ភ្នំពេញ ៖ លោកសុះ ម៉ាច តារាចម្រៀងល្បីឈ្មោះ បានជួបលោកសាន ផានិត ដែលជាមិត្តរួមអាជីព ដោយចៃដន្យ ក្នុងពេលដែលលោកបាននាំម្តាយនិងម្តាយមីង ចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ស្រាប់តែជួបលោកសាន ផានិត ចូលសង្គ្រោះបន្ទាន់ វះកាត់ក្រៀន និងដាក់រ៉ឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយនិងមីងរបស់លោកដែរ។
លោកសុះ ម៉ាច បានបង្ហោះរូបភាពនិងសំណេរ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ល្ងាចនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ថា «ហ៊ឺ ! ចៃដន្យម៉្លេះ ! ថ្ងៃនេះលោកសាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀន ដាក់រ៉ឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយនិងមីងរបស់ខ្ញុំដែរ។ តែលោកសំណាងល្អ ផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយ រួមទាំងមីងខ្ញុំឆាប់ជាសះស្បើយ និងសំណាងល្អទាំងអស់គ្នា»។
លោកសុះ ម៉ាច ឲ្យដឹងថា ពេលនេះលោកកំពុងស្ថិតក្នុងស្ថានការណ៍ដ៏ពិបាកនឹងទទួលយកនៅពេលដែលមិនបានត្រៀមខ្លួនជាមុន ជាពិសេសស្ថានភាពក្រោយកូវីដ ដោយអ្នកម្តាយរបស់លោក ត្រូវចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ឯម្តាយមីងដែលត្រូវជាប្ពូនស្រីបង្កើតរបស់ឪពុកលោក ក៏ត្រូវសង្គ្រោះបន្ទាន់ ក្នុងបន្ទប់តែមួយជាមួយគ្នា ហើយចៃដន្យ ជួបមិត្ត សាន ផានិត ចូលសង្គ្រោះបន្ទាន់ សម្រាកក្នុងបន្ទប់ជាមួយគ្នាទៀត។
លោកសុះ ម៉ាច បានថ្លែងថា «ស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ពិបាកនឹងទទួលយកនៅពេលដែលមិនបានត្រៀមខ្លួនជាមុន ជាពិសេសស្ថានភាពក្រោយកូវីដ។ ថ្ងៃនេះ អ្នកម្តាយចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខ្មែរ-សូវៀត ខណ:ដែលម្តាយមីង (ប្អូនឪពុកខ្ញុំបង្កើត) ក៏សង្គ្រោះបន្ទាន់ក្នុងបន្ទប់តែមួយជាមួយគ្នាបែបនេះ។ មានតែបន់ព្រះ សំពះទេវតា ទាំងព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនា និងសូមឲ្យបុណ្យកុសលដែលខ្ញុំបានសាង ជួយដល់អ្នកម្តាយនិងម្តាយមីង ឲ្យលោកទាំងពីរ ឆាប់ជាសះស្បើយពីរោគានេះផង។ ហ៊ឺ ! ទុក្ខជាន់លើទុក្ខហើយខ្ញុំមិនដឹងគិតយ៉ាងណាទេ!»។
គួរបញ្ជាក់ថា លោកសុះ ម៉ាច កូនប្រុសបង្កើតរបស់អតីតតារាចម្រៀងជំនាន់ចាស់ សុះ ម៉ាត់ ជាតារាចម្រៀងល្បីមួយរូប ដែលសព្វថ្ងៃលោកនៅតែបន្តអាជីពនេះ បន្ថែមលើការប្រកបអាជីវកម្ម បើកភោជនីយដ្ឋាន «សំនៀងមាស» ។ ចំណែកលោកសាន ផានិត ជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលល្បីខ្លាំង បទចម្រៀង «ទូរស័ព្ទប្រាប់ផង» និងចូលចិត្តស្ទីលក្បាលត្រងោលនោះ គឺជាតារាចម្រៀងរួមជំនាន់ជាមួយលោកសុះ ម៉ាច ផងដែរ តែមួយរយ:ចុងក្រោយនេះ ពួកគេមិនសូវបានជួបគ្នាទេ ដោយសារការងារ និងរបររកស៊ីមមាញឹកផ្សេងៗគ្នា ស្រាប់តែបានជួបគ្នាយ៉ាងមិននឹកស្មានដល់ នៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យរុស្ស៉ី ដែលលោកសុះ ម៉ាច ចាត់ទុកជារឿងចៃដន្យបំផុតមួយ ខណ:ដែលលោកនាំម្តាយនិងម្តាយមីង ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែមួយ៕ ខៀវទុំ