Thursday, November 28, 2024
Homeព័ត៌មានជាតិសឿ សុធារ៉ា ថាប្រឹងជេរសម រង្ស៉ី ជីវិតប្តីប្រពន្ធរលាយដូចសម រង្ស៉ី

សឿ សុធារ៉ា ថាប្រឹងជេរសម រង្ស៉ី ជីវិតប្តីប្រពន្ធរលាយដូចសម រង្ស៉ី

ភ្នំពេញ ៖ តារាសម្តែងល្បី អ្នកនាងសឿ សុធារ៉ា បានទម្លាយរឿងទុក្ខសោកក្នុងចិត្តថា កាលពី ៩ឆ្នាំ កន្លងទៅ បងប្អូនខ្មែរស្ទើរពេញមួយផែនដីនេះ នរណាក៏ដឹងច្បាស់ដែរថា ប្តីប្រពន្ធនាង (សាពូន មីដាដា-សឿ សុធារ៉ា) បានខំប្រឹងវាយប្រហារសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដោយពាក្យសម្តី តាមរយៈប្រព័ន្ធហ្វេសបុក ទាំងយប់ទាំងថ្ងៃ ក្នុងបំណងចង់ឲ្យខ្មែរ រួបរួមគ្នាតែមួយ ហើយកុំឲ្យមានការរើសអើងគ្នាបន្តទៀត តែពេលនោះបងប្អូនខ្មែរមួយចំនួន មិនយល់បំណងពួកនាងឡើយ ដោយពួកគាត់បានជេរប្រមាថ ដាក់បណ្តាសាពួកនាង ដោយទាំងឪពុកម្តាយ និងជីដូនជីតាពួកនាងទៀត ទៅតាមអារម្មណ៍ពួកគាត់ ហើយតាំងពីខ្មែរ ទទួលនូវពាក្យថា “សន្តិភាព ឬសម រង្ស៉ី​ រលាយមក” តើហេតុផលអ្វី បានជាប្តីប្រពន្ធនាង ត្រូវរលាយដែរ?

អ្នកនាងសឿ សុធារ៉ា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ថា  “នាងខ្ញុំចងចាំច្បាស់ណាស់ថា កាលក្នុងអំឡុងឆ្នាំ២០១៣ គឺកន្លងមកអស់ ៩ឆ្នាំមកហើយ បងប្អូនខ្មែរស្ទើរពេញមួយផែនដីនេះ នរណាៗក៏គាត់ដឹងច្បាស់ដែលថា ប្តីប្រពន្ធខ្ញុំ “សាពូន មីដាដា សឿ សុធារ៉ា” បានខំប្រឹងវាយប្រហារសម រង្ស៉ី ដោយពាក្យសំដី តាមរយៈប្រព័ន្ធហ្វេសបុកនេះ ទាំងយប់ទាំងថ្ងៃៗ ក្នុងបំណងចង់ឲ្យខ្មែររួបរួមគ្នាតែមួយ ហើយកុំឲ្យមានការរើសអើងគ្នាបន្តទៀត។ ពេលនោះ បងប្អូនខ្មែរមួយចំនួន គាត់មិនយល់បំណងពួកខ្ញុំឡើយ គាត់បានជេរប្រមាថ ដាក់បណ្តាសាពួកខ្ញុំ ដោយទាំងឪពុកម្តាយខ្ញុំ និងជីដូនជីតាពួកខ្ញុំ ទៅតាមអារម្មណ៍ពួកគាត់។ តាំងពីខ្មែរ ទទួលនូវពាក្យថា “សន្តិភាព ឬសម រង្ស៉ី រលាយមក” តើហេតុផលអ្វី ប្តីប្រពន្ធខ្ញុំនេះ ក៏បានជាត្រូវរលាយដែរ?»។

អ្នកនាងសឿ សុធារ៉ា សរសេរបន្តថា «នាងខ្ញុំមិនយល់ស្រប ព្រោះមិនស័ក្តិសម ឬហៅបានថា មិនសមរម្យសោះ សម្រាប់ការលះបង់កិត្តិយសផ្ទាល់ខ្លួនរបស់ពួកខ្ញុំ ដែលខំប្រឹងសាងយ៉ាងវេទនា ឬពេលវេលាជាមាសប្រាក់របស់ប្តីប្រពន្ធនាងខ្ញុំ ដោយទៅទាំងកិត្តិយស មុខមាត់ឪពុកម្តាយរបស់ពួកខ្ញុំ ទៅប្តូរដោយចិត្តស្មោះត្រង់នឹងជាតិ។ ពួកខ្ញុំស្លូតត្រង់ទេ ជាមនុស្សចង់រស់នៅសាមញ្ញធម្មតា ប៉ុន្តែផ្ទះដែលជាកម្លាំងញើសឈាមរបស់ម៉ែពុកនាងខ្ញុំ ដែលពួកខ្ញុំយកទៅលក់ទាំងទឹកភ្នែក ពេញមួយគ្រួសារនោះ ដើម្បីប្តូរយកលុយ មកទប់ទល់ដើម្បីឲ្យមានឥទ្ធិពលបន្តវាយប្រហារសម រង្ស៉ី បន្តទៀតនោះ។

នាងខ្ញុំសូមលុតជង្គង់ពីចម្ងាយ សូមអង្វរដល់សម្តេចពុក និងសម្តេចម៉ែ សូមមេត្តាផ្តល់លទ្ធភាពឲ្យនាងខ្ញុំបានយកផ្ទះម៉ែពុករបស់នាងខ្ញុំ ប្រគល់ឲ្យគាត់វិញ ព្រោះប្រទេសមានសុខសន្តិភាពហើយ ហើយនាងខ្ញុំសូមជូនពរក្រុមគ្រួសារលោកទាំងទ្វេ ឲ្យមានសុភមង្គល កុំឲ្យអភ័ព្វដូចក្រុមគ្រួសារនាងខ្ញុំ។

នាងខ្ញុំសូមឲ្យបំណងរបស់លោកទាំងទ្វេ បានដូចក្តីប្រាថ្នា (ភាពជាមេដឹកនាំ គុណធម៌ សច្ចៈភាពមេត្តា ធម៌សប្បុរសធម៌ សុជីវធម៌) ដោយការអាណិត ស្រលាញ់ គោរព ស្មោះត្រង់ជាទីបំផុត”។

ជុំវិញសំណេរតាមបណ្តាញសង្គម របស់អ្នកនាងសឿ សុធារ៉ា ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាងបានទេ កាលពីម្សិលមិញ។ ចំណែកលោកសាពូន មីដាដា ក៏មិនអាចសុំយោបល់បានដែរ នៅថ្ងៃដដែលនោះ៕

RELATED ARTICLES