ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងក្រុមហ៊ុន NNP បានចែករំលែកនូវបទពិសោធន៍ជីវិត របស់លោកស្រី ដែលរកស៊ីឆាប់មាន ក្លាយជាសេដ្ឋិនី ក្នុងអាយុត្រឹមតែជាង៣០ឆ្នាំ ។
លោកស្រី ទ្រី ដាណា ទ្រី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ថៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ថា «ថ្ងៃនេះចង់ចែករំលែកពីជីវិតអាជេបន្តិច! បងប្អូនមានឆ្ងល់ទេថា ហេតុអីបានខ្ញុំទើបតែអាយុ ៣០ជាង ហើយខ្ញុំអាចសល់លុយសល់កាក់ ល្មមអាចធ្វើឲ្យខ្ញុំរស់ស្រួលបាន ហើយមានបុគ្គលមិនតិចទេដែលចង់បានជីវិតដូចខ្ញុំ តែបងប្អូនមានដឹងទេថាជីវិតមួយនេះ វាហត់នឿយប៉ុនណា? ប៉ុន្តែខ្ញុំមិនបាននិយាយពីភាពហត់នឿយរបស់ខ្ញុំទេ. ខ្ញុំគ្រាន់តែចង់ជម្រាបជូនបងប្អូនមួយចំនួនដែលចង់បានជីវភាពធូរធារ និងចង់បានប្រាក់ចំណូលច្រើន បងប្អូនត្រូវធ្វើយ៉ាងម៉េចតែប៉ុណ្ណោះ។
ខ្ញុំកើតនៅឆ្នាំ ១៩៨៧ កាលពីក្មេង ខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្តធ្វើការងារផ្ទះទេ ខ្ញុំចូលចិត្តរកស៊ី តាំងតែពីតូចមក ហើយខ្ញុំក៏សុំម្ដាយរបស់ខ្ញុំតាមរហូត ហើយមើលពីការនិយាយស្ដីរបស់គាត់ទៅកាន់អតិថិជន។ ម្ដាយរបស់ខ្ញុំ ជាមនុស្សម្នាក់ដែលឯករាជ្យ មិនមានមិត្តភក្តិរញ៉េរញ៉ៃច្រើន រហូតមកដល់ខ្ញុំ ក៏មានចរិតបែបនោះដូចគ្នា។ រហូតមកដល់ឆ្នាំ២០០៤ ខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯង ពេលនោះខ្ញុំទើបតែអាយុ ១៧ឆ្នាំទេ ប៉ុន្តែបងប្អូនមិនដឹងទេថា ការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំនោះ គឺខ្ញុំខាត់បង់ខ្លាំងមែនទែន ដោយសារខ្ញុំមិនមានបទពិសោធន៍នៅក្នុងការរកស៊ី ចេះតែធ្វើតាមចិត្តចង់ និងគ្មានគោលដៅច្បាស់លាស់។ ខ្ញុំកាលនោះមានក្តីស្រមៃមួយថាខ្ញុំនឹងចង់ក្លាយទៅជាអ្នកជំនួញដ៏ឆ្នើមមួយរូប ទៅថ្ងៃអនាគត ខ្ញុំខំបន្តហើយបន្តទៀត ខ្ញុំនៅតែខាតបង់ រយៈពេល ៦ឆ្នាំ ដែលខ្ញុំរកគោលដៅមិនឃើញ ដោយសារខ្ញុំមិនមានភាពច្បាស់លាស់នៅក្នុងការធ្វើជំនួញ ចាប់មុខនេះបន្តិច ចាប់មុខនោះបន្តិច»។
លោកស្រី ទ្រី ដាណា សរសេរបន្តថា «បងប្អូនដឹងទេថា រយៈពេល ៦ឆ្នាំ តើខ្ញុំឆ្លងកាត់ជំនួញប៉ុន្មានមុខ(លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេម៉ូដ) រយៈពេល ៦ឆ្នាំ ដែលខ្ញុំបានឆ្លងកាត់អាជីវកម្មជាច្រើនដែលមិនទទួលបានភាពជោគជ័យ កត្តាដែលធ្វើឲ្យខ្ញុំមិនទទួលបានភាពជោគជ័យនោះ ដោយសារខ្ញុំនៅក្មេងពេក ហើយការគិតនិងការពិចារណា មិនបានដិតដល់ ហើយខ្ញុំចូលចិត្តងាកមើលនិងប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតអ្នកដទៃ ដោយសារពេលនោះ គឺខ្ញុំនៅក្មេងពេក។ បន្ទាប់មកទៀត ខ្ញុំតែងតែគិតថា តើការប្រៀបធៀបរបស់ខ្ញុំ បានអីមកខ្ញុំវិញ? ជីវិតរបស់ខ្ញុំ តាំងតែពីដឹងក្តីមក មិនដែលស្គាល់ពាក្យថាមិត្តភក្កិនិងដើរលេងអីទេ ដោយសារខ្ញុំគិតតែម្យ៉ាង ខ្ញុំចង់សម្រេចប្ដីសុបិនរបស់ខ្ញុំថា ខ្ញុំនឹងអាចក្លាយទៅជាអ្នកជំនួញមួយ ដល់ជោគជ័យទៅថ្ងៃក្រោយ។ ខ្ញុំនៅតែបន្តការស្រមៃនិងការអនុវត្តផ្ទាល់របស់ខ្ញុំបន្តទៀត ទោះជាខ្ញុំបរាជ័យមករយៈពេល ៦ឆ្នាំហើយក៏ដោយ ខ្ញុំមិនបោះបង់ ខ្ញុំមិនបាក់ទឹកចិត្ត ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង ហើយខ្ញុំតែងតែបន្តធ្វើវាជារៀងរហូត ជារៀងរាល់ថ្ងៃ។ ក្រោយមក ចាប់ពីឆ្នាំ២០១០ ខ្ញុំលែងប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ ខ្ញុំលែងខ្វល់នឹងរឿងអ្នកដទៃដែលគ្មានបានអ្វីមកខ្ញុំនោះ គឺខ្ញុំគិតតែពីរឿងរកស៊ីតែមួយមុខ ហើយនិងដើរទៅរកគោលដៅដែលខ្ញុំបានកំណត់ ចាប់តាំងពីពេលនោះ មកការរកស៊ីរបស់ខ្ញុំរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្ដើមពីការលក់ខោអាវក្រោមឆត្រ នៅចុងឆ្នាំ២០១០ នៅតាមរោងចក្រ។ការរីកចម្រើនរបស់ខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យខ្ញុំចេះស្គាល់ពីគោលដៅច្បាស់ ដោយដឹងថាការមិនខ្វល់ពីអ្នកដទៃ ការមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ធ្វើឲ្យអារម្មណ៍របស់យើងមូល ធ្វើឲ្យអារម្មណ៍របស់យើងគិតតែពីគោលដៅនិងការគិតខំប្រឹងប្រែងចំគោលដៅ»។
លោកស្រី ទ្រី ដាណា សរសេបន្តថា «ចាប់តាំងពីពេលនោះមក ភាពរីកចម្រើនរបស់ខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃ លក់បែបនោះ រយៈពេលមួយឆ្នាំ ខ្ញុំមានដើមទុនល្មមគួរសម ខ្ញុំក៏បន្ថែមនូវមុខរបរបន្តលក់ ទៅលក់គ្រឿងក្រអូប។ ខ្ញុំលក់ចាប់តាំងពីឆ្នាំ២០១១ ហើយខ្ញុំដឹងច្បាស់ពីការដែលយើងមានគោលដៅច្បាស់លាស់ យើងដើរទៅរកគោលដៅ ដោយមិនខ្វល់ពីអ្នកដទៃ ដោយមិនខ្វល់ពីរឿងរបស់អ្នកដទៃ ស្គាល់ខ្លួនឯងច្បាស់។ ពេលនោះ ខ្ញុំចាប់ផ្ដើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតខ្ញុំក្លាយទៅជាដេប៉ូបោះដុំធំមួយ ដែលមានបុគ្គលិកជិត ៣០នាក់ ជួយលក់ ហើយខ្ញុំបន្ទាប់មកទៀត ក្នុងឆ្នាំ២០១៥ ខ្ញុំក៏មានធនធានគួរសម អាចល្មមចុះចំណោមគេបាន មានផ្ទះ មានឡានទំនើបជិះ និងមានលុយកាក់សមរម្យ ដែលមនុស្សម្នាជាច្រើនរាប់រកខ្ញុំច្រើនណាស់។ ខ្ញុំនៅតែបន្តបន្ថែមខំប្រឹងទៀតដើម្បីសម្រេចគោលដៅធំ។ បន្ទាប់មក ឆ្នាំ២០១៧ ខ្ញុំក៏សម្រេចបើកក្រុមហ៊ុនមួយ ដែលបងប្អូនធ្លាប់ឃើញគឺ nnp នោះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងការបើកប្រេន និងក្រុមហ៊ុនរបស់ខ្ញុំនោះ ខ្ញុំក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ រហូតដល់ខ្ញុំសម្រេចក្តីស្រមៃមួយទៀត គឺខ្ញុំបើកហាងមាសពេជ្រ រហូតដល់សព្វថ្ងៃនេះ»។
លោកស្រី ទ្រី ដាណា សរសេរបន្តទៀតថា «សរុបរួមឲ្យខ្លីមក បងប្អូនដឹងទេថា ជីវិតរបស់ខ្ញុំគឺមិនបានខ្វាយខ្វល់រឿងអ្នកណាម្នាក់ដែលធ្វើឲ្យខ្ញុំឈឺក្បាលឡើយ គឺខ្ញុំដឹងតែមួយមុខគត់ គឺខំប្រឹងដើម្បីគោលដៅរបស់ខ្ញុំ។ ទទួលស្គាល់ថា មនុស្សមិនតិចនាក់ទេដែលចង់បានជីវិតដូចខ្ញុំ ប៉ុន្តែបងប្អូនត្រូវដឹងថា គ្រប់យ៉ាងវាមិនមែនបានមកដោយស្រួលទេ ទាល់តែយើងបើកចិត្តឱ្យទូលាយហើយនិងសាងអំពើល្អឲ្យបានច្រើន ផ្សំនឹងភាពវៃយឆ្លាតរបស់យើងផងនោះ រួមទាំងការអនុវត្តផ្ទាល់ប្រចាំថ្ងៃនេះ យើងនឹងសម្រេចបានសេចក្តីស្រមៃរបស់យើងមិនខាន។ សរសេរយូរ ចុកដៃណាស់ ចាំមានពេល ឡាយនិយាយប្រាប់តែម្ដង។ សារចុងក្រោយនេះ គឺចង់ឲ្យបងប្អូនទាំងអស់គ្នា កុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយជីវិតរបស់អ្នកដទៃ តស៊ូឡើង»៕