រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅ នោះទេ

តាកែវ៖រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅ តំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជា ពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមាន ការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ តាមរយៈ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូត លាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយ ដែល នៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ រដ្ឋបាលព្រៃឈើ បន្ថែមថាការ អភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការ អភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អ ឧទ្យានសួនសត្វ ភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនស្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។

រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯក ជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពោះ ការដោះដូរ យ៉ាងត្រឹមត្រូវ។ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។

សត្វព្រៃដេលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិ ភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ។ រដ្ឋបាលព្រៃឈើ លើកឡើង ទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃ ដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃ ដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយ រដ្ឋបាលព្រៃឈើ និងអង្គការនានា៕