ដោយ អាចារ្យថាំ
បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ រួចរាល់ ភ្លៀងធ្លាក់អំណោយផល ល្អណាស់ សម្រាប់កសិករភ្ជួររាស់ សាបព្រោះ ដាំដុះបន្លែបង្ការ ដំឡូង ល្ពៅ ត្រឡាច ត្រសក់…។
មុនបោះឆ្នោតគ្រប់គ្នារវល់តែតាមដាននយោបាយ កាន់ជើងបក្សរៀងៗ ខ្លួន ឥឡូវបើប្រឹងនយោបាយពេក វា “ដាច់បាយ” ទាល់តែងាកទៅរកអាជីពចាស់។
ឃើញអាខោនហ្វេសប៊ុកខ្លះ រិះគន់ប៉ូលិសចរាចរថា “ចាប់នោះចាប់!” ឱ្យតែ ម៉ូតូបើកខុសច្បាប់តែបន្តិច ក៏ចាប់បង់ពិន័យដោយមិនយោគយល់។ មុនបោះ- ឆ្នោត ប៉ូលិសបន្ធូរដៃ ទោះបីជាអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ក៏ឱ្យទៅមុខ យ៉ាងរលូន លុះបោះឆ្នោតរួច បើអត់មួក អត់កញ្ចក់ កុំរំពឹងថា រួចខ្លួនឱ្យសោះ។
ករណីនេះមកពីប៉ូលិស “ស្គាល់តម្លៃនយោបាយ” ចង់ឱ្យបក្សកាន់អំណាច ឈ្នះឆ្នោត ក៏បន្ធូរបន្ថយ យោគយល់ដល់អ្នកធ្វើដំណើរ លុះបោះឆ្នោតរួច “ស្រង់ ដើមសិន” ព្រោះបន្ធូរដៃយូរពេក ស្ងួតក្រពះ “អត់លុយទ្រាប់បាតសាលា”។
កសិករក៏មិនខុសពីប៉ូលិសចរាចរ រវល់តែចូលរួមហែបក្ស ភ្លេចមុខរបរស្នូល ភ្លេចទាំងពិនិត្យអង្ករអស់ពីធុង។ អ្នកបម្រើនយោបាយ បានត្រឹមតែឆ្អែតពោះ រស់តែខ្លួន ឯកូនៗនៅសម្បុក ស្ងាបហ៊មៗ ចាំមើលផ្លូវឪពុកទៅហែបក្ស។
ឥឡូវនយោបាយទុកដោយឡែកសិន ព្រោះភ្លៀងបង្អុរជោកជាំដី អ្នកណា មានគោយន្ត ក៏បើកគោយន្ត ភ្ជូររាស់ដីព្រោះស្រូវ ឬដាំដំឡូងមី ដំឡូងជ្វា ត្រឡាច ល្ពៅ។ អ្នកណាមានគោ ក្របី ក៏ចាប់ទឹមនង្គ័ល រនាស់ ភ្ជូររាស់ដីចម្ការ ព្រោះសណ្តែក ល្ង ដាំពោត ត្រសក់តាមសម្មាអាជីវោ។
នយោបាយពេកទៅ កសិករស្ងួតឆ្នាំង បើសង្ឃឹមអំណោយដ៏តិចតួចស្តួចស្តើង នោះ កូនៗបាក់ពោះ ធ្លាក់បបូរមាត់ស្ពេះ រុយទំមិនបក់ផង។
នយោបាយ ចំណេញតែអ្នកនយោបាយ បានកៅអី បានប្រាក់ខែ ចុះកសិករ បានស្អី? បើមិនប្រឹងប្រែងធ្វើស្រែចម្ការ ចាំអ្នកនយោបាយជូនអំណោយនោះ ដូចសង្ឃឹមផ្កាយលើមេឃ។
មុនបោះឆ្នោត បើកហ្វេសប៊ុក យូធូប តាមដាន ឃើញតែអ្នកនយោបាយ ដៀមដាមគ្នា រញ៉េរញៃណាស់ លុះបោះឆ្នោតរួច ក៏នៅតែឌឺដងឆ្លងឆ្លើយគ្នាធ្ងន់ ជាងមុនបោះឆ្នោតទៅទៀត ធ្វើឱ្យកសិករធុញទ្រាន់ជាពន់ពេក។ ពូៗខ្លះធុញ ទ្រាន់នយោបាយពេក លុះពេលឈប់សម្រាកពីស្រែចម្ការ ក៏បើកហ្វេសប៊ុក មើលល្ខោនបាសាក់ របាំ ចម្រៀង កំដរអារម្មណ៍។ បើមើលគេជេរគ្នា ពាក់ព័ន្ធ នយោបាយ បានតែឈឺក្បាលហ្នឹងឯង គ្មានបានចំណេញអ្វីជាដុំកំភួននោះទេ។ គ្រួសារកសិករខ្លះ លក់ស្រូវស្ទើរអស់ពីជង្រុក យកលុយឱ្យកូនរៀន និងទុកស៊ីចាយ ពេលចេញជួយឃោសនា ឬហែបក្ស។ ក្រឡេកទៅមើលធុងដាក់អង្ករ កាន់តែ ស្បើយទៅៗ ព្រោះកូនច្រើនដែលមានពោះចាំតែរស់ដោយសារឪពុក។ លុះឪពុក លង់ក្នុងនយោបាយ ហែលឡើងគោកមិនរួច តើកូនៗសង្ឃឹមអី?
អ៊ីចឹងហើយ បានជាកសិករខ្លះចាប់ផ្តើមធុញទ្រាន់នឹងនយោបាយ ស្រវាចាប់ នង្គ័លរនាស់ គោយន្ត ចបកាប់។ វត្ថុទាំងនេះ វាផ្តល់ផលប្រយោជន៍ជូនគ្រួសារគាត់ គ្រាន់បើជាងនយោបាយ ដែលឮតែការជេរប្រទេចគ្នាពេញបណ្តាញសង្គម។
ហេតុនេះ បើអ្នកនយោបាយ បានដឹងពីទុក្ខធុរៈកសិករ គួរព្យាយាមជម្រុះ ចោលឱ្យអស់នូវយុទ្ធសាស្ត្រនយោបាយ បែបអនាចារ ជេរគ្នា អាឆ្កែ អាឆ្មា អាងាប់ អារន្ទះបាញ់ ដែលជាវប្បធម៌ពីខាងក្រៅ នាំចូលមកពង្វក់ខួរក្បាលខ្មែរ។
ឥឡូវកសិករកំពុងប្រញឹកដៃគ្រប់តំបន់ ស្របពេលអ្នកនយោបាយ ប្រឹងឈ្លោះ ប្រកែកគ្នា រឿងសន្លឹកឆ្នោត។ បើម៉្លឹងៗនោះ បានត្រឹមធ្វើឱ្យកសិករនឿយណាយ ធុញទ្រាន់ លែងចង់បោះឆ្នោត ដរាបណាអ្នកនយោបាយមិនរកមធ្យោបាយរួមគ្នា បំបាត់ចោលវប្បធម៌ជេរគ្នានេះ…’