ខេត្តសៀមរាប ៖ យុវជនម្នាក់ បានលួចលាក់ទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ រហូតដល់ណាត់គ្នារួមភេទជាញឹកញាប់ លុះក្រោយពីស្គាល់ប្រាណខាងស្រីបាន ២ខែ ក៏បែកធ្លាយរឿងរ៉ាវដឹងដល់ម្តាយ ហៅខាងប្រុសឱ្យចូលដោះស្រាយ ទទួលខុសត្រូវ ស្រាប់តែខាងប្រុសចេះតែមានលេសដោះសា ម្តងចាំខែនេះ ម្តងខែនោះ រកប្រាកដប្រជាមិនឃើញ ទើបធ្វើឱ្យស្ត្រីជាម្តាយខាងស្រី ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ការចាប់ខ្លួនយុវជនជាអ្នកទោសស្នេហានេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល វិសាល ហៅសាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យ.រ.ស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ គឺជាគូសង្សារ ដោយអ្នកទាំងពីរ បានលួចលាក់ទាក់ទងស្នេហាជាមួយគ្នា មួយរយៈមកហើយ រហូតដល់អំឡុងខែឧសភា ឆ្នាំ២០២២ អ្នកទាំងពីរ ចាប់ផ្តើមជ្រុលជ្រួស ណាត់ជួបគ្នារួមភេទជាញឹក ញាប់ លុះលើកចុងក្រោយបង្អស់ ពួកគេបានរួមភេជាមួយគ្នា នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល របស់ជនសង្ស័យ ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ឃើញកូនស្រីហាក់មានសភាពប្លែកៗ ក៏ហៅកូនស្រីមកឈ្លេចសួរ ទើបដឹងរឿង។ បន្ទាប់មក ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដោយសារមិនចង់ឱ្យបែកធ្លាយរឿងរ៉ាវ នាំឱ្យមាន បញ្ហាវែងឆ្ងាយ ណាមួយឃើញពួកគេទាំង២នាក់ ស្រលាញ់គ្នាផង ទើបហៅខាងប្រុស ឱ្យមកជួប ដើម្បីឱ្យទទួលខុសត្រូវ រកលុយចូលស្តីដណ្តឹងកូនស្រីរបស់គាត់ យកគ្នាជាប្តីប្រពន្ធទៅ។ ពេលនោះ ខាងប្រុសក៏បានយល់ព្រម ប៉ុន្តែប្រាប់ថា នៅមិនទាន់មានលទ្ធភាព ពោលគឺនៅមិនទាន់មានលុយនៅឡើយ ទើបខាងស្រី ទុកពេលវេលាឱ្យមួយរយៈដែរ ប៉ុន្តែក្រោយមក ដោយសារតែម្តាយរបស់ក្មេងស្រីរងគ្រោះ សង្ស័យថា ខាងប្រុស មានបំណងចង់ដោះដៃ មិនចង់ទទួលខុសត្រូវ ចេះតែរកលេសជាប់ជានិច្ច ម្តងថាចាំខែនេះ ម្តងចាំខែនោះ ទីបំផុតម្តាយខាងស្រី ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះភ្លាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕