Wednesday, November 27, 2024
Homeព័ត៌មានជាតិលោកគួច ខេវិន ស្អប់ស្រីយកប្តីគេ អាណិតប្រពន្ធដើម សុខចិត្តឱ្យប្តីនាំស្រីចូលផ្ទះ

លោកគួច ខេវិន ស្អប់ស្រីយកប្តីគេ អាណិតប្រពន្ធដើម សុខចិត្តឱ្យប្តីនាំស្រីចូលផ្ទះ

ភ្នំពេញ ៖ រឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាសរវាងអតីតបេក្ខនារីកញ្ញាឯកចក្រវាល ពាក់ស្លាកលេខ៧ សុគន្ធ ចរិយា និងអតីតសង្សារដែលមានប្រពន្ធកូនរួចទៅហើយ និងថែមទាំងត្រូវបានអតីតភរិយា ចេញមុខទម្លាយរឿងរ៉ាវ ស្នេហាត្រីកោណ យកប្តី១ រួមគ្នាផងនោះ បានធ្វើឱ្យមហាជន មានការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាមួយនេះអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះ លោកគួច ខេវិន ក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយលើកឡើងថា លោកស្អប់ណាស់មនុស្សស្រីយកប្តីគេ និងសែនអាណិតខ្លោចចិត្ត ចំពោះប្រពន្ធដើម ដែលសុខចិត្តឱ្យប្តីនាំស្រីចូលផ្ទះ។

គួរបញ្ជាក់ថា អតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា​ឆ្នាំ២០២២ (Miss Universe Cambodia 2022) ដែលផ្ទុះរឿងរ៉ាវស្នេហាចម្រូងចម្រាស់នៅអំឡុងពេលប្រកួតនោះ មានឈ្មោះសុគន្ធ ចរិយា ពាក់ស្លាក MUC7។ ចំណែកបុរសជាអតីតសង្សារ មានឈ្មោះមួន សុផានិត ហៅប៊្លូ។ ដោយឡែកស្ត្រីជាភរិយាដើម មានឈ្មោះនារតី។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសរបស់អតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា សុគន្ធ ចរិយា និងអតីតសង្សារដែល មានប្រពន្ធកូនរួចទៅហើយ ខាងលើនេះ លោកគួច ខេវិន បានសរសេរក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ថា “កុំតែមានច្បាប់គ្រប់គ្រង “អាស៊ីដ” បានល្អ កុំអីករណីស្រីល្អឈូឆរបាក់កទៅ ទាក់ប្តីគេ ម៉្លេះអាចត្រូវរងការវាយប្រហារជាយថាហេតុ ព្រោះតែកំហឹងដោះស្រាយបញ្ហាដូចពេលមុន ក៏មិនដឹង? បើទោះណាជាមានមនុស្សម្នាជាច្រើនបានជេរប្រមាថប្រទេចផ្តាសាទៅលើបេក្ខនារីបវរកញ្ញា ចក្រវាល ពាក់ស្លាកលេខ៧ នាងសុគន្ធ ចរិយា ដែលចូលខ្លួនទៅបង្កើតស្នេហាត្រីកោណ ជាមួយប្តីគេ តែក្រោយមកក៏ធាក់ក្បាលបុរសនោះចោលទៅវិញ ធ្វើឱ្យប្រុសចែកវេនរួមគ្រែនោះក្តៅក្រហាយ តាមឆាឆៅមិនឈប់។ ប្រុសល្មោភតណ្ហា ក៏ត្រូវគេដៀលត្មះថា ជាអាពពែយារពង ចង់មិនចេះឆ្អន់ ទោះជាមានកូនម៉ាកន្ទេលទៅហើយក្តី។ ស្របនឹងការជេរត្មះ តិះដៀល វាក៏លេចចេញនូវក្តីអាណិតអាសូរប្រពន្ធដើម បើទោះត្រឹមបានតែសែនព្រេន រួមរស់បង្កើតកូនពូនចៅក៏ដោយ អាណិតត្រង់ថា សុខចិត្តឱ្យប្តីនាំស្រីមកនៅរួមដំបូលផ្ទះ ហើយចែក វេនគ្នាឱ្យស្រីនោះរួមគ្រែរួមខ្នើយជាមួយប្តី យ៉ាងរំភើយ (បើតាមសម្តីនាង)»។

លោកគួច ខេវិន សរសេរបន្តថា «ស្រីល្អឆើតឆាយតែសំបកកាយ ឯចិត្តអបលក្ខណ៍ ទៅទាក់ប្រុសធ្វើជាសហាយស្មន់ នឹងប្តីគេ ឯប្រុសចិត្តរេក្បត់ផិតប្រពន្ធ ក្រោមលេសថា លង់ខ្លួនថយក្រោយមិនកើត ត្រូវគេត្មះតិះដៀលយ៉ាងណាក៏ដោយ ក៏ស្រេចតែចិត្តអ្នកជេរទៅចុះ? ចំណែកខ្ញុំមានចិត្តអាណិតសង្វេគពួកគេទៅវិញ! អាណិតនាងប្រពន្ធដើម ដែលមានចិត្តថ្លើមប្រដូច “ព្រះ” ឱ្យប្តីយកស្រីចូលមកក្នុងផ្ទះ ចែកឱ្យច្រាស់ឱ្យច្រំសព្វសារពើនេះម៉្យាង។

ម៉្យាងវារឹតតែអាណិតបុរសជាប្តីល្ងីល្ងើ មើលឃើញរងើកភ្លើង ថាជាគ្រាប់ស្ករ អាណិតស្រីល្អខ្វះប្រុសទំនេរ ឆ្ងាញ់តែប្តីគេ ព្រោះតែទ្រព្យ អាណិតត្រង់ថា វាគ្មានស្គាល់គុណធម៌ គ្មានសីលធ៌ម សូម្បីបន្តិចណាសោះ វាល្ងង់ពេក ហើយចេះមកដោះសាលេលា យកត្រូវរៀងៗខ្លួន។ បើវាចេះតែប៉ុន “គ្រាប់អំបិលម៉ដ្ឋ” ក្រឡេកទៅមើលច្បាប់ឯកព័ន្ធភាព វាមិនឆ្កួតរហូតបែបនេះឡើយ នេះមិននិយាយដល់ការជ្រើសជ្រាវរាវរកបវរកញ្ញាកណ្តាលលំហ ដប់ថ្នេរក៏ចូលទៅប្រកួតបាននោះផង??? ឱ! សីលធ៌មខ្មែរ អ្នកទៅដល់ណាហើយ? បានជាពួកមានភ្នែកអត់ប្រស្រី រកអ្នកមិនឃើញ??? អាណិតនោះហៅមហាអាណិត!!!…”។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ អតីតបេក្ខនារីកញ្ញាឯកចក្រវាល សុគន្ធ ចរិយា ធ្លាប់បានធ្វើការឡាយវីដេអូ បកស្រាយ ថា បុរសដែលតាមឆាឆៅ រករឿងនាងនោះ មិនមែនជាប្តីរបស់នាងទេ គឺគ្រាត់តែជាអតីតសង្សារប៉ុណ្ណោះ ហើយបុរសនេះបានកុហកនាងថា ជាពោះម៉ាយកូនមួយ នៅពេលមកទាក់ទងជាមួយនាង ។ យ៉ាងណា ស្រីស្អាតរូបនេះ បានបញ្ជាក់ថា ក្រោយមក នៅពេលដឹងថា បុរសនេះ មានប្រពន្ធកូន នាងក៏ឈប់ទាក់ទង តែបុរសនេះនៅតែតាមអង្វរសុំឲ្យនាងវិលទៅស្រឡាញ់គេវិញ តែនាងមិនព្រមជាដាច់ខាត។

ក្រៅពីនេះ កញ្ញាធ្លាប់បកស្រាយបញ្ជាក់តាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ថា “ខាងអតីតសង្សារចាស់នាងខ្ញុំ ចេញមកបកស្រាយថា គាត់ធ្លាប់មានប្រពន្ធកូន តែបានលែងលះគ្នាហើយ ទើបមកទាក់ទងនាងខ្ញុំ ហើយនាងខ្ញុំ បានស្រឡាញ់ ហើយចាប់ដៃគ្នារកស៊ី តែមកដល់ពេលឥឡូវ បានបែកបានគ្នាហើយ។ ស្រឡាញ់អ្នកពោះម៉ាយ ត្រូវមានឈ្មោះដណ្តើមប្តីគេមែនទេបងប្អូន?…”។

ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា រូបនេះ សរសេរបញ្ជាក់បន្ថែមថា “ខ្ញុំសូមមិនតបតអ្វីទាំងអស់ ជីវិតខ្ញុំបានរួចចេញពីនរក មកបានប៉ុននេះ ខ្ញុំគ្រប់គ្រាន់ហើយ តែមានតែទេវតាទេ អ្នកដឹងការពិត សូមជីវិតខ្ញុំតទៅមុខទៀតគ្មានអ្នកទៅបានហើយ។ សូមទោសបងប្អូនទូទាំងប្រទេសខ្មែរ ទាំងអស់ ធ្វើឱ្យបងប្អូនមិនសប្បាយចិត្តត្រង់ណា ឱ្យនាងខ្ញុំសុំទោសផង…”៕ ដារិទ្ធ

RELATED ARTICLES