Tuesday, November 26, 2024
Homeព័ត៌មានជាតិពេជ្រ សូលីកា សូមអង្វរកុំប៉ះទង្គិចផ្លូវចិត្ត ដ្បិតបែកប្តី មានបន្ទុកចិញ្ចឹមកូននិងប្អូនស្រី

ពេជ្រ សូលីកា សូមអង្វរកុំប៉ះទង្គិចផ្លូវចិត្ត ដ្បិតបែកប្តី មានបន្ទុកចិញ្ចឹមកូននិងប្អូនស្រី

ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា ក្រោយធ្លាយរឿងបែកបាក់ជាមួយស្វាមីមក នាងបានប្រកាសអង្វរដល់មហាជនទាំងឡាយ សូមកុំធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តរបស់នាងថែមទៀត ព្រោះគ្រប់យ៉ាងដែលនាងត្រូវធ្វើឥឡូវនេះ គឺដើម្បីចិញ្ចឹមប្អូនស្រីម្នាក់​ និងកូនប្រុសរបស់នាង ដោយនាងបញ្ជាក់ថា ការបែកបាក់មួយនេះ ទោះបីនាងមិនបង្ហាញថាយំ មិនមែនមានន័យថានាងមិនឈឺនោះទេ។

ពេជ្រ​ សូលីកា បានសរសេរក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម របស់នាងថា «ខ្ញុំមិនបង្ហាញថាខ្ញុំយំ មិនមែនមានន័យថា ខ្ញុំមិនឈឺទេ សូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ! គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ»។

គួររំលឹកថា ការបញ្ចេញសារអង្វរកររបស់តារាចម្រៀង ពេជ្រ សូលីកា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានព័ត៌មានបែកបាក់ជាមួយស្វាមី បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យ និងរួមរស់ជាមួយគ្នា បានកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់។

ព័ត៌មានលេចឮស្តីពីការប្រេះឆាស្នេហារបស់ពេជ្រ សូលីកា និងស្វាមីនោះ គឺលេចឡើងបន្ទាប់ពីលោកឃីម ហាន ជាស្វាមីរបស់ពេជ្រ សូលីកា បានបង្ហោះសារតាមបណ្តាញសង្គម អ៊ីស្តាក្រាម ប្រកាសពីការបែកបាក់ចំណងស្នេហារបស់ពួកគេ តែលោកបញ្ជាក់ថា ពួកលោក នៅតែរាប់អានគ្នាជាមិត្ត ហើយជាចុងក្រោយ លោកក៏បានជូនពរឱ្យពេជ្រ សូលីកា ជួបតែសេចក្តីសុខគ្រប់ប្រការ និងជាពិសេសបន្តជម្នះរាល់ឧបសគ្គក្នុងជីវិត។

លោកឃីម ហាន បានសរសេរក្នុងគណនីអ៊ីនស្តាក្រាម (Instagram) របស់លោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ប្រកាសពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្ដាយរបស់កូនប្រុស ព្រមទាំងជាមិត្តភក្តិល្អ។ លោកក៏សូមជូនពរឱ្យ ពេជ្រ សូលីកា រកឃើញសុភមង្គលក្នុងជីវិត សម្រេចនូវក្តីសុបិន និងជាពិសេសបន្តជម្នះរាល់ឧបសគ្គក្នុងជីវិត។

ជុំវិញដំណឹងការបែកបាក់ចំណងស្នេហ៍រវាងពេជ្រ សូលីកា និងស្វាមីនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឬការបញ្ជាក់ពីសាមីខ្លួនទាំងពីរនាក់ប្តីប្រពន្ធនេះបានទេ កាលពីម្សិលមិញ។ ប៉ុន្តែមិត្តភក្តិរបស់តារាស្រីពេជ្រ សូលីកា បានអះអាងថា ជាការពិត បន្ទាប់ពីមានការបញ្ជាក់ពីលោកឃីម ហាន តាមបណ្តាញសង្គម ក៏ដូចជាការបញ្ចេញសារថ្មីៗចុងក្រោយ របស់តារាចម្រៀងពេជ្រ សូលីកា។

ជាក់ស្តែងនៅថ្ងៃទី០៨ ខែកកក្កដា ឆ្នាំ២០២២ បន្ទាប់ពីមានការប្រកាសពីការបែកបាក់គ្នា ដោយអតីតស្វាមីនាង តាមបណ្តាញសង្គមរួចមក តារាចម្រៀងពេជ្រ សូលីកា បានសរសេរក្នុងគណនីអ៊ីនស្តាក្រាម របស់នាងថា «ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំ ឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហស កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបានចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលនឹងទង្វើរបស់ខ្លួនបានប្រឌិត កុំរៀនសម្ដែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់យល់ពីចិត្តគេ សំខាន់ជាងគេនោះ គឺភាពស្មោះត្រង់ មិនក្បត់ផិត និងការឱ្យតម្លៃមនុស្ស My son My everything»។

គួរបញ្ជាក់ថា ពេជ្រ សូលីកា និងស្វាមី លោកឃីម ហាន បានភ្ជាប់ពាក្យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយក្រោយមកក៏មានដំណឹងថា ពេជ្រ សូលីកា មានផ្ទៃពោះ ទាំងដែលពួកគេមិនទាន់បានធ្វើពិធីរៀបការនៅឡើយ។ ប៉ុន្តែគួរឲ្យស្តាយ ខណ:ដែលស្នេហារបស់ពួកគេបានទទួលចំណងដៃ កូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ បែរជាលេចឮដំណឹងនៃការប្រេះឆាគ្នាទៅវិញ៕

RELATED ARTICLES