Thursday, November 28, 2024
Homeព័ត៌មានជាតិអ្នកម៉ៅការសំណង់ ប្តឹងចាប់អគ្គនាយកក្រុមហ៊ុន

អ្នកម៉ៅការសំណង់ ប្តឹងចាប់អគ្គនាយកក្រុមហ៊ុន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានធ្វើការ ឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការ ដោយអនុវត្តតាមដីកា បញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ស៊ីដាច់ប្រាក់ជាង ១៣ម៉ឺនដុល្លារ ថ្លៃម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រសើ ប៉ាត់តារី អាយុ៣៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ រកស៊ីទិញ-លក់ដី និងសាងសង់លំនៅឋាន មានលំនៅភូមិ១ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ការចាប់ខ្លួនអគ្គនាយកក្រុមហ៊ុននេះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ១ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអតិថិជនឈ្មោះម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារ ពីឈ្មោះប្រសើ ប៉ាត់តារី អគ្គនាយកក្រុមហ៊ុន ប៉ាត តារី ដែលមានទីតាំងស្ថិតនៅផ្សារបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១លានដុល្លារ។

ក្រោយពីធ្វើកិច្ចសន្យារួចហើយ ឈ្មោះម៉ាន់ យូស៊ុល បានកុម៉ង់ទិញសម្ភារៈសំណង់ ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួន អស់ចំនួន ១២៥ ៣៦៩ដុល្លារ និងប្រាក់ទិញឧបករណ៍ផ្សេងៗចំនួន ៧៥០០ដុល្លារទៀត ។ បន្ទាប់មកឈ្មោះម៉ាន់ យូស៊ុល ចាប់ផ្តើមសាងសង់ផ្ទះល្វែង បានមួយរយៈ ស្រាប់តែឈ្មោះប្រសើ បាត់តារី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយក៏បានឱ្យឈ្មោះម៉ាន់ យូស៊ុល ផ្អាកការសាងសង់ ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូទាត់ប្រាក់ដែលយូស៊ុល ចំណាយអស់ប៉ុន្មាន ឱ្យគ្រប់ចំនួនវិញ។

ប៉ុន្តែជាក់ស្តែង រហូតមកដល់ពេលនេះ ឈ្មោះប្រសើ ប៉ាត់តារី មិនបានទូទាត់ប្រាក់នោះឱ្យទៅឈ្មោះម៉ាន់ យូស៊ុល ដែលជាជនរងគ្រោះទេ ទើបឈ្មោះម៉ាន់ យូស៊ុល ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ប៉ាត់តារី នាំទៅអនុវត្តតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES