Sunday, November 24, 2024
Homeនយោបាយលោកសុន ឆ័យ ថានឹងមកកម្ពុជាវិញ សប្តាហ៍ក្រោយ

លោកសុន ឆ័យ ថានឹងមកកម្ពុជាវិញ សប្តាហ៍ក្រោយ

ភ្នំពេញ ៖ លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងជាអតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅប្រទេសអូស្រ្តាលី ដែលជាប្រទេសលំនៅទី២ របស់លោក នោះ បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅសប្តាហ៍ក្រោយ ដើម្បីប្រឈមតាមផ្លូវច្បាប់ ជាមួយពាក្យបណ្តឹងពីរ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ដែលប្តឹងលោកទៅតុលាការ ។

          ដូចដែលសារព័ត៌មានបានផ្សព្វផ្សាយហើយ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខណៈដែលលទ្ធផលបឋម ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀន ទទួលបានមេឃុំ៤ និងសមាជិកក្រុមប្រឹក្សាជាង ២ពាន់នាក់នោះ លោកសុន ឆ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដឹងទារសងសំណងជំងឺចិត្តនៃការខូចខាតដល់គណបក្សប្រជាជនកម្ពុជា ចំនួន ៤ពាន់លានរៀល (ប្រមាណ១លានដុល្លារអាមេរិក) លើករណីថ្លែងរិះគន់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ថាមិនឆ្លុះពីឆន្ទៈរបស់ពលរដ្ឋ វាមានការបំភ័យ មានការទិញ វាមានការលួចបន្លំសន្លឹកឆ្នោតជាដើម ។

          ក្រៅពីការប្ដឹងរបស់គណបក្សគណបក្សប្រជាជនកម្ពុជា លោកសុន ឆ័យ ក៏ទទួលរងនូវការប្ដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ ដែលអង្គហេតុនៃពាក្យបណ្តឹងរបស់ គ.ជ.ប គឺដូចគ្នានឹងអង្គហេតុដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងរបស់លោកសុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ជាមួយសារព័ត៌មានអនឡាញ ឌឹខេមបូឌា ដេលី ។

          នៅក្នុងបណ្ដឹងរបស់ខ្លួន គ.ជ.ប បញ្ជាក់ថា ការលើកឡើងនេះបានប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ស្ថាប័ន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដូច្នេះស្ថាប័ន គ.ជ.ប បានស្នើសុំតុលាការ ផ្តន្ទាទោសលោកសុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងឲ្យលោកសុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ១០លានរៀល ។

          ជាការកត់សម្គាល់ ស្របពេលដែលសុន ឆ័យ រងបណ្ដឹងទាំងពីរខាងលើនេះ សម្រាប់មជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមលោកកឹម សុខា នៃអតីតគណបក្សសង្រ្គោះជាតិ លើកឡើងថា លោកសុន ឆ័យ នឹងមិនវិលមកប្រទេសកម្ពុជា វិញទេ គឺអាចនឹងគេចវេះនៅក្រៅប្រទេស ឬបន្តរស់នៅប្រទេសអូស្រ្តាលី ដែលជាទឹកដីគាត់ធ្លាប់រស់នៅអស់ជាច្រើនឆ្នាំនោះរហូតហើយ ។

          ទោះយ៉ាងណា ថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ពីប្រទេសអូស្រ្ដាលី កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកសុន ឆ័យ បានបញ្ជាក់ថា លោកមិនគេចវេះឡើយ ហើយលោកនឹងវិលត្រឡប់មកកម្ពុជា វិញនៅសប្តាហ៍ក្រោយ ហើយលោកក៏នឹងរកមេធាវី ដើម្បីតតាំងក្តីនេះផងដែរ ព្រោះអ្វីដែលលោកបានថ្លែង គឺយោងទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីកន្លងទៅ ហើយគណបក្សដទៃទៀត និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏រកឃើញភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតផងដែរ។ លោកនឹងពិនិត្យមើលថា តើពាក្យពេចន៍របស់លោក លើសលស់ត្រង់ចំណុចណា រហូតដល់មានការប្តឹងប្រឆាំងរូបលោកទៅតុលាការ?

          ជុំវិញការប្រកាសវិលត្រឡប់មកវិញរបស់លោកសុន ឆ័យ នេះ “នគរធំ” បានទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន ដែរ ប៉ុន្តែមិនបានសម្រេចទេ កាលពីម្សិលមិញ ដោយលោកមិនឆ្លើយតប ។

          ប៉ុន្តែនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក “គណបក្សភ្លើងទៀន Candlelight Party” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានសរសេរដូចអ្វីដែលលោកសុន ឆ័យ បានបញ្ជាក់នៅក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិក ថា “លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន មិនគេចវេះនៅក្រៅប្រទេសឡើយ ខណៈលោកប្រឈមពាក្យបណ្តឹងរបស់ គ.ជ.ប និងបក្សកាន់អំណាច។ លោកបានថ្លែងពីប្រទេសអូស្រ្តាលី ប្រាប់វីអូអេ នៅថ្ងៃសុក្រនេះថា លោកនឹងវិលត្រឡប់មកកម្ពុជា វិញ នៅសប្តាហ៍ក្រោយ“ ៕ កុលបុត្រ

RELATED ARTICLES