Saturday, April 27, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត បាញ់សម្លាប់ខ្លួន

បុរសខូចចិត្ត បាញ់សម្លាប់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយស្លាប់ ជាប់នឹងគល់ដើមស្ងាវ ដោយមានស្នាម ឈាមក្រហមច្រាលពេញដីខ្សាច់ ត្រង់ចំណុចឆ្នេរអូរឈើទាល និងថែមទាំងមានកាំភ្លើងខ្លី ១ដើម នៅក្រោមជើង របស់ខ្លួនទៀតផង។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតនៅក្រុម១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា សពស្លាប់ដោយមានស្នាមគ្រាប់កាំភ្លើង ត្រូវចំសៀតផ្កា ដោយនៅលើដីខ្សាច់ មានស្នាមឈាមកកដុំៗ ក្រហមច្រាល។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីនេះ បើតាមការសន្និដ្ឋានបឋម គឺបុរសរងគ្រោះ អាចធ្វើអត្តឃាត បាញ់សម្លាប់ខ្លួន។ សភាពសពជនរងគ្រោះ អង្គុយផ្អែកគល់ដើមស្ងាវ ស្លាប់រឹងក្រញង់ និងមានអាវុធខ្លី ១ដើម នៅក្រោមភ្លៅ។

សពជនរងគ្រោះ មានឈ្មោះ SU XIANG  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EH4725788 ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញអាវុធខ្លី ១ដើម ម៉ាក CF98  គ្រាប់៨គ្រាប់។ សំបកគ្រាប់ ចំនួន១គ្រាប់។ កាបូបស្ពាយ១ ស្បោងថង់អាហាក្រៀម និងដបស្រា ១ដប។

សព ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើកោសល្យវិច័យ មុននឹងប្រគល់ឱ្យសាច់ញាតិ ដើម្បីចាត់ចែងបន្ត។

ជុំវិញករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថក្រុង កំពុងសហការជាមួយកម្លាំងអធិការ និងជំនាញស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្ត៕

RELATED ARTICLES