Sunday, November 24, 2024
Homeនយោបាយកូនស្រីថា កឹម សុខា ខុសពីសម រង្ស៊ី ធ្វើនយោបាយពីទាបទៅខ្ពស់

កូនស្រីថា កឹម សុខា ខុសពីសម រង្ស៊ី ធ្វើនយោបាយពីទាបទៅខ្ពស់

ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោកកឹម សុខា ឪពុករបស់ខ្លួន ធ្វើនយោបាយពីទាបទៅខ្ពស់ ឬចាប់ផ្ដើមពីដៃទទេ ខុសពីលោកសម រង្ស៊ី ដែលធ្វើនយោបាយពីចំណុចខ្ពស់ ដោយឈរលើកេរ្តិ៍ត្រកូលអភិជនខ្លួនមានស្រាប់ ។

          កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងលោកកឹម សុខា និងជាអតីតអគ្គនាយករង នៃអគ្គនាយដ្ឋានទំនាក់ទំនងសាធារណៈ នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង ក្នុងទិវាឪពុក (Father’s Day) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២  ថា “ចាប់ផ្តើមពីដៃទទេ ខុសពីពួកអភិជនដែលធ្វើនយោបាយពីចំណុចខ្ពស់ ដោយឈរលើកេរ្តិ៍ត្រកូលអភិជនខ្លួនមានស្រាប់។ កសាងអ្វីៗដោយខ្លួនឯងផ្ទាល់ ខុសពីពួកអភិជនដែលយកអ្នកគាំទ្រជាឈ្នាន់ ជាអ្នកលះបង់ជំនួសខ្លួន តាមរយ:ការបោកប្រាស់មហាជន ដោយប្រើប្រាស់រូបភាពអភិជនជាអំណះអំណាងថាខ្លួនអរយ្យៈ។ នេះគឺឪពុកខ្ញុំ ចេញពីទាបទៅខ្ពស់។   Happy Father’s Day! “ ។

          ថ្វីត្បិតតែសំណេរតាមហ្វេសប៊ុក ខាងលើនេះ កញ្ញាកឹម មនោវិទ្យា មិនបញ្ជាក់ចំឈ្មោះក៏ដោយ ក៏មជ្ឈដ្ឋានតាមដានបណ្ដាញសង្គម ជាក្រុមប្រឆាំងគាំទ្រលោកកឹម សុខា យល់ច្បាស់ថា អ្នកដែលនាងយកមកប្រៀបធៀបជាមួយឪពុករបស់នាងនោះ គឺជាលោកសម រង្ស៊ី ព្រោះគេដឹងគ្រប់គ្នាតាមប្រវត្តិសាស្រ្តថា លោកសម រង្ស៊ី ជាកូនកើតក្នុងត្រកូលអភិជន ដែលមានឪពុកឈ្មោះសម សារី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ ត្រង់ពាក្យ “ពួកអភិជនដែលយកអ្នកគាំទ្រជាឈ្នាន់ ជាអ្នកលះបង់ជំនួសខ្លួន” គឺជាពាក្យដែលក្រុមលោកកឹម សុខា តែងតែរិះគន់លោកសម រង្ស៊ី តាមរយៈភ្ជាប់ទៅនឹងសកម្មភាពនយោបាយរបស់គាត់ ដែលឲ្យតែមានរឿងអីពាក់ព័ន្ធនឹងផ្លូវច្បាប់ ឬការរងការដាក់សម្ពាធពីបក្សកាន់អំណាច តែងតែរត់ចេញទៅក្រៅប្រទេស ឬទៅបន្តរស់នៅប្រទេសទី២ ដែលជាប្រទេសលំនៅរបស់ខ្លួន ដោយទុកឲ្យអ្នកគាំទ្រ សកម្មជន នៅរងគ្រោះ ជាប់គុកជំនួសខ្លួន ។

          ជាការកត់សម្គាល់បន្ថែម មុននឹងបន្តលើកសរសើរឪពុករបស់ខ្លួននេះដែរ កញ្ញាកឹម មនោវិទ្យា ក៏បានលើកឡើងថា សម្ព័ន្ធភាពបែកបាក់ជាស្ថាពររវាងឪពុករបស់នាង និងលោកសម រង្ស៊ី ដោយសារតែក្រុមលោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ និងមើលងាយអ្នកគាំទ្រ ។

          កញ្ញាកឹម មនោវិទ្យា បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា ក្រុមសម រង្ស៉ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថា ខ្លួនជាអ្នកបោះបង់ វាយប្រហារ ព្យាយាមកម្ចាត់ និងដើរចេញពីលោកកឹម សុខា ដោយភាពឈ្នានីស គិតខ្លី។ កញ្ញាមនោវិទ្យា បញ្ជាក់ថា «ការដែលយើងហ៊ានរិះគន់លោកអ្នកជាចំហ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើឲ្យយើងចែកផ្លូវគ្នាជាស្ថាពរ»។

          ចំណែកកញ្ញាកឹម សម្មាធីតា កូនស្រីទី២របស់លោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃដដែលនោះថា “ មិនថាមានការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកមានអំណាច មិនថាមានការលាបពណ៌ជាប្រព័ន្ធ ពីសំណាក់ក្រុមអធម៌ បុរសម្នាក់នេះ នៅឈរជើងជាបង្គោលដ៏រឹងមាំសម្រាប់បុព្វហេតុប្រជាធិបតេយ្យ ដូចជាឪពុកដែលតែងតែមិនរត់ចោលកូន។ Happy Father’s Day! “ ។

          សំណេររបស់កញ្ញាកឹម សម្មាធីតា ត្រូវបានក្រុមលោកកឹម សុខា ធ្វើការកត់សម្គាល់ថា ចង់សំដៅដល់ការតស៊ូនយោបាយពីទាបទៅខ្ពស់ និងការប្រឈមរងគ្រោះរបស់ឪពុកនាងដែរ ដែលជាគំរូមួយ មិនត្រឹមតែឲ្យពួកនាងជាកូនៗគោរពទេ តែសមនឹងទទួលការគោរព ស្ញើចសរសើរគាំទ្រពីប្រជាពលរដ្ឋរាប់លាននាក់ដែរ ។ ពោលគឺសហការីលោកកឹម សុខា ក៏គាំទ្រនូវការលើកឡើងរបស់កូនស្រីលោកកឹម សុខា ទាំងពីរ ដោយបញ្ជាក់ថា លោកកឹម សុខា ពិតជាមេដឹកនាំដែលចាប់ផ្តើមពីដៃទទេ ជាកូនកសិករ ខុសពីពួកអភិជន ដែលធ្វើនយោបាយដោយស៊ីកេរ្តិ៍ត្រកូលអភិជនខ្លួនមានស្រាប់ កសាងអ្វីៗដោយខ្លួនឯងផ្ទាល់ និងនៅតែឈរជើងជាបង្គោលដ៏រឹងមាំសម្រាប់បុព្វហេតុប្រជាធិបតេយ្យ នៅក្នុងមាតុភូមិកំណើត ខុសពីពួកអភិជនដែលអាងខាងរត់ចោលស្រុក… ៕ កុលបុត្រ

RELATED ARTICLES