រយៈពេល ៤៣ឆ្នាំនៃដំណើរការស៊ូសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនឥតគណនា ជាប្រវត្តិសាស្រ្ត ដូចមានជាសក្ខីភាពជាក់ស្ដែងស្រាប់។ សម្ដេច បន្តថា ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីអភិវឌ្ឍឃុំ-សង្កាត់។

សម្ដេច បន្តថា ប្រទេសកម្ពុជា ក្រោមការដឹនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដំណើរការទៅមុខក្នុងជំហរដ៏រឹងមាំ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សមិទ្ធផលទាំងអស់នេះ បានកើតឡើងនូវក្ដីសង្ឃឹម និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាជនគ្រប់រូបនៅថ្ងៃអនាគត។ សម្ដេចបន្តថា ការអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យគ្រប់ឃុំ-សង្កាត់ មានការអភិវឌ្ឍប្រែប្រួល នៅក្រោមម្លប់សន្តិភាព មានស្ថិរភាព ជីវភាពល្អប្រសើរ រស់នៅដោយសុខសាន្ត សុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ពិសេសការអនុវត្តគម្រោង និងមូលនិធិថវិកា។

សម្ដេច បន្តថា ប្រជាជនទាំងអស់ សុទ្ធតែទទួលបានផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ដូចជាការបង្កើតនិងពង្រីកមុខរបរ វិស័យកសិកម្ម មិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារ ការកសាងហេដ្ឋារចនាសម្ព័ន្ធឃុំ-សង្កាត់ ការផ្ដល់សន្តិសុខស្បៀង អាហារូបត្ថម្ភ ទឹក និងថាមពល និងការផ្ដល់សេវាសាធារណៈនានា ព្រមទាំការផ្ដល់សេរវាគាំពារសង្គមជាដើម។

ក្នុងអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ សម្ដេច ស ខេង  បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន បានដឹកនាំគ្រប់គ្រងប្រទេសប្រយុទ្ធនឹងជំងឺឆ្លងនេះ ធ្វើឱ្យប្រជាជនរួចផុតពីជំងឺនេះ ពិសេសការចាក់វ៉ាក់សាំងជូនប្រជាជនដោយមិនយកកម្រៃ និងបានអនុវត្តយ៉ាងសកម្មនូវប្រព័ន្ធគាំពារសង្គមដល់អ្នករងគ្រោះខ្លាំងក្នុងវិបត្តិនេះ។ តាមរយៈសមិទ្ធទាំងនេះ សម្ដេច បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ មានជាអាទិ៍ កសាងឃុំ- សង្កាត់ ឱ្យទៅជាឃុំ-សង្កាត់លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធសេរីភាពប្រជាជនគ្រប់រូប ពង្រឹងសុខដុមនីយកម្ម លើកកម្ពស់សីលធម៌ មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានបទល្មើស និងផ្ដល់សេវាសាធារណៈឱ្យបានល្អ ដោយឥតគិតថ្លៃ ដូចជាការចុះបញ្ជីអត្តសញ្ញាណកម្ម និងចំណុចសំខាន់មួយចំនួនទៀត។

ពីវេទិកាអធិបតីនោះដែរ សម្ដេច បានណែនាំនិងផ្ដាំផ្ញើពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន ដូចជាត្រូវធានាថែរក្សាឲ្យបានជាប្រចាំនូវសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ធានាឲ្យសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស មានឯកសារគ្រប់គ្រាន់ សម្រាប់កាន់ទៅបោះឆ្នោត ។

សម្ដេច បានណែនាំឱ្យរៀបចំទុកដាក់ ថែរក្សាឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ឲ្យគត់មត់ និងកាន់យកទៅជាមួយនៅថ្ងៃបោះឆ្នោត ត្រូវរៀនគូសលើសន្លឹកឆ្នោតគំរូ ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានត្រឹមត្រូវ ស្គាល់លំដាប់លេខរៀងគណបក្សយើងនៅលើសន្លឹកឆ្នោតឃុំ-សង្កាត់នីមួយៗ ធានាថាសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស បានទៅបោះឆ្នោតគ្រប់គ្នា។

សម្ដេច ស ខេង ក៏បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ ការអនុវត្តតាមទិសដៅ «សមាជិកគណបក្ស ១រូប ជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក» និងណែនាំឱ្យអំពាវនាវដល់បងប្អូន កូនចៅ ជាសាច់ញាតិ សមាជិកគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។

          ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តសៀមរាប បានធ្វើឡើងក្រោមអធិបតីលោក ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសៀមរាប  ដោយបានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ១.៤ម៉ឺននាក់ ដង្ហែក្បួនឃោសនានៅក្រុងសៀមរាប ។

          ពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក គន់ គីម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ។

          ក្នុងការអបអរសាទរការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះដែរ សម្ដេចទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «យើងត្រូវចងចាំថា មានតែគណបក្សប្រជាជនមួយគត់ ដែលរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានរឹងមាំ និងជួយប្រជាជនក្រីក្រ និងងាយរងគ្រោះ ពិសេសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនទូទាំងប្រទេសដោយឥតគិតថ្លៃ»។

          លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានដឹកនាំការហែក្បួនថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ បានជូនពរឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជា ។

          លោកសោម ពិសិដ្ឋ បានលើកឡើងថា “ថ្ងៃនេះ ខ្ញុំក៏បានចេញដំណើរទៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្តកែប ដើម្បីពិនិត្យមើលស្ថានភាពទូទៅ អំពីដំណើរការឃោសនាពីគោលនយោបាយបក្ស ជូនដល់ប្រជាពលរដ្ឋយើងផងដែរ ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់សមាជិកបក្សយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាពទាំងអស់គ្នា ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង” ។

          លោកជាម យៀប សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រៃវែង ។

          លោកកែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខេត្តបន្ទាយមានជ័យ ដោយមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមក្នុងយុទ្ធនាការនេះ ។

          លោកជុំ កុសល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា “យើងបោះឆ្នោតគាំទ្រមេឃុំ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៥ បន្តទៀត ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍមូលដ្ឋាន ដែលបានចែងក្នុងកម្មវិធីនយោបាយ ២០២២-២០២៧ ឲ្យបានជោគជ័យ ។ មេឃុំ ចៅសង្កាត់ ដែលយើងស្គាល់ចិត្តថ្លើមហើយ យើងត្រូវទុកគាត់ឲ្យនៅបម្រើយើង ៥ឆ្នាំទៀត ក៏កាន់តែល្អ ព្រោះគាត់ស្គាល់ការងារច្បាស់ ។ សូមកុំទោរទន់តាមការសន្យាណាមួយ ពីសំណាក់អ្នកនយោបាយមុខដដែល ប្រើភាសាដដែលឲ្យសោះ ព្រោះនេះមិនមែនទើបតែការចាប់ផ្តើមទេ។ របៀបភូតកុហក បោកប្រាស់ សន្យាចោល ប្រើសារនយោបាយនាំអារម្មណ៍ឲ្យឡើងឋានសួគ៌ គឺយើងឆ្លងកាត់ម្ភៃឆ្នាំមកហើយ ដូច្នេះមិនមានអ្វីចម្លែក និងថ្មីសម្រាប់យើងទេ ។ រឿងដែលបងប្អូនប្រជាពលរដ្ឋត្រូវធ្វើគឺ ការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ រង់ចាំថ្ងៃបោះឆ្នោតមកដល់ បងប្អូនតម្រង់ចិត្តតែមួយគត់ គឺគូសលើសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា តាមលេខរៀងនៃឃុំ-សង្កាត់របស់បងប្អូនរស់នៅ ឲ្យបានគ្រប់ៗគ្នាកុំបីខាន“ ។

          សូមបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន មាន ៩ចំណុច ដូចខាងក្រោម ៖

          ១. សម្រេចបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្រ្គោះជាតិ ឲ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន ។

          ២. បាននាំមកជូនប្រជាជនវិញ និងថែរក្សា លើកស្ទួយឥតឈប់ឈរនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅរបស់ប្រជាជន កិត្តិយស និងសេចក្ដីថ្លៃថ្នូរដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ។

          ៣. ធ្វើជាកម្លាំងស្នូលនៃការផ្សះផ្សា បង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងពុំអាចខ្វះបានក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដែលជាមូលដ្ឋាននៃការបង្កើតឡើងរដ្ឋធម្មនុញ្ញ និងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

          ៤. បញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយជោគជ័យ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជា ប្រជាធិបតេយ្យត្រូវរលំរលាយទាំងស្រុង ។

          ៥. ការពារ ពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ លើកកម្ពស់ការគោរពសិទ្ធិមនុស្ស សម្រេចបានការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យ៉ាងទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលទទួលបានការគាំទ្រនិងការសាទរដ៏កុះករពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ ។

          ៦. អនុវត្តការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយប្រកបដោយផ្លែផ្កា ដែលបានធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ថ្នាក់ ការពង្រឹងយុត្តិធម៌ សមធម៌សង្គម ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការជំរុញកំណើនសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។

          ៧. ស្ដារសេដ្ឋកិច្ច សង្គម ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ឲ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យសង្គមជាតិ មានការផ្លាស់ប្ដូរយ៉ាងធំធេងដែលពុំអាចគិតស្មានដល់ ។ ព្រមជាមួយនោះ រាល់កេរដំណែលរប្បធម៌ជាតិ ត្រូវបានការពារ និងថែរក្សា ។ កម្ពុជា បានស្ថិតក្នុងចំណោមប្រទេសលើពិភពលោកដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាប្រទេសនាំចេញស្បៀងមួយ និងសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ។ ក្នុងអំឡុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គណបក្ស ការពារបាននូវសុខភាពសាធារណៈ អាយុជីវិតប្រជាជន និងរក្សាបាននូវលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង គ្រប់ដណ្ដប់នៅទូទាំងប្រទេស ។

          ៨. ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈបានរឹងមាំ ធ្វើឲ្យបរាជ័យនូវរាល់ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានាដែលមានបំណងរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ។

          ៩. ស្ដារនិងលើកស្ទួយកិត្តិយស កិត្យានុភាពជាតិឡើងវិញ លើការឆាកអន្តរជាតិ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការអន្តរជាតិ ៕ កុលបុត្រ

RELATED ARTICLES