Sunday, November 24, 2024
Homeនយោបាយឈ្លោះដណ្តើមបាយកក

ឈ្លោះដណ្តើមបាយកក

ដោយ អាចារ្យថាំ

អាសុខ អាសៅ អាយុ១០ឆ្នាំ ដំណាលគ្នា ទៅនៅវត្តរៀនធម៌បួសនេន ស្រាប់តែ ឈ្លោះវ៉ៃគ្នាដណ្តើមបាយកក នៅពេលល្ងាច ក៏ត្រូវលោកគ្រូសូត្រ ដាក់ម្នាក់៣ រំពាត់ផ្តៅ ប្រដៅឱ្យឈប់ដណ្តើមគ្នាទៀត។

ករណីក្រុមប្រឆាំង ខាងលោកកឹម សុខា និងខាងលោកសម រង្ស៊ី ឈ្លោះជេរ គ្នារញ៉េរញ៉ៃពេញបណ្តាញសង្គមនោះ ក៏មិនខុសពី “អាសុខ អាសៅ វ៉ៃគ្នាដណ្តើម បាយកក” គួរតែដាក់ម្នាក់ ៣រំពាត់ ឱ្យរាងចាល ប៉ុន្តែគ្មានគ្រូសូត្រឯណាមកប្រដៅ អាសុខ អាសៅ នោះទេ។

ក្មេងវត្តពីដើម អត្តខាត់ណាស់ ព្រោះព្រះសង្ឃមិនរក្សាទុកស្បៀងអាហារ ដូចជាអង្ករត្រីងៀត ត្រីឆ្អើរជាដើម។ នៅពេលព្រឹក លោកនិមន្តបិណ្ឌបាត ឆាន់ តែ១ពេលៗ តែបើមានអង្ករដែលទាយក ទាយកា ប្រគេន ឬប្លុងឧទ្ទិសដល់វិញ្ញាណ- ក្ខន្ធសព លោកក៏យកអង្ករបន្លុងនោះ ដាក់បបរឆាន់ព្រឹក។

ហេតុតែព្រះសង្ឃមិនរក្សាទុកស្បៀងជាអង្ករពេញៗបាវដូចព្រះសង្ឃសព្វថ្ងៃ ទើបក្មេងវត្តអត្តខាត់ វ៉ៃគ្នាដណ្តើមបាយកក ដែលសល់ពីបាយបាត្រ ចាក់ទុកក្នុង ក្លាំពីព្រឹក រហូតមានកំណាព្យមួយល្បៈថា “នេះគឺច្បាប់ក្រម ទាត់ធាក់វាយដំ ដណ្តើម បាយកក…” ដែលជារឿងមិនបំផ្លើសឡើយ។

យ៉ាងណាមិញ ក្មេងវត្ត១ក្រុម ដឹកនាំដោយអាសៅ ឬក្រុមលោកសម រង្ស៊ី ដូចជាលោកសេង រតនា, ប៉ាង សុខឿន, ឆាំ ឆានី ជាដើម កំពុង “ឃ្លានបាយកក” រមូលពោះគ្រូកៗ។ ចំណែកក្មេងវត្ត ១ក្រុមទៀត ដឹកនាំដោយអាសុខ ឬក្រុម លោកកឹម សុខា មានដូចជា លោកមុត ចន្ថា, លិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, យឹម ស៊ីណន, ច័ន្ទ រាម បោយ រើយ ជាដើម ក៏កំពុងរមូលពោះឃ្លាន បាយកក មិនធម្មតាដែរ។

បាយកកស្រមោចរោមនោះ សំដៅដល់ “មុខតំណែង លាភសក្ការៈ” ដែល របូតពីដៃ មិនដឹងធ្វើយ៉ាងណាបានមកវិញ ក្រោយពេល ជណភ្រ ត្រូវរលំរលាយ ទៅនោះ ម៉្លោះហើយ ក្រុមអាសៅ កំពុងតែផ្តោតក្តីសង្ឃឹមទៅលើបក្សភ្លើងទៀន “អាចក្លាយជាបាយកក” សម្រាប់ខ្លួនហូបពេលល្ងាច។

ចំណែកក្រុមអាសុខ ក្មេងវត្តចេញពីវត្ត ជណភ្រ ដូចគ្នានោះ មិនបានអុជ ភ្លើងទៀននឹងគេ ក៏ “ប្រឹងផ្លុំពន្លត់” ធ្វើឱ្យកើតជាជម្លោះ វ៉ៃគ្នា ប៉ោងភ្នែក ព្រោះតែ បាយកកស្រមោចរោម។

ហេស! ហេ! នឹកឱ្យសព្វៗទៅ អាណិតក្មេងវត្តទាំងពីរក្រុមនេះពេកកន្លង មិនគួរណាឡើយ ស្រេកឃ្លានដល់ថ្នាក់វ៉ៃគ្នាប៉ោងភ្នែក។ មើលទៅកន្លែងដេកទៀត សោត ទម្លាក់ខ្នងដល់គ្រែពេលណា “សង្កើចខាំ” អេះប្រញាយ ព្រោះតែកន្ទេល ខ្នើយ ក្អែលកាន់ សុទ្ធតែពងសង្កើច។ ងាកទៅម្ហូបអាហារ សោះកក្រោះ សែត- ព្រលែតសល់ ពីព្រឹក បើមិនវ៉ៃគ្នា ធ្វើម៉េចបានឆ្អែតពោះ?

ដោយឡែក “គ្រូសូត្រមហាផ្ទៃ” មិនគួរធ្មេចព្រះនេត្របណ្តែតបណ្តោយឱ្យ កូនសិស្ស កូនសេក្ខ វ៉ៃគ្នា យ៉ាងនេះទេ គួរតែព្រះអង្គដាក់ម្នាក់៣រំពាត់ ឱ្យរាង- ចាលម្តងទៅ! បើគ្រូសូត្រ កាន់ជើងអាសុខ ដោយវ៉ៃតែអាសៅ ក៏មិនសមដែរ ត្រូវតែហៅកូនសេក្ខទាំងពីរ មកលុតជង្គង់ ដាក់ម្នាក់ ៣ខ្វាប់ ឱ្យស្មើៗគ្នា ទើប សមជាគ្រូសូត្រ កាន់ធម៌ឧបេក្ខា។

តាំងពីរកាលបរិច្ឆេទឃោសនា បោះឆ្នោត មេឃុំ-ចៅសង្កាត់ ចូលមកដល់ យើងឃ្លាំមើលឃើញថា ក្រុមអាសុខ អាសៅ “ស្រេកឃ្លានបាយកក” ដូចគ្នា ក៏ លោតធាក់គ្នា ភ្លេចអនុស្សាវរីយ៍ធ្លាប់ដេកគ្រែតែមួយឱ្យសង្កើចខាំ។

ក្រុមអាសៅ មានឆាំ ឆានី, សំខាន់ជាងគេ ចេះក្បាច់គុនល្បុក្កតោ ពីខ្មោចតា គាត់ ក៏ចេញគុនពីចម្ងាយ ឃោសនាយកបាយកកថា “ញាតិអើយកុំឆោត បើចង់ បានឆ្នោត បានមកសេរី ការពារសិទ្ធិខ្លួន ប្រជាធិបតេយ្យ ការពារទឹកដី គឺបក្ស ភ្លើងទៀន”។

ចំណែកក្រុមអាសុខ មានលោកមុត ចន្ថា សំខាន់ជាងគេ លោតធាក់ក្រុម អាសៅ ចេញជាសំណេរថា “កុំធ្វើនយោបាយទុច្ចរិត! មាត់ចោទគេថា ធ្វើនយោ- ទុច្ចរិត ប៉ុន្តែខ្លួនឯងក៏កំពុងធ្វើនយោបាយទុច្ចរិត និងកំពុងបំពានច្បាប់ជាធរមាន”។ និយាយរួម វត្តពីដើម មានតែអាសុខ អាសៅ វ៉ៃគ្នាដណ្តើមបាយកក តែឥឡូវ មានក្រុមអាសុខ ក្រុមអាសៅ ឈ្លោះគ្នារញ៉េរញ៉ៃ ឃ្លានបាយកក មិនចេះខ្មាស ញាតិញោមជើងវត្ត។

ជម្លោះនេះ មកពីលោកគ្រូសូត្រមហាផ្ទៃ មិនព្រមវាយប្រដៅ បានជាអ៊ីចឹង ជួនកាល ក៏មានសិស្សគណឯទៀត របស់លោកគ្រូសូត្រ នាំគ្នាកាន់ជើងអាសុខ ធ្វើឱ្យបាត់បង់ធម៌ឧបេក្ខា។ ហេតុនេះជាសំណូមពររបស់ “នគរធំ” សូមនិមន្ត ព្រះតេជគុណគ្រូសូត្រ កាប់រំពាត់ផ្តៅ រោលភ្លើងឱ្យរឹងបន្តិច ទុកវ៉ៃប្រដៅសិស្ស ខូច ឈប់ឈ្លោះដណ្តើមបាយកកគ្នាទៀត តែបើលោកគ្រូធ្វើស្លូតៗបែបនេះ ជួន កាលក្រុមអាសុខ អាសៅ វាយគ្នាជ្រុល បែកឆ្នាំងដី សម្រាប់ដាក់ចង្ហាន់ ខាតធំ ណាស់ទាន! ហេស! ហេ!…’

RELATED ARTICLES