ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ បានធ្វើសកម្មភាពចាប់រំលោភក្មួយ ស្រីសាច់ថ្លៃ (ក្មួយបង្កើតរបស់ប្រពន្ធ) ដែលស្ថិតក្នុងវ័យជាអនីតិជន ជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន ៣លើក ទីបំផុតរឿងរ៉ាវបែកធ្លាយ ដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាមនេះ នាំយកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈ ពូចាប់រំលោភក្មួយស្រី ជាអនីតិជននេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង។ លុះមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីម្តាយរបស់ក្មេងស្រីរងគ្រោះដាក់ពាក្យប្តឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរភ្លាមៗ។
ជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភក្មួយស្រីសាច់ថ្លៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះយិន វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ត.ស.ម អាយុ១២ឆ្នាំ មុខរបរជាសិស្ស ថ្នាក់ទី៦ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងត្រូវជាក្មួយបង្កើតរបស់ប្រពន្ធជនសង្ស័យ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះយិន វុទ្ធី ដែលត្រូវជាប្អូនថ្លៃរបស់ខ្លួន ថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់គាត់ ដែលជាអនីតិជន រហូតដល់បានសម្រេច។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលព័ត៌មាន និងពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះភ្លាម លោកអធិការនគរ បាលស្រុក បានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលលំទង ធ្វើស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះយិន វុទ្ធី យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រងគ្រោះ ដូចអ្វីដែលម្តាយក្មេងស្រីប្តឹងចោទប្រកាន់មែន ដោយខ្លួនធ្លាប់បានប្រព្រឹត្តសកម្មភាពបែបនេះ (ចាប់រំលោភក្មេងស្រីរងគ្រោះ) បានសម្រេចសរុបចំនួន ៣ដងមកហើយ នៅរាល់ពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនគរបាលស្រុកអន្លង់វែង ធ្វើកំណត់ហេតុ កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប៊ុនថេត