ដោយ អាចារ្យថាំ
នៅក្នុងអក្សរសិល្ប៍បុរាណ រឿង “មាយាស្រី” បានតំណាលពីស្រីផិតប្តី ទៅ បន់អ្នកតាឱ្យកាច់ប្តី ដើម្បីយកសហាយ។ ចៃដន្យប្តីទៅជីកដំឡូង ក្រោយខ្ទម អ្នកតា លុះឃើញប្រពន្ធដើរមក ក៏ពួនចាំស្តាប់ និងឮប្រពន្ធបន់អ្នកតាឱ្យកាច់ខ្លួន បែបនេះ ក៏ហួសចិត្តតែម្តង។ ប្តីនោះឆ្លាត ក៏ក្លែងធ្វើសំឡេងអ្នកតា ងេវៗ បង្គាប់ ស្រីផិត ទៅស្ងោរមាន់ឱ្យប្តីស៊ី វានឹងងាប់មិនខាន។ ប្រពន្ធនោះ ស្មានថា អ្នកតា បង្គាប់ ក៏ទៅកាប់មាន់ស្ងោរឱ្យប្តីស៊ី ឯបុរសនោះ ស៊ីមាន់ឆ្អែត ក៏ត្អូញចុកពោះ ប្រើ ប្រពន្ធឱ្យដាំទឹកក្តៅងូត នឹងអាលស្លាប់។ ស្រីផិតដឹងថា ប្តីត្រូវអ្នកតាកាច់ហើយ ក៏ទៅដាំទឹកក្តៅ រួចនាំសហាយមកប្រលែងគ្នា ឯប្តីនោះធ្វើជាក្រោកអង្គុយក្អក ឃូស!ៗ ប្រពន្ធខ្លាចប្តីដឹងពីកំហូចរបស់ខ្លួន ក៏ប្រាប់សហាយឱ្យចូលពួនក្នុងពាង។ ពេលប្រពន្ធយកក្អមទៅដងទឹកត្រពាំង មកលាយទឹកក្តៅឱ្យខ្លួនងូត បុរសជាប្តី ក៏លើកឆ្នាំងទឹកក្តៅ ស្រោចលើសហាយដែលពួនក្នុងពាង ងាប់ទៅ។
បើយករឿង “មាយាស្រី” មកប្រៀបធៀបនឹង “គ្រួសារ ជណភ្រ” គឺដូចគ្នា បេះបិទ ខណៈដែលអតីតមន្ត្រីប្រឆាំង បែកបាក់គ្នា រត់ចោលមេបក្ស។
លោកបណ្ឌិត សេង សរី អ្នកវិភាគនយោបាយ-សង្គម បានផុសសំណេរតាម ហ្វេសប៊ុក ជាអាទិ៍ថា “ក្នុងនាមជាអ្នកស្មោះស្ម័គ្រនឹងមេ ត្រូវជួយរកដំណោះស្រាយ ជូនមេ មិនមែនដើរជេរគេដើម្បីមេទេ ឬបន់ឱ្យគេរំលាយដៃគូខ្លួនឯង តែមិនប្រឹង កសាងកម្លាំងនយោបាយខ្លួននោះទេ។ ការជេរអ្នកដទៃដើម្បីមេ និងការដេក បន់ឱ្យគេរំលាយអ្នកនេះ អ្នកនោះ មិនមានសរសេរក្នុងសៀវភៅយុទ្ធសាស្ត្រ នយោបាយអ្នកប្រជាធិបតេយ្យឡើយ ទាន់!”។
សំណេរបណ្ឌិតសេង សារី ប្រហែលជាវាយបកទៅលោកមុត ចន្ថា ជំនួយការ លោកកឹម សុខា ដែលតែងផុសសំណេរតាមហ្វេសប៊ុក ជារឿយៗ វាយប្រហារ លោកសុន ឆ័យ ដូចសំណេរមួយឃ្លាថា “សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន ខុសច្បាប់” ជាពិសេស លោកមុត ចន្ថា តែងតែប្រាប់ទៅក្រសួងមហាផ្ទៃ ឱ្យត្រួត- ពិនិត្យលក្ខន្តិកៈបក្សភ្លើងទៀន ដែលមាន “ទណ្ឌិតនៅពីក្រោយ” ទៀតផង។
មានន័យថា “បន់អ្នកតាឱ្យកាច់ប្តី” ដូចរឿង “មាយាស្រី” តែម្តង ដោយហេតុថា អតីតគណបក្សសង្គ្រោះជាតិ “ជណភ្រ” គេប្រៀបធៀបលោកសម រង្ស៊ី និង សហការីគាត់ “ជាប្តី” រីឯលោកកឹម សុខា និងសហការីគាត់ “ជាប្រពន្ធ”។ លុះប្តី ប្រពន្ធនេះ ឈ្លោះគ្នាចែកចានឆ្នាំងកន្ទេលខ្នើយ ស្រាប់តែភាគីប្រពន្ធ “បន់អ្នកតា ឱ្យកាច់ប្តី”។
ឥឡូវឃើញ “អ្នកតាមហាផ្ទៃ” កាច់លោកសុន ឆ័យ មួយហើយ អាចធ្វើឱ្យ លោកសុន ឆ័យ “ចុកពោះ” លែងបានធ្វើអនុប្រធានបក្សភ្លើងទៀន។ ភាគីប្រពន្ធ នៅតែព្រួតគ្នាបន់អ្នកតាឱ្យកាច់ “យាយសុខហួរ” ថា “ជួយឃោសនាឱ្យភ្លើងទៀន” សូម្បីតែលោកអ៊ូ ច័ន្ទរ័ត្ន និងលោកប៉ុល ហំម ដែលបែកចេញពីលោកកឹម សុខា ក៏ភាគីប្រពន្ធនោះ រអ៊ូរទាំថា “បក្សកំណែទម្រង់កម្ពុជា របស់លោកតាប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន សម្បូរដោយមនុស្សលាបពណ៌ និងមួលបង្កាច់”។
ហេស! ហេ! អារឿងប្តីប្រពន្ធឈ្លោះចែកកន្ទេល ចែកគ្រែគ្នាយ៉ាងនេះ អត់ស្រួលទេ បើភាគីប្តីមិនឆ្លាត ច្បាស់ជាប្រពន្ធទៅបន់អ្នកតាឱ្យកាច់ស្លាប់ អត់ ប្រយោជន៍។ ចំណែកប្រពន្ធផិតនោះ កុំចេះតែហ៊ានពេក ដឹងថា ប្តីកំពុងចុកពោះ នាងហ៊ានហៅសហាយមកប្រឡូកប្រលែងដល់ក្នុងផ្ទះ ប្រយ័ត្នប្តីឆ្លាត ស្រោច ទឹកក្តៅ រលាករលួយខ្លួនប្រុសស្នេហ៍។
អ្នកតាមហាផ្ទៃ ក៏មិនចេះតែជឿតាមសម្តីស្រីផិត ដែលបន់ឱ្យប្តីងាប់នោះ ដែរ ឯរឿង “អ្នកតាកាច់ម្សៀសុន ឆ័យ” គឺមកពីខុសច្បាប់ និងលក្ខន្តិកៈបក្ស មិនមែនអ្នកតាធ្វើតាមការបែរបន់នោះទេ។
ភាគីប្រពន្ធនោះ នៅតែបន់អ្នកតា អត់ឈប់ទេ បន្ទាប់ពីសម្រេចបំណំងធ្វើ ឱ្យម្សៀ សុន ឆ័យ របូតខោមក អាចបន់ឱ្យអ្នកនយោបាយមួយចំនួនទៀត នៅ ក្នុងស្រុក ដែលជួយអុជភ្លើងទៀន ឱ្យ “រលាកភ្លើង” ក៏ថាបាន។
ធម្មតាស្រីផិត អត់អាសូរប្តី ធ្លាប់ឱបត្រកង កម្សត់កម្រជាមួយគ្នានោះទេ ឱ្យតែកាមតណ្ហាដល់ក លែងគិត ក៏ប្តឹងអ្នកតាឱ្យកាច់ប្តី។
ទោះយ៉ាងណា រឿង “មាយាស្រី” បញ្ចប់ត្រឹម ស្រីផិត និងប្តីឆ្លាតនោះ “ល្អូក- ល្អិននឹងគ្នាវិញ” បានទាំងទ្រព្យសម្បត្តិបោកប្រាស់ពីចោរ និងនាយសំពៅ មកដាក់ ផ្ទះ។ នាងនោះផិតប្តី លុះប្តីមិនប្រកាន់ទោសអូសដំណើរ ក៏ប្រែចិត្តអាណិតប្តីវិញ។ យ៉ាងណាមិញ រវាងភាគីប្តី សម រង្ស៊ី និងភាគីប្រពន្ធ កឹម សុខា បន្ទាប់ពីឈ្លោះ ចែកកន្ទេលខ្នើយគ្នាអស់ចិត្តអស់ចង់ ក៏ល្អូកល្អិននឹងគ្នាវិញ បង្កើតបានកូនមួយ- កន្ទេលរោង ចាំតែមើលទៅ ហេស! ហេ!…’