ដោយ អាចារ្យថាំ
ប្រព័ន្ធបោះឆ្នោត មាន២គឺ “ឯកត្តនាម និងសមាមាត្រ” ដែលកម្ពុជា ធ្លាប់ ឆ្លងកាត់អស់ហើយ បើគិតតាំងពីស្រុកបានឯករាជ្យពីអាណានិគមបារាំង។ ប្រព័ន្ធ ឯកត្តនាម គឺជ្រើសយកបុគ្គលណាដែលរាស្ត្រស្រលាញ់ឱ្យឡើងជាមេឃុំ ចៅសង្កាត់ ឬតំណាងរាស្ត្រ។ ចំណែកប្រព័ន្ធសមាមាត្រ គឺជ្រើសយកគណបក្សណាដែលរាស្ត្រ ស្រលាញ់ ឯបេក្ខជនមេឃុំ-ចៅសង្កាត់ តំណាងរាស្ត្ររបស់បក្សដែលមានឈ្មោះ លើគេ ត្រូវជាប់ដោយស្វ័យប្រវត្តិ។
ប្រព័ន្ធឯកត្តនាម ធ្វើឱ្យរាស្ត្របានសើមមាត់ ព្រោះច្បាប់បើកឱកាសឱ្យបេក្ខជន ប្រើល្បិចស្នៀត ឬលុយកាក់សម្ភារៈ ស្ទូចយកទឹកចិត្តរាស្ត្រដោយសេរី ទោះជា ចែកលុយ ចែកខោអាវ ឬចែកស្រា នំបញ្ចុក ក៏តាមចិត្តចុះ អត់ឃាត់ទេ។ ដោយ ហេតុថា ច្បាប់បើកឱ្យប្រើលុយ ទើបមានការហាមឃាត់ទាហាន ប៉ូលិស សិស្ស និស្សិត រហូតដល់ព្រះសង្ឃ មិនឱ្យបោះឆ្នោតទេ ព្រោះមនុស្សប៉ុន្មានពួកនោះ ជា “បុគ្គលអព្យាក្រឹត”។
ដោយឡែកប្រព័ន្ធសមាមាត្រពីមុន អត់ឃាត់ពីរឿងឱ្យលុយកាក់ដល់រាស្ត្រ នោះទេ ប៉ុន្តែដោយសារបក្សកាន់អំណាច “សម្បូរលុយ” ឯបក្សប្រឆាំង ក្រីក្រ អត្តខាត់ ជាហេតុនាំឱ្យពួកប្រឆាំងតវ៉ា ឈប់ឱ្យមានការចែកលុយ ចែកសារុង ក្រមា តទៅទៀត ដោយប្រើតែចិត្តសាស្ត្រអូសទាញបានហើយ។
កាលពីសម័យសង្គមរាស្ត្រនិយម “បោះឆ្នោតសើមមាត់” ដូចកាលអាចារ្យថាំ នៅជំទង់ បានឃើញការបោះឆ្នោតជ្រើសមេឃុំ ជាក់ស្តែងនឹងភ្នែក។ នៅថ្ងៃ បោះឆ្នោតនោះ នៅខ្លោងទ្វារសាលារៀនមួយ មានរៀបចំកញ្ជើនំបញ្ចុក ថ្លាង ទឹកនំ របោយ ដាក់តម្រៀបពេញលើតុ ដោយមានសកម្មជនរបស់ “មេឃុំចាស់” ចាំតែបោយដៃហៅអ្នកទៅបោះឆ្នោត ចូលហូបនំបញ្ចុកសិន។ ជា “អាហារសេរី” បើយាយតា ពូ មីងណា ចង់ហូបទឹកញាំ ទឹកខ្ជាយ ទឹកការី អី ដួសលាយហូប ខ្លួនឯងទៅ ដោយមានទឹកតែ ទឹកថ្នាំបុក ដាំពុះខ្ជោលនៅក្បែរនោះ។
នៅម្ខាងទៀត មានដាក់ឪទិនស្រា-ស តម្រៀបគ្នា ដែលឪទិនមួយៗមាន ស្រាចំណុះ ៣០លីត្រ ជំនាន់នោះ គេហៅថា ឪទិនស្រែះ ដឹកមកពីផ្ទះកុងស៊ី ស្រា។ មានពែងដាក់លើថាស អមដោយជ្រក់ស្ពៃ ជ្រក់ល្ហុង ជ្រក់ត្រសក់ ពេញ ចាន និងមានចង្កឹះបិតពីប្ញស្សី ដាក់ក្បែរចានជ្រក់។ សកម្មជនខាងបេក្ខជន “ព្រឹទ្ធាចារ្យ” ចាំតែបោយដៃហៅអ្នកបោះឆ្នោត ទៅដាក់ម្នាក់១ពែង ក្លែមជ្រក់ ស្ពៃ ឱ្យកាត់សាញសិន ចាំទៅបោះឆ្នោត តែអ្នកកាងឪទិនស្រា សំណូមពរថា ដាក់តែ១ពែង បានហើយ ក្រែងព្រិលភ្នែក បោះឆ្នោតមិនកើត។
នៅជ្រុងម្ខាងទៀត បេក្ខជនមកពី “ស្មៀនសាលាស្រុក” បានឱ្យរៀបបង្អែម ចេកខ្ទិះ នំបំពួនស្ករ បបរសណ្តែក ទាំងក្លាំៗ និងចាត់កូនក្មួយឱ្យចាំបោយដៃហៅ អ្នកបោះឆ្នោត ចូលហូបបង្អែមសិន។
កាលនោះបេក្ខជនមាន ៣រូប គឺមេឃុំចាស់, ព្រឹទ្ធាចារ្យប្រចាំភូមិ និងស្មៀន សាលាស្រុក។ ពួកគាត់លក់ដីចម្ការ គោ ក្របី យកលុយមកឃោសនារកសំឡេង ឆ្នោត តែចុងក្រោយ មេឃុំចាស់ ជាប់១អាណត្តិទៀត ដោយសាររាស្ត្រស្រលាញ់ គាត់ ដែលពេលបុណ្យសពអ្នកភូមិម្តងៗ មេឃុំនោះចូលសម្តែងមរណទុក្ខជាមួយ គ្រួសារសព ដល់ក្តារមឈូស មិនដែលខានឡើយ។ រីឯព្រឹទ្ធាចារ្យប្រចាំភូមិ ចាញ់ ឆ្នោត ដោយសារគាត់មានប្រពន្ធក្មេងលេងខ្លួនពេក អត់ខ្វល់ថា ប្តីជាអ្នកធម៌អាថ៌ សាស្ត្រាបាលីនោះទេ។ រីឯបេក្ខជនស្មៀនសាលាស្រុក ល្បីថាគាត់ធ្វើបញ្ជីជាតិ អេតាស៊ីវិល ឬបើមានរាស្ត្រ ពឹងពាក់ឡើងជួបចៅហ្វាយស្រុក លោកស្មៀននោះ ទារលុយ ទើបសន្លឹកឆ្នោតគាត់បានតិចតួចណាស់។
ឥឡូវបោះឆ្នោតតាមសមាមាត្រ ជ្រើសមេឃុំ-ចៅសង្កាត់ អាណត្តិទី៥នេះ “រាស្ត្រស្ងួតជើងធ្មេញ” អត់នំបញ្ចុក ស្រា-ស បង្អែម ដាក់ខ្លោងទ្វារមណ្ឌលបោះ- ឆ្នោតដូចមុនទៀតទេ។ គ្រាន់តែពួកភ្លើងទៀន ចែកលុយគ្នា ក៏មានការប្តឹងផ្តល់ ដែរ ដើម្បីសងសឹកពួកប្រឆាំង ដែលរិះគន់ ជភភ រឿងចែកអំណោយ។
ដល់អ៊ីចឹងទៅ រាស្ត្រខាតធំណាស់ បើដូចពីមុន បាននំបញ្ចុកទឹកញាំ រោយ បង្គា ឆ្ងាញ់ណាស់ ក៏បោះឆ្នោតឱ្យមេឃុំចាស់។ ឥឡូវមានស្អី? បើច្បាប់បោះឆ្នោត ហាមទិញសន្លឹកឆ្នោត បានត្រឹមរាស្ត្រធ្វើមុខជូរហួញ ព្រោះទៅឈរចាំមុខបន្ទប់ រួយជើងណាស់។
បើអនាគតអាចកែទៅជា “ឯកត្តនាម” វិញ ច្បាស់ជារាស្ត្រចំណេញធំ ឯ បុគ្គលពុករលួយ ខិលខូច កុំរំពឹងថា ជាប់ឆ្នោតឱ្យសោះ។ សំខាន់បំផុត រាស្ត្រ ចំណេញបានសើមមាត់សើមក តែបើស្ងួតជើងធ្មេញដូចពេលនេះ គ្មានចំណេញ ស្អីទេ! ហេស! ហេ!…’