ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ចង់បានប្រពន្ធ តែម្តាយខាងស្រីបង្គាប់ថ្លៃទឹកដោះ ៣០០០ដុល្លារ លុះសន្សំលុយក្របានពេក ក៏ក្រាបសំពះសុំអ្នកឧកញ៉ាម៉ុង ឫទ្ធី ជួយបង្រ្គប់ ព្រោះយូរខែហើយ ទើបតែសន្សំបាន ១៥០០ដុល្លារ ទើបអ្នកឧកញ៉ា ម៉ុង ឫទ្ធី មានការអាណិតអាសូរ ក៏ជួយតាមសំណើទៅ។
អ្នកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ថា «ថ្ងៃនេះពិតជាសំណាងខ្លាំងណាស់ខ្ញុំ ដើរកអុស ប្រទះឃើញហ្គាស់ទៅវិញ! ចុះមកពិនិត្យមើលការងារសាងសង់លំនៅឋានឲ្យបុគ្គលិកកម្មករ ស្រាប់តែមានកម្មករម្នាក់ រត់មកថ្វាយបង្គំ ៣ដង ហើយពោលពាក្យថា «ស្រឡាញ់ប្រពន្ធ ម៉ែគាត់បង្គាប់បីពាន់ដុល្លារ ពេលនេះសន្សំប្រាក់ខែបានតែមួយពាន់ប្រាំរយទេ បើអ៊ំចង់ឲ្យខ្ញុំរស់នៅតទៅមុខទៀត សុំលោកអ៊ំជួយ ១៥០០ដុល្លារបន្ថែមទៀតមក ខ្ញុំទ្រាំទៅមុខទៀតលែងបានហើយ»។ អត់មានរឿងអីដែលត្រូវប្រកែកប្រណាំងទេ មានតែជូនតាមសំណើតែប៉ុណ្ណឹងឯង»។
បន្ទាប់ពីទទួលបានចម្លើយវិជ្ជមានពីអ្នកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី ធ្វើឲ្យបុរសជាកម្មករសំណង់រូបនោះ មានសេចក្តីរំភើបត្រេកអរជាពន់ពេក និងបានក្រាបសំពះថ្លែងអំណរគុណអ្នកឧកញ៉ា និងសូមជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារ ប្រកបដោយវិបុលសុខគ្រប់ប្រការ។
បុរសជាកម្មករសំណង់ខាងលើ បានឲ្យដឹងថា បានជាគេដាច់ចិត្តក្រាបសំពះសុំអ្នកឧកញ៉ាម៉ុង ឫទ្ធី ជួយ នៅពេលនេះ ដោយសារតែគេខំសន្សំលុយ យូរមកហើយ នៅតែមិនទាន់បានគ្រប់ថ្លៃទឹកដោះ ដែលម្តាយខាងស្រីបង្គាប់ ធ្វើឲ្យរូបគេពិបាកទ្រាំពេក ណាមួយខ្លាចម្តាយខាងស្រីលើកកូនក្រមុំឲ្យអ្នកផ្សេងបាត់ ព្រោះទម្រាំគេសន្សំលុយ ១៥០០ដុល្លារទៀតបាន យ៉ាងហោចណាស់ក៏ចំណាយពេល ១ទៅ២ឆ្នាំទៀតដែរ៕