ដោយ អាចារ្យថាំ
លោករស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានផុសសំណេរតាមហ្វេស- ប៊ុកថា “សកម្មភាពលោកសម រង្ស៊ី គ្មានហានិភ័យដល់បក្សភ្លើងទៀន ឡើយ។ គណបក្សកាន់អំណាច គ្រប់គ្រងសមរភូមិគ្រប់ទិសដោយគ្មានហានិភ័យដូចគ្នា”។
សំណេរនេះ ស្របនឹងទស្សនៈ “នគរធំ” នៅត្រង់មើលឃើញឥរិយាបថលោក សម រង្ស៊ី ដែលប្តូរគោលជំហរពី “ដេកផ្ទះឈ្នះឯង” មកជាគាំទ្របក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។
សុភាសិតថា “ចង្កូតមិនដែលត្រង់” មិនខុសឡើយ ព្រោះលោកសម រង្ស៊ី ជា អ្នកកាន់ចង្កូតបក្សប្រឆាំង មិនត្រង់ទេ ជួនកាលគាត់កាច់បត់ទៅលិច ជួនបត់ទៅ កើត ធ្វើឱ្យអ្នកគាំទ្រគាត់ វិលក្បុង ដេញតាមមិនទាន់។ ពីមុន គាត់ប្រកាសទាមទារ សង្គ្រោះជាតិ ឱ្យបានមកវិញ និងដាច់ខាតមិនចូលរួមការបោះឆ្នោត បានទាំងធ្វើ យុទ្ធនាការក្រៅប្រទេស ប្រឆាំងនឹងបក្សកាន់អំណាច (ជភភ) យ៉ាងស្វិតស្វាញ។
លោកសម រង្ស៊ី បត់ចង្កូតលឿនណាស់ ដូចកាលពីឆ្នាំ២០១៣ គាត់ដឹកនាំ តំណាងរាស្ត្រ ជណភ្រ ធ្វើពហិការចូលរដ្ឋសភា ដោយចោទប្រកាន់ថា “គ.ជ.ប បន្លំ សន្លឹកឆ្នោត” គាត់បានទាំងដឹកនាំសហការី ទៅស្បថនៅមុខប្រាសាទអង្គរវត្ត ទៀតផង។
មិនបានប៉ុន្មាន ស្រាប់តែលោកសម រង្ស៊ី បញ្ចប់ពហិការ ដឹកនាំគ្នីគ្នា សរុប ៥៥ រូប ចូលអង្គុយកៅអីរដ្ឋសភា យ៉ាងរំភើយ និងបានធ្វើអន្តរាគមន៍ ឱ្យ “ប្អូនកឹម សុខា បានតំណែងអនុប្រធានទី១ នៃរដ្ឋសភា”។
ឥឡូវយុទ្ធសាស្ត្រលោកសម រង្ស៊ី ជាន់ដានចាស់ទៀតហើយ ព្រោះគាត់ធ្លាប់ ប្រកូកប្រកាសឱ្យអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) កុំទៅបោះឆ្នោត បើគ្មាន ជណភ្រ ចូលរួម។ តែមានឯណា! គាត់បង្ហាញមុខដោយចំហនៅពីក្រោយ បក្សភ្លើងទៀន ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យ។
បក្សកាន់អំណាច ក៏មិនល្ងង់អីទៅបន្ទច់បង្អាក់បក្សភ្លើងទៀន មិនឱ្យបោះឆ្នោត នោះដែរ ដូចអ្វីដែលលោករស់ សារ៉ុម ថា “សម រង្ស៊ី គ្មានហានិភ័យដល់បក្សភ្លើងទៀន”។
ជភភ កំពុងរង់ចាំមើល “កម្លាំងស្ទុះរបស់ភ្លើងទៀន” បើមិនឱ្យបោះឆ្នោត តើ ធ្វើម៉េចអាចស្ទាបស្ទង់ដឹង? ឥឡូវដឹងហើយ បន្ទាប់ពីបានលទ្ធផលបណ្តោះអាសន្ន ថា ភ្លើងទៀន បានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួនតែមួយប៉ុណ្ណោះ។
បើពួកប្រឆាំង នៅរួបរួមគ្នា ដូចកាលបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ ទើប ជភភ គួរដល់ការញញើតញញើមខ្លះដែរ តែពេលនេះ ជណភ្រ ប្រេះបែកជា២ ទៅ ហើយ មានរឿងអីត្រូវញញើតទៀត?
ឥរិយាបថលោកសម រង្ស៊ី នៅបត់បែនទៀត មិនទាន់ចប់ត្រឹមបោះឆ្នោតឃុំ- សង្កាត់អាណត្តិទី៥ នេះទេ ព្រោះសំខាន់មិនដល់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិ ទី៧ ឆ្នាំ២០២៣។ គ្មានអ្នកកាសែត ឬអ្នកវិភាគណា អាចទាយត្រូវថា តើមេប្រឆាំង នោះ បានចូលស្រុកវិញ ឬយ៉ាងណានោះទេ បើជោគវាសនាមេប្រឆាំង នៅក្នុងដៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងនេះ។
បើកាលណា លោកសម រង្ស៊ី នៅតែមិនអាចចូលស្រុកបាន ឥរិយាបថគាត់ នៅតែបត់ឆ្វេង បត់ស្តាំ មើលមិនធ្លុះ។ មុខរបរធ្វើនយោបាយ ដូចគាត់ “មិនចេះ ដាច់បាយ ឬស្ងួតហៅប៉ៅនោះទេ” ឃើញនៅតែមានលុយជិះយន្តហោះ ដើរហើរ ក្រៅប្រទេស។
ដូច្នេះ ដើម្បីមានបាយ មានលុយ លុះត្រាតែគាត់ផ្លាស់ប្តូរឥរិយាបថជារៀង- រហូត អត់នៅទ្រឹងតែមួយកន្លែងបានឡើយ ប៉ុន្តែសម្តេចហ៊ុន សែន ប្រមុខ ជភភ ក៏មានវិធីទប់ទល់មិនធម្មតាដែរ ទោះបីជាមេប្រឆាំងនោះចេញក្រឡាអុកយ៉ាង ណា ក៏សម្តេច ទប់ជាប់រហូត…’