នៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញដែលជាកន្លែងមេដឹកនាំពិភពលោកកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូដើម្បីពិភាក្សាគ្នាអំពីសង្រ្គាមនិងចេតនារបស់លោកខាងលិចក្នុងការបន្តគាំទ្រអ៊ុយក្រែនហើយពួកគេសុទ្ធតែបង្ហាញសុទិដ្ឋិនិយមថារុស្ស៊ីនឹងបរាជ័យ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រូវបានកំណត់ថាជា ការគំរាមកំហែងចម្បង របស់សម្ព័ន្ធមិត្តយោធានៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលផ្ទុយពីដៃគូយុទ្ធសាស្ត្រពីមុន។
លោកបានបន្ថែមថាយើងកំពុងផ្ញើសារខ្លាំងមួយទៅកាន់ប្រធានាធិបតីពូទីនថាអ្នកនឹងមិនឈ្នះសង្រ្គាមនេះទេ។
ទន្ទឹមនឹងនេះដែរលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ មានប្រសាសន៍ថាណាតូនឹងបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដរាបណាប្រទេសនេះនៅតែត្រូវការ។លោកបន្តថាវាជាការល្អដែលមេដឹកនាំបណ្តាប្រទេសធំៗបានប្រមូលផ្តុំនៅទីនេះ ដោយរួមចំណែករបស់ពួកគេ ការពារអ៊ុយក្រែនតាមរយៈ ផ្តល់មធ្យោបាយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ ក៏ដូចជាការផ្តល់អាវុធបន្ទាន់ដល់អ៊ុយក្រែនផងដែរ។
ចំណែកឯនាយករដ្ឋមន្ត្រីបែលហ្ស៊ិក កលោក Alexander De Crooបានប្រាប់លោកហ្សេឡិនស្គីកាលពីថ្ងៃពុធថាការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីជាមួយនឹងជំនួយរបស់លោកខាងលិចគឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខសម្រាប់អ៊ុយក្រែន។
លោកបានបញ្ជាក់យ៉ាងច្បាស់ថាសង្រ្គាមនេះអាចឈ្នះបានតែនៅលើសមរភូមិប៉ុណ្ណោះហើយយើងគួរតែបន្តគាំទ្រប្រធានាធិបតីហ្សេឡិនស្គីនិងប្រជាជនអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ដើម្បីអាចឈ្នះសង្រ្គាមនៅលើសមរភូមិនេះ៕