ភ្នំពេញ ៖ ប្រធាននិងអនុប្រធានគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សាជាថ្មីដល់ជនដែលប្រមាថក្រុមគ្រួសារសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដោយបានអំពាវនាវឱ្យខ្មែរគ្រប់ រូប បញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ដែល ធ្វើឱ្យសង្គមខ្មែរធ្លាក់ចុះ និងបែកបាក់។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខាដោយលោកសម រង្ស៊ី និងលោកកឹម សុខា មានខ្លឹមសារថា “ដោយកន្លងមកនេះ មាន ការផ្សព្វផ្សាយដដែលតាមបណ្តាញសង្គម ចោទប្រកាន់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន ថា “ជាភរិយា និងកូនប្រុសមេដឹកនាំ វៀតណាម”។
គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាង ធ្ងន់ធ្ងរចំពោះទង្វើជនទាំងឡាយណាដែលប្រឌិត ព័ត៌មាននេះ ក្នុងចេតនាលាបពណ៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារសម្តេចនាយក– រដ្ឋមន្ត្រី។
គណបក្សសង្គ្រោះជាតិ ប្រកាន់នូវសីលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ មនុស្សគ្រប់រូប។ គណបក្សសង្គ្រោះជាតិ ប្រកាន់ យកគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណា ធ្វើជាសត្រូវ ជាពិសេស គណបក្សសង្គ្រោះជាតិ មិនយកបញ្ហាបុគ្គល ធ្វើជាបញ្ហានយោបាយ ឡើយ។
គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មាន មិនពិត ការលាបពណ៌ ដែលធ្វើឱ្យសីលធម៌ សង្គមធ្លាក់ចុះ និងនាំឱ្យខ្មែរបែកបាក់”។
គួររំលឹកថា កាលពីពេលកន្លងទៅ បន្ទាប់ ពីមានការផ្សព្វផ្សាយចោទប្រកាន់ថា សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាអតីត ភរិយាមេដឹកនាំវៀតណាម លោកឡេ ដឹកថ ហើយបានកូនប្រុសគឺលោកហ៊ុន ម៉ាណែត រហូត មានប្រតិកម្មធ្ងន់ៗពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មកនោះ គណបក្សសង្គ្រោះជាតិ បាន ចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រី គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសម្នាក់ គឺលោកយង់ ណុយហៅ ពរាដយួនាង ដែល បានបង្ហោះវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកចោទប្រកាន់ប្រមាថក្រុមគ្រួសារ សម្តេចហ៊ុន សែន។ ជាមួយគ្នានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានផ្ញើ លិខិតជូនសម្តេចហ៊ុន សែន ថ្កោលទោសចំពោះ ជនដែលប្រមាថក្រុមគ្រួសារសម្តេចផងដែរ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា ទាក់ទងនឹង បញ្ហានេះ រដ្ឋាភិបាលមិនសូវមានជំនឿប៉ុន្មានទេ ទៅលើលោកសម រង្ស៊ី ព្រោះមានសេចក្តី– ថ្លែងការណ៍ច្រើនដងហើយ តែលោកសម រង្ស៊ី ធ្វើមិនបានដូចខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍ នោះ។ ទោះយ៉ាងណា លោកចាប់អារម្មណ៍លើ លោកកឹម សុខា ខ្លះដែរ បន្ទាប់ពីបានឃើញ លោកបញ្ជាក់ពីស្មារតីឯកភាពជាតិជាមួយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ចំពោះរង្ស៊ី តាមខ្ញុំដឹង គឺគាត់អ្នកចោទប្រកាន់ គាត់អ្នកលាបពណ៌មកលើស្ត្រីទី១របស់កម្ពុជា គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដូច្នេះចង់គាត់ចេញ សេចក្តីថ្លែងការណ៍យ៉ាងម៉េច ឬទោះគាត់និយាយ អីក៏គ្មានប្រយោជន៍អីដែរ ព្រោះគាត់ជាមនុស្ស រត់ចោលស្រុករួចស្រេចទៅហើយ គ្មានអីជាការ ចាប់អារម្មណ៍ទេ។ ចំពោះឯកឧត្តមកឹម សុខា ខ្ញុំជឿថា មិនទាន់ដឹងទេ ទៅខាងមុខ ទោះយ៉ាង ណាជាការចាប់ផ្តើម ហើយសង្ឃឹមថា សម្រាប់ ផ្នត់នយោបាយ ចំគន្លងប្រជាធិបតេយ្យ ដែល គណបក្សភាគតិចត្រូវធ្វើផ្ទាល់ជាមួយគណបក្ស ភាគច្រើន ហើយបំពេញតួនាទីរបស់ខ្លួន ក្នុង ការជជែកពិភាក្សា មិនមែននៅក្នុងការតតាំង ឈ្នះចាញ់ជាមួយគណបក្សដែលមានកៅអីភាគ– ច្រើនទេ ជាអំណាចប្រជាធិបតេយ្យ ដែលគេ អនុវត្ត៕
ដោយ ៖ កុលបុត្រ