Friday, March 29, 2024
Homeព័ត៌មានជាតិខឹងជិះម៉ូតូវ៉ា ៣ព្រួតកាប់១ស្លាប់

ខឹងជិះម៉ូតូវ៉ា ៣ព្រួតកាប់១ស្លាប់

ខេត្តក្រចេះ ៖ ជនសង្ស័យ ៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្ស ដែលប្រព្រឹត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបានហើយ និងឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ សរុប ៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្នំព្រិច ស្ថិតក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល។ រហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ជាឃាតករបានចំនួន ៣នាក់ នាំយកសាកសួរ។

ជនសង្ស័យជាឃាតករទាំង ៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស្រី កទៀត អាយុ២១ឆ្នាំ មុខរបរធ្វើចម្ការ។ ទី២-ឈ្មោះឡុង ឧត្តម ហៅដំ អាយុ២៣ឆ្នាំ មុខរបរធ្វើចម្ការ និងទី៣-ឈ្មោះសំ រិទ្ឋី ហៅធីក្រញាញ់ អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ។ ជនសង្ស័យទាំង៣នាក់ មានលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។ ចំណែកជនរងគ្រោះ ដែលត្រូវជនដៃដល់ព្រួតកាប់ស្លាប់ មានឈ្មោះឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងខេត្តក្រចេះ។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ប្រាប់ថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ ស្នងការខេត្តក្រចេះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់ ៣នាក់ជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករទាំង ៣នាក់ បានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ពួកគេពិតជាបានធ្វើសកម្មភាពព្រួតកាប់ប្រហារទៅលើ ជនរងគ្រោះឈ្មោះឌាន ដា បណ្តាលឱ្យស្លាប់ប្រាកដមែន។ មូលហេតុផ្តើមចេញពីទំនាស់រឿងជិះម៉ូតូវ៉ាគ្នា។

ជនសង្ស័យដៃដល់ទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES