Thursday, November 28, 2024
Homeព័ត៌មានជាតិដើររកពស់ ស្លាប់ក្នុងទឹក

ដើររកពស់ ស្លាប់ក្នុងទឹក

ខេត្តត្បូងឃ្មុំ ៖ បុរសជាជាងសំណង់ម្នាក់ ក្រោយពីចប់ម៉ោងការងារ ក៏ជួបជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិរួមការងារ​រហូតដល់​ស្រវឹងធ្លាក់ភ្នែក ក៏បានក្រោកដើរចេញពីវង់ផឹក ដោយប្រាប់គេឯងថា ចេញទៅរកកាប់ពស់ថ្លាន់ នៅតំបន់ទួលប្រវត្តិសាស្ត្រ​ទុំទាវ ស្រាប់តែបាត់យូរពេក មិត្តភក្តិចេញទៅតាមរក ប្រទះឃើញជនរងគ្រោះស្លាប់ផ្កាប់មុខនៅក្នុងទឹកប្រឡាយ ជម្រៅ ២ម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីក្បាលព្រលប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចប្រឡាយតំបន់ទួលប្រវត្តិសាស្ត្រ ទុំទាវ ស្ថិតក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។

បុរសរងគ្រោះ មានឈ្មោះឌុក សាវិន អាយុ៤៩ឆ្នាំ  មុខរបរជាកម្មករសំណង់ ធ្វើរបងនៅទីទួលប្រវត្តិសាស្ត្រទុំទាវ ស្ថិតក្នុងភូមិកើតហេតុខាងលើ និងមានលំនៅ ភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

តាមការបំភ្លឺរបស់បុរសជាជាងសំណង់ ធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពេលចប់ម៉ោងការងារ ពួកគាត់បានជួបជុំគ្នា ៥នាក់ អង្គុយផឹកស្រា រហូតដល់ម៉ោងជាង ៦ព្រលប់ ជរងគ្រោះឈប់ផឹក ហើយប្រាប់ពួកគាត់ថា ចេញទៅរកកាប់ សត្វពស់ នៅក្បែរនោះ ឮបែបនេះ អ្នកក្នុងវង់ បានឃាត់ដែរ តែជនរងគ្រោះមិនស្តាប់ រួចក៏ចេញទៅបាត់។

ប្រភពដដែល បន្តថា ក្រោយមក ដោយចាំបាត់ៗប្រហែលជិត ១ម៉ោងទៅហើយ នៅតែមិនឃើញជនរងគ្រោះត្រឡប់មកវិញ ទើបពួកគាត់នឹកឆ្ងល់ រួចក៏នាំគ្នាចេញទៅតាមរក ស្រាប់តែទៅដល់ត្រង់ចំណុចកើតហេតុ ប្រទះឃើញជនរងគ្រោះអណ្តែតទឹកប្រឡាយ ជម្រៅជិត២ម៉ែត្រ ក៏នាំគ្នាចុះទៅស្រង់មកដាក់លើគោក តែអកុសលជនរងគ្រោះបានស្លាប់បាត់ហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES