កាលពីថ្ងៃពុធ ទី២២ មិថុនា ២០២២ សមាគមបាល់ទាត់អូស្ត្រាលីបាននិយាយថា ទីក្រុងកង់ប៉េរា កំពុងថ្លឹងថ្លែងការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់អាស៊ី Asian Cup ឆ្នាំ2023បន្ទាប់ពីប្រទេសចិនបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះ ។
ប្រទេសចិនត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនៅខែមិថុនា និងខែកក្កដាឆ្នាំក្រោយប៉ុន្តែការតាំងចិត្តរបស់ប្រទេសក្នុងការរក្សាគោលនយោបាយកូវីដ-១៩កម្រិតសូន្យធ្វើអោយទីក្រុងប៉េកាំងផ្លាស់ប្តូរចិត្តវិញ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)បានអញ្ជើញការដេញថ្លៃសម្រាប់ឆ្នាំ 2023 កាលពីខែមុន ដោយនិយាយថាភាគីដែលចាប់អារម្មណ៍ត្រូវតែបញ្ជាក់អោយបានច្បាស់លាស់ត្រឹមថ្ងៃទី ៣០ខែមិថុនា។
អ្នកនាំពាក្យរបស់សមាគមបាល់ទាត់អូស្ត្រាលីបាននិយាយថា យើងកំពុងពិភាក្សាជាមួយ AFC និងរដ្ឋាភិបាល។ រដ្ឋាភិបាលអូស្ត្រាលីបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើខ្លួនគាំទ្រការដេញថ្លៃឬយ៉ាងណា។
ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងដេញថ្លៃសម្រាប់ឆ្នាំ2023ខណៈដែលប្រទេសជប៉ុនបាននិយាយកាលពីខែមុនថាខ្លួនត្រូវបានទាក់ទងក្រៅផ្លូវការអំពីការដេញថ្លៃ។
អូស្ត្រាលីមានការមមាញឹករួចទៅហើយនៅឆ្នាំ 2023 ដែលគ្រោងធ្វើជាសហម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកនារីជាមួយប្រទេសនូវែលសេឡង់ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា។ ប្រទេសអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះ និងបានឈ្នះពានរង្វាន់ Asian Cup ក្នុងខែមករា ឆ្នាំ ២០១៥ដោយអតីតគ្រូបង្វឹកលោក Ange Postecoglou បានដឹកនាំក្រុម កង់ហ្ការ៉ូឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតប្រចាំទ្វីប៕