Friday, April 19, 2024
Homeសង្គម និងជីវិតចោទលួចប៊ីដុងទឹក លបកាប់១កាំបិតស្លាប់

ចោទលួចប៊ីដុងទឹក លបកាប់១កាំបិតស្លាប់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ឧស្សាហ៍បាត់ប៊ីដុងទឹក ជាញឹកញាប់ និងចេះតែមានចិត្តសង្ស័យទៅលើបុរសម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា លុះឃើញបុរសរូបនោះដើរកាត់មុខផ្ទះរបស់ខ្លួន ក៏រករឿងឈ្លោះ និងទាញកាំបិតផ្គាក់ លបកាប់ជនរងគ្រោះ ១កាំបិត ចំក្បាលពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ លុះបញ្ជូនដល់មន្ទីរពេទ្យ ក៏បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។

ជនដៃដល់ជាឃាតករ ដែលកាប់បុរសជាអ្នកភូមិជាមួយគ្នាម្នាក់ បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ុន ចន្ទរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ក្រឡាន មានលំនៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។ ចំណែកជនរងគ្រោះ មានឈ្មោះសួស ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យធ្លាប់បាត់ប៊ីដុងទឹក ជាញឹកញាប់ និងបានដាក់ការសង្ស័យទៅលើជនរងគ្រោះ ជាអ្នកលួច។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានឃើញជនរងគ្រោះដើរកាត់មុខផ្ទះរបស់ខ្លួន ក៏បានរករឿងឈ្លោះ និងចោទប្រកាន់ជនរងគ្រោះថា តែងតែបានលួចយកប៊ីដុងទឹករបស់ខ្លួន ទៅលក់ជាញឹកញាប់ តែជនរងគ្រោះប្រកែក និងបានទាស់សម្តីគ្នាមួយប្រាវ បន្ទាប់មក ជនរងគ្រោះក៏បានដើរចេញទៅវិញ។

ប្រភពដដែល បន្តថា លុះឃើញជនរងគ្រោះដើរចេញទៅ ជនសង្ស័យក៏បានស្ទុះទៅទាញកាំបិតផ្គាក់ ដែលទុកនៅក្បែរកន្លែងដុតក្រឡាន មកកាប់ជនរងគ្រោះ ចំក្បាលពីក្រោយ ពេញមួយទំហឹង បណ្តាលឱ្យជនរងគ្រោះទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួន នាំយកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ១កាំបិត ប្រាកដមែន មូលហេតុដោយសារតែខឹងនឹងជនរងគ្រោះចេះតែលួចប៊ីដុងទឹករបស់គេទៅលក់ ជាញឹកញាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES