ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង» ដែលស្ថិតនៅឆ្នេរអូរឈើទាល ១ ខេត្តព្រះសីហនុ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍។ ចលនាសម្អាតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរទិវាជាតិសម្អាតឆ្នេរ ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាន និងលើកទឹកចិត្តឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីប្រជាពលរដ្ឋក្នុងការធ្វើឲ្យបរិស្ថានកាន់តែប្រសើរ។



ក្នុងពិធីនេះដែរ លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។ លោកបានថ្លែងថា «នៅខេមប្រ៊ូវ យើងមានក្តីសោមនស្សរីករាយដែលបានចូលរួមជាចំណែកមួយក្នុងចលនានេះ ដែលជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។ លោកបានបន្តទៀតថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានកាលវិភាគ និងកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្ដែពួកយើងមានទំនួលខុសត្រូវរួមគ្នាមួយ គឺការចូលរួមដើម្បីសង្គមកាន់តែប្រសើរ»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងសកម្មភាពបរិស្ថាន នឹងនាំមកឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។



ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ក្នុងពិធីថា «ផ្អែកលើបរិបទនេះ ទាមទារឲ្យយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិចារណាគិតគូរឲ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុងរបស់យើង ដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកទស្សនា និងសម្រាកកំសាន្តនៅខេត្តព្រះសីហនុ»។ ឯកឧត្តមក៏បានបន្តទៀតថា «ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ»។


ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក៏បានថ្លែងក្នុងកម្មវិធីថា «យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង នៅធ្នេរក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើឲ្យឆ្នេរយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនមកលេងកំសាន្តនៅធ្នេរ ក៏ដូចជាដើម្បីកម្ពុជាត្រៀមខ្លួនទទួលរៀបចំបុណ្យសមុទ្រ និងធ្វើជាម្ចាស់ផ្ទះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ក្នុងខែធ្នូ ខាងមុខនេះ»។ ឯកឧត្តមបានបន្តទៀតថា «ការចូលរួមទាំងអស់គ្នា ទាំងវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ក្នុងការចូលរួមធ្វើឲ្យឆ្នេរស្អាត កម្ពុជាស្អាត»។


ក្រុមហ៊ុន ខេមប្រ៊ូវ បានបញ្ជាក់បន្ថែមទៀតថា ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយដៃគូពាក់ព័ន្ធ ក្រុមហ៊ុននឹងរៀបចំចលនាសម្អាតចំនួនពីរលើក ក្នុងឆ្នាំ២០២២នេះ ដែលលើកទី២ នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញក្នុងខែកញ្ញា ដើម្បីអបអរទិវាសម្អាតពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ខេមប្រ៊ូវ ប្ដេជ្ញាដឹកនាំ និងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ &ចីរភាព និងបន្ដចូលរួមចំណែកដើម្បីសង្គមកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក៕