Friday, April 26, 2024
Homeនយោបាយស្វាស៊ីបាយ លាបមាត់ពពែ

ស្វាស៊ីបាយ លាបមាត់ពពែ

ដោយ អាចារ្យថាំ

តាៗញៀនកាហ្វេបួនប្រាំនាក់ ដែលធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) ប៉ុន្តែសព្វថ្ងៃពួកគាត់ចាស់ៗ មិនចូលរួម ជាមួយបក្សប្រឆាំងណាទៀតទេ ដោយអង្គុយផឹកកាហ្វេ អូសហ្វេសប៊ុក តាមដានការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ព្រឹកម្សិលមិញ ស្រាប់តែតាម្នាក់ធ្លោយមាត់ថា “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” បន្ទាប់ពីគាត់បាន ឃើញអ្នកហែភ្លើងទៀន នៅខេត្តសៀមរាប ស្រែកជយឃោសថា “ជយោ! គណបក្សសង្គ្រោះជាតិ!” ជាហេតុនាំឱ្យបក្ស កាន់អំណាច មានលេសប្តឹងផ្តល់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពាក្យសម្តីតាញៀនកាហ្វេដែលថា “ស្វាស៊ីបាយ យកទៅ លាបមាត់ពពែ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្នុងរឿងព្រេងខ្មែរមួយ បានតំណាលពីថ្មើរព្រៃម្នាក់ ចូលព្រៃរកកាប់ឈើ ដោយបណ្តើរសត្វសំណព្វចិត្តគាត់ ២ក្បាល ទៅជាមួយផង គឺពពែ និងស្វា។ ទៅដល់វាលស្មៅមួយ មានទឹកអូរហូរកាត់ នាយព្រានក៏លែងពពែឱ្យស៊ីស្មៅ រួចក៏ទៅដេក ក្រោមម្លប់ឈើ លង់លក់ទៅ ដោយទុកបាយកញ្ចប់ក្បែរខ្លួន។ ពេលនោះ អាស្វាកំហូចឃ្លានបាយ ក៏លួចយកបាយកញ្ចប់ទៅ ស៊ីឆ្អែត តែវាជាសត្វឆ្លាត ក៏យកបាយដែលនៅសល់ ទៅប៉ាតលាបមាត់ពពែ ជាប់ប្រតាក។

ថ្មើរព្រៃនោះក្រោកឡើង យកបាយមកស៊ី ឃើញសល់តែស្លឹកចេក និងឃើញគ្រាប់បាយជាប់មាត់ពពែ ខឹងណាស់ ក៏ទាញដំបងវាយពពែនោះឡើងទ្រមខ្លួន ឯអាស្វាកំហូចរួចខ្លួនទទេ។

រឿងនេះត្រូវបានអ្នកសិក្សាអក្សរសិល្ប៍ យកជាប្រទីបបំភ្លឺផ្លូវ ដាស់តឿនមនុស្សឱ្យប្រយ័ត្នមនុស្សខូចដែលធ្វើការជាមួយ ប្រើស្នៀតបង្ខូចកេរ្តិ៍ឈ្មោះមនុស្សស្អាតស្អំ ធ្វើឱ្យអ្នកល្អ អ្នកជានោះរងគ្រោះ ឯមនុស្សពុករលួយខិលខូចរួចខ្លួន។

យ៉ាងណាមិញ ករណីតាញៀនកាហ្វេដែលមាននិន្នាការប្រឆាំង លើកឡើងពីរឿង “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” នោះ គាត់ចង់ផ្តោតទៅលើ “ភាគីទី៣” ដែលប្លមខ្លួនចូលហែក្បួនជាមួយបក្សភ្លើងទៀន។ លុះមានឱកាសភាគីទី៣នោះ ក៏ស្រែកជយឃោសថា “ជយោ! គណបក្សសង្គ្រោះជាតិ” ដែលជាខ្មោចបក្សត្រូវតុលាការកំពូលរំលាយចោល ជាង ៤ឆ្នាំ មកហើយ ឯមេដឹកនាំ ជណភ្រ ក៏វ័ណ្ឌកដោយសារច្បាប់ពាក់ព័ន្ធដល់ “សន្ទិដ្ឋភាពជាមួយបរទេស”។ បើសិនជាសកម្មជន ភ្លើងទៀន ហ៊ានស្រែកជយោ! សរសើរខ្មោចបក្សនោះ វាខុសច្បាប់ និងលក្ខន្តិកៈពេញទី អាចប្រឈមនឹងការដាក់ពិន័យ ឬ បញ្ឈប់មិនឱ្យបោះឆ្នោត។

ករណីនេះ អត់ភ័ស្តុតាងឯណាចោទភាគីទី៣នោះទេ ប៉ុន្តែសព្វថ្ងៃ ដោយហេតុថា ពួកប្រឆាំងបែកបាក់គ្នា រញ៉េរញ៉ៃ ជាពិសេស ពួកប្រឆាំងក្រុមលោកកឹម សុខា តែងតែព្យាយាមចង់ឱ្យ “ផ្លុំពន្លត់ភ្លើងទៀន” ផងនោះ អាចធ្វើឱ្យតាៗញៀន កាហ្វេ ដាក់ការសង្ស័យថា ជា “ភាគីទី៣” ហ្នឹងឯង។

សូម្បីតែបក្សកាន់អំណាច (ជភភ) ក៏មានមនុស្សប្រឆាំងជ្រៀតចូលដែរ ដូចជាបុគ្គលឈ្មោះអ៊ុក ទូច គប់ស្បែកជើង ដាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលអញ្ជើញទៅអាមេរិក ក៏ត្រូវពួកប្រឆាំង លាបពណ៌ថា “អ៊ុក ទូច ជាក្មួយប្រសា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី” ប៉ុន្តែ ជភភ បានបដិសេធ។ ទីបំផុត តុលាការអាមេរិក មិនខ្វល់ថាជាភាគីខាងណា នោះទេ ឱ្យតែធ្វើខុសច្បាប់ ហ៊ានប្រមាថឥស្សរជនដឹកនាំប្រទេស ក៏កាត់ទោស អ៊ុក ទូច ឱ្យជាប់គុក៣ឆ្នាំ ២ខែ និងដក សញ្ជាតិអាមេរិក។

អ៊ីចឹងបើ ជភភ ប្តឹងអ្នកហែបក្សភ្លើងទៀនដែលស្រែក “ជយោ! គណបក្សសង្គ្រោះជាតិ” នោះទៅ គ.ជ.ប ឱ្យដកសិទ្ធិ បោះឆ្នោត ឬយ៉ាងណានោះ គួរតែ “គ.ជ.ប ស៊ើបអង្កេត” ឱ្យហ្មត់ចត់ ដូចតុលាការអាមេរិក។ បើរកឃើញថា ជាមនុស្សបន្លំ ឬជាក្រុមលោកកឹម សុខា ចង់ទម្លាក់កំហុសភ្លើងទៀន តាមល្បិច “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” គួរតែ គ.ជ.ប ចាត់ វិធានការសហការជាមួយក្រសួងមហាផ្ទៃ “ចាត់ការបុគ្គលដែលស្រែកជយោ!” មិនមែនដកសិទ្ធិបោះឆ្នោតមនុស្ស១ឃុំ-សង្កាត់ ឬបេក្ខជននោះទេ។

“នគរធំ” មិនបានដឹងការពិតដល់កម្រិតណានោះទេ តែយល់ថា “ជភភ មិនលេងល្បិច “ស្វាស៊ីបាយ យកទៅលាបមាត់ ពពែ” យ៉ាងនេះទេ តែអាចជាភាគីដែលស្អប់ពួក ភ្លើងទៀន ដែលមានមេប្រឆាំងសម រង្ស៊ី នៅពីក្រោយ។

លោកសុខ ឥសាន អ្នកនាំពាក្យ ជភភ បានផុសសំណេរតាមហ្វេសប៊ុក ថា “ការស្រែកជយោ! គណបក្សសង្គ្រោះជាតិ= គឺជាការប្រឆាំងនឹងសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល… គឺជាការចូលដៃជើងជាមួយខ្មោចបក្សសាង-គ្រោះជាតិ ដែលខុសច្បាប់”។

សំណេរនេះ ជាការត្រឹមត្រូវហើយ ព្រោះបើពួកភ្លើងទៀន ល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែក្តី មន្ទិលសង្ស័យរបស់តាញៀនកាហ្វេដែលពួកគាត់ចាស់ៗ ទោះមិនបានទៅហែបក្សភ្លើងទៀន ដែលពួកគាត់ពេញចិត្ត ក៏ពួកគាត់ តាមដានហ្វេសប៊ុក យូធូប ជានិច្ច។ បើតាៗសង្ស័យថាជា “ភាគីទី៣ ឬបាតដៃទី៣” គួរតែសមត្ថកិច្ចស៊ើបអង្កេត បុគ្គលស្រែកជយោ! ខ្មោចបក្សនោះផង ក្រែងលោជាមនុស្សដែលស្អប់ខ្ពើមពួកភ្លើងទៀន តែក៏មានអតីតកាលធ្លាប់គាំទ្រ ជណភ្រ ដូចគ្នា។

យើងឃើញហើយ ពួកប្រឆាំងឈ្លោះគ្នាពេញបណ្តាញសង្គម ក្លាយជា “ជម្លោះត្រីកោណ” គឺខាង ជភភ ខាងសម រង្ស៊ី និងខាងកឹម សុខា ឈ្លោះគ្នាពេញជា៣មុំ អត់ត្រូវធាតុគ្នាទេ។ ក្រុមសហការីលោកកឹម សុខា ថ្ងៃណាក៏ឃើញដៀមដាមឱ្យ សម រង្ស៊ី សុន ឆ័យ ថាច់ សេដ្ឋា ដែលនាំគ្នាដុតទៀន អ៊ីចឹងឧបមាថា មានអ្នកគាំទ្រលោកកឹម សុខា ប្លមខ្លួនចូលហែភ្លើងទៀន ដែរនោះ តើអ្នកណាដឹង? បើកាលមុនគាត់ជាសកម្មជន ជណភ្រ។ ចំណុចនេះមិនចាំបាច់ពន្យល់វែងឆ្ងាយទេ។

ការដែលនិស្សិតបញ្ញវន្ត ធ្វើបាតុកម្មវាយស្ថានទូតអាមេរិក ឆ្នាំ១៩៦៤ គ្មានរដ្ឋាភិបាលឯណាចេញបញ្ជាឱ្យគប់បំបែក កញ្ចក់អគារ ឬសម្ភារៈការិយាល័យស្ថានទូតនោះទេ។ កាលប្រជាពលរដ្ឋខ្មែរ ខឹងតួកុនស្រីថៃ នាងផ្កាយព្រឹក ដែលថាអង្គរវត្ត ជារបស់ថៃ ក៏លើកគ្នាទៅវាយដុតបំផ្លាញស្ថានទូតថៃ នោះ សួរថា រដ្ឋាភិបាលកម្ពុជា ប្រើឱ្យធ្វើ? តាមពិតសកម្មភាពទាំង នោះវា ចេញពី “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” ទុកឱ្យរដ្ឋាភិបាល សងគេល្វីងមុខ ព្រោះតែឱបក្តាប់ភាគីទី៣ មិនបាន ណែនដៃ។

ឱ្យតែដល់រដូវឃោសនាបោះឆ្នោតម្តងៗ ឃើញ “ចេញតែក្បាច់ដដែលៗ” ក្លាយជាវប្បធម៌ទៅហើយ គ្មានអីប្លែកទេ។ ជួនកាលពួកប្រឆាំងខ្លះ ទៅគាស់រំលំស្លាកគណបក្សខ្លួនតាមដងផ្លូវ រួចគេចោទថា “ជភភ ជាអ្នកបំផ្លាញ” ក៏មានដែរ។ ក្បាច់ “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” ជាយុទ្ធសាស្ត្រថោកទាបបំផុត សម្រាប់តែ “មនុស្សកំសាក យកមកប្រើ” តែបើមនុស្ស ក្លាហាន ចិត្តសឿង គេមិនធ្វើយ៉ាងនេះទេ។

យុទ្ធសាស្ត្រនយោបាយ បើចេញតែក្បួនដដែលៗ គ្មានអ្វីដែលថ្មីនោះ ថាធ្វើឱ្យថយតម្លៃគោលការណ៍នយោបាយ បើមនុស្សមាន “បញ្ញាចក្ខុ” គេមើលធ្លុះដល់ពោះវៀនបត់ចន្ទាស របស់អ្នកធ្វើនោះ។

ការរៀបរាប់ដោយត្រួសៗខាងលើនេះ “នគរធំ” សរសេរទៅតាមអ្វីដែលតាៗញៀនកាហ្វេធ្លាប់គាំទ្រខ្មោចបក្ស ជណភ្រ ដែលគាត់សង្ស័យថា មានភាគីទី៣ បន្លំខ្លួនចូលក្បួនហែភ្លើងទៀន។ យើងក៏យល់ដែរថា មុននឹងចាប់ផ្តើមយុទ្ធនាការឃោសនា បោះឆ្នោត មេភ្លើងទៀន សុទ្ធតែបានពន្យល់កូនចៅកុំឱ្យយកពាក្យសង្គ្រោះជាតិ មកប្រើ ដែលនាំឱ្យវ័ណ្ឌក ប៉ុន្តែមេៗភ្លើង-ទៀន មិនអាចណែនាំបុគ្គលដែលស្អប់ភ្លើងទៀន និងសម រង្ស៊ី បានឡើយ។

ហេតុនេះ មុននឹង “វ៉ៃពពែមាត់ប្រឡាក់បាយ” គួរតែស៊ើបអង្កេតឱ្យហ្មត់ចត់សិន ព្រោះពពែស៊ីស្មៅខ្ចីល្វក់ក្បែរដងអូរ តែអាស្វាស៊ីស្មៅមិនកើត ក៏សម្លឹងឃើញតែបាយកញ្ចប់។ គ.ជ.ប សុទ្ធតែមានបណ្ឌិតបញ្ញវន្តជំនាញខាងច្បាប់ បម្រើការងារ មិនល្ងង់ដូចនាយថ្មើរព្រៃ ដែល “វ៉ៃពពែទ្រមខ្លួននោះទេ ច្បាស់ជាបញ្ចោញចំណេះជំនាញ ស៊ើបអង្កេតហ្មត់ចត់ណាស់ ពីករណី អ្នកស្រែកជយោ! គណបក្សសង្គ្រោះជាតិ” នោះ។

សរុបទៅ “ស្វាស៊ីបាយ យកទៅលាបមាត់ពពែ” ជាបទបរិយាយមិនលម្អៀង ជួយផ្តល់យោបល់ដល់ គ.ជ.ប និងក្រសួង មហាផ្ទៃ “ប្រយ័ត្នវ៉ៃច្រឡំ”។ ថ្ងៃបោះឆ្នោត កាន់តែកៀកណាស់ហើយ បើ គ.ជ.ប ឬក្រសួងមហាផ្ទៃ ចាត់ការអ្នកហែបក្ស ដែលស្រែកសរសើរខ្មោចបក្សខុសច្បាប់នោះ ដោយដកសិទ្ធិបោះឆ្នោតពីបេក្ខជនមេឃុំ ចៅសង្កាត់ នៅមូលដ្ឋាននោះ ក៏មិន ចំណេញស្អីដែរ គួរទុកឱ្យគាត់ចូលប្រកួតចុះ ព្រោះសូម្បីតែក្មេងជំទង់ រៀនបឋមសិក្សា ក៏ដឹងថា “បក្សទេវតា ឈ្នះមិនបាច់ ប្រឹង” អ៊ីចឹងខំសំពងពពែនោះធ្វើអី?….’

RELATED ARTICLES