Thursday, April 25, 2024
Homeសន្ដិសុខសង្គមប្តីឈ្លោះប្រពន្ធ បើកឡានបុកគេខ្ទេច

ប្តីឈ្លោះប្រពន្ធ បើកឡានបុកគេខ្ទេច

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីកើតមានទំនាស់ក្នុងគ្រួសារ ឈ្លោះជាមួយប្រពន្ធ មួម៉ៅក្តៅចិត្តពេក ក៏ឡើងបើករថយន្តចេញពីផ្ទះទាំងកំហឹង បណ្តាលឱ្យជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ពេញទំហឹង ធ្វើឱ្យរងការខូចខាតមួយចំហៀង ទីបំផុតត្រូវទទួលជួសជុលសងគេ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួនក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

សាក្សីឃើញហេតុការណ៍ បានប្រាប់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តកាមរីហើម សេរីឆ្នាំ១៩៩៣ ពាក់ស្លាក់លេខ បាត់ដំបង 2A-1203 បានបើកបរក្នុងល្បឿនលឿន តាមផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ត្រង់ចំណុចផ្លូវបំបែកជាបួន បានជ្រុលបុករថយន្ត ១គ្រឿងទៀត ម៉ាកកាមរី ឆ្លាម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2C.5109 ដែលបើកបរតាមផ្លូវបេតុង ក្នុងភូមិ ទិសដៅពីត្បូង មកជើង បណ្តាលឱ្យក្រពឹតទ្វារខាងស្តាំ រួចរុញទៅខ្ទប់នឹងបង្កាន់ដៃលូបេតុង សំណាងមិនធ្លាក់ចូលប្រឡាយ តែបណ្តាលអ្នកបើកបររងរបួសជើងខាងឆ្វេង ចំណែករថយន្ត ខូចខាតទាំងសងខាង។

តាមសម្តីអ្នកបើកបរ និងជាម្ចាស់រថយន្តកាមរីឆ្លាម បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងបើករថយន្តតាមផ្លូវសុខៗ មកដល់ចំណុចផ្លូវបំបែកជា៤ ស្រាប់តែលេចរថយន្តបង្កហេតុ ម៉ាកកាមរីហើម បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលបុករថយន្តរបស់គាត់ បណ្តាលក្រពឹត ទ្វារខាងស្តាំ និងខូចខាតផ្នែកខាងក្រោម ខ្ទប់នឹងបង្កាន់ដៃលូបេតុខូចខាត ហើយម្ចាស់រថយន្តបង្កហេតុ បានរត់ទៅផ្ទះបាត់ ប៉ុន្តែដោយរូបគាត់ស្គាល់ ក៏ទៅតាមជនបង្កដល់ផ្ទះ និងហៅឱ្យមកដោះស្រាយគ្នា។

ដោយឡែកអ្នកជិតខាង បានបញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុ មុនពេលកើតហេតុ គឺមានទំនាស់ក្នុងក្រុមគ្រួសារ ហើយបើករថយន្តចេញពីផ្ទះ ទាំងកំហឹង បណ្តាលទៅបុកនឹងរថយន្តឆ្លាម បណ្តាលខូចខាតទាំងសងខាងបែបនេះតែម្តង។

ក្រោយគ្រោះថ្នាក់កើតឡើង មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានចុះមកដល់កន្លែងកើតហេតុ ជួយធ្វើការសម្របសម្រួល ឱ្យម្ចាស់រថយន្តទាំង ២គ្រឿង ដោះស្រាយគ្នា និងទទួលសំណង ដោយម្ចាស់រថយន្តបង្កហេតុ ទទួលធ្វើសងលើការខូចខាត ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES