Thursday, April 25, 2024
Homeនយោបាយក្រសួងការងារ អនុញ្ញាតឱ្យកម្មករឈប់សម្រាក ១ថ្ងៃមុនបោះឆ្នោត និង១ថ្ងៃក្រោយបោះឆ្នោត

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករឈប់សម្រាក ១ថ្ងៃមុនបោះឆ្នោត និង១ថ្ងៃក្រោយបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការ អនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ០១៩/២២ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «យោងសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

អាណត្តិទី៥ និងសេចក្តីជូនដំណឹងលេខ ៣៧៤ សជណ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត

ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ម្ចាស់ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ   មុនថ្ងៃបោះឆ្នោត និង១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

ទន្ទឹមនឹងនេះ ម្ចាស់ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម ៖

១- រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិត ពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ នៅពេលត្រឡប់មកវិញឡើយ។

២- ចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាត ដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ផាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន។

៣- និយោជក ត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទៅបោះឆ្នោត។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិត ខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។

ក្រសួង មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិត អនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងលើនេះ ធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងលេខ៣៧៤ សជណ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវត្ថុ «ករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្តីពីការឈប់សម្រាករបស់បងប្អូនកម្មករនិយោជិត ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២» និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២២ ដោយក្នុងលិខិតនោះ បញ្ជាក់ថា «ដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យបងប្អូនកម្មករនិយោជិត ឈប់សម្រាកដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង៕ ដារិទ្ធ

RELATED ARTICLES