ភ្នំពេញ ៖ មន្ទីរពេទ្យឯកជនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែ

មិថុនា ឆ្នាំ២០២២ នៅចំណុចមន្ទីរពហុព្យាបាលអន្តរជាតិ ខេម៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨ ផ្លូវ២៩៤ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ម្ចាស់ទីតាំងមន្ទីរពេទ្យដែលទទួលរងការឆាបឆេះខាងលើ មានឈ្មោះ អ៊ុក សុវណ្ណតារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរវេជ្ជបណ្ឌិត។ ចំណែកប្រភេទសំណង់ដែលទទួលរងការឆាបឆេះ ជាសំណង់ថ្មបេតុង មានទំហំ ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ។

តាមការបញ្ជាក់ឱ្យដឹងពីខាងមន្ទីរពេទ្យខាងលើ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ឆេះខូចខាតប្រព័ន្ធទូរ Server Network ទំហំ ១,៥ម៉ែត្រ គុណនឹង ២ម៉ែត្រ ចំនួន ១គ្រឿង តែពុំបានឆេះដល់ផ្ទះអ្នកជិតខាងឡើយ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា មូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី យ៉ាងណាហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ។

ប្រភពដដែល បន្តថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ កម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ៣គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៣រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ដោយពន្លត់ចប់ជាស្ថាពរ (ភ្លើងរលត់ទាំងស្រុង) នៅវេលាម៉ោង ៨ព្រឹក ថ្ងៃដដែល៕