ខេត្ដព្រះសីហនុ៖ ឪពុកវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំ បានវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះខ្ទេចគ្មានសោះ នឹងបានទាញកាំបិតកាប់កូនស្រីបង្កើតខ្លួនឯងស្លាប់បាត់បង់ជីវិត និងកាប់ប្អូនជីដូន១ម្នាក់ទៀត រងរបួសធ្ងន់ ត្រូវគេបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ចំណែកប្រពន្ធជនដៃដល់ គេចខ្លួនរួច រត់មកប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនដៃដល់ យកមកឃុំខ្លួននៅប៉ុស្ដិ៍បណ្ដោះអាសន្ន ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី០៧.១២.២០១៦ ក្នុងលំនៅដ្ឋានស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ។
ប្រភពព័ត៌មានពីអាវុធហត្ថស្រុកបានឲ្យដឹងថា ជនដៃដល់កាប់កូនបង្កើតខ្លួនឯងស្លាប់ មានឈ្មោះ ជិវ រដ្ឋា អាយុ២៥ឆ្នាំ មុខរបរជាងទងមានទីលំនៅចំណុចកើតហេតុ ចំណែកជនរងគ្រោះដែលត្រូវជាកូនស្រីបង្កើត ឈ្មោះជិវ.លីហួរ ភេទស្រី អាយុ៣ឆ្នាំ (ស្លាប់នៅកន្លែង) ។ រីឯជនរងគ្រោះម្នាក់ទៀត ត្រូវជាប្អូនជីដូនមួយ ឈ្មោះមាន ហួត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ ឈ្មោះជិន សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានសភាពដូចមនុស្សបែកថ្នាំហើយបានបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាញកាំបិតដេញកាប់អ្នកនៅក្នុងផ្ទះ ទើបគាត់ភ័យខ្លាច បានរត់គេចមកប្ដឹងសមត្ថកិច្ច ឲ្យចុះទៅអន្ដរាគមន៍ ទើបដឹងហេតុការណ៍ថា ប្ដីគាត់បានកាប់កូនស្រីបង្កើតខ្លួនឯងស្លាប់ រួចហើយបានរត់ចេញមកតាមផ្លូវជាតិលេខ៤ ដេញកាប់ជនរងគ្រោះម្នាក់ទៀត ត្រូវជាប្អូនជីដូនមួយ បណ្ដាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំក្នុងពេលជនរងគ្រោះកំពុងដើរតាមផ្លូវ ទើបសមត្ថកិច្ចទៅដល់ ចាប់ឃាត់ខ្លួនជនដៃដល់យកមកឃុំខ្លួនបណ្ដោះអាសន្ន និងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការខេត្ដ ចាត់ការបន្ដ ៕